លោក ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ កាលពីម្សិលមិញថា ប្រទេសកម្ពុជាបានយល់ព្រមបញ្ជូនអ្នកសង្កេតការណ៍ តាមការស្នើសុំពីសំណាក់ប្រទេសភូមា ដើម្បីត្រួតពិនិត្យមើលដំណើរការបោះឆ្នាត ជាប្រវត្តិសាស្រ្ត របស់ភូមានៅខែមេសាខាងមុខនេះ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងលោក ថេនសេន ប្រធានាធិបតីភូមាថាលោក ថេនសេន បានសន្យាថារដ្ឋាភិបាលរបស់លោកដែលគាំទ្រដោយយោធានឹងរៀបចំការបោះឆ្នោតប្រកបដោយតម្លាភាព។
ប្រទេសភូមាបានអញ្ជើញប្រទេសជាសមាជិកអាស៊ាន ជិតខាងរបស់ខ្លួន និងប្រទេសដទៃទៀត ឲ្យចូលរួមសង្កេតការណ៍បោះឆ្នោតរបស់ខ្លួន នៅក្នុងខែមេសា ដែលត្រូវបានប្រកួតប្រជែងជាលើកដំបូង ជាមួយនឹងលោកស្រីអ៊ុង សានស៊ូជីដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព មកពីគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ចាប់តាំងពីឆ្នាំ១៩៩០មក។គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យបានឈ្នះឆ្នោត កាលពីការបោះឆ្នោតលើកមុនប៉ុន្តែមេដឹកនាំយោធាបានច្រានចោលនូវលទ្ធផលបោះឆ្នោតនោះ។
ចាប់តាំងពីចូលកាន់អំណាចតាមការបោះឆ្នោតមួយ ដែលគេចាត់ទុកថា ជាការបោះឆ្នោតបែបលេងសើចនៅឆ្នាំ២០១០រដ្ឋាភិបាលរបស់លោក ថេន សេន បានចាប់ផ្តើមធ្វើកំណែទម្រង់ដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ដូចជាការលុបចោលពីការឃុំឃាំងលោកស្រីស៊ូជីនៅក្នុងផ្ទះ ការដោះលែងអ្នកទោសនយោបាយរាប់រយនាក់និងការបន្ធូរបន្ថយនូវការរឹតបន្តឹងខាងសេរីភាពសារព័ត៌មាន។គេយល់ឃើញថាការបោះឆ្នោតនៅខែក្រោយនេះ គឺជាការសាកល្បងបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលភូមា ក្នុងការធ្វើកំណែទម្រង់ជាច្រើន ដើម្បីឲ្យទទួលបានការលុបចោលទណ្ឌកម្មផ្នែកសេដ្ឋកិច្ច។
លោក ខៀវកាញារីទ្ធ បានមានប្រសាសន៍ថា“ប្រធានាធិបតីភូមាបានធានាថាលោកនឹងព្យាយាមធ្វើឲ្យការបោះឆ្នោតមានតម្លាភាពនិងអាចទទួលយកបាន។នេះគឺជាហេតុផល ដែលលោកចង់ឲ្យមានអ្នកសង្កេតការណ៍បោះឆ្នោត”។
កាលពីថ្ងៃច័ន្ទ សមាគមអាស៊ាន បានអះអាងថាប្រទេសភូមាបានអញ្ជើញរដ្ឋជាសមាជិកឲ្យបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនទៅចូលរួមត្រួតពិនិត្យការបោះឆ្នោត។
កាលពីម្សិលមិញ លោក ខៀវកាញារីទ្ធ បានបន្ថែមថា ប្រធានាធិបតីភូមាបានសម្រេចចិត្តមួយជំហានទៀត។ក្រៅពីមានអ្នកសង្កេតការណ៍មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន លោក ខៀវ កាញារីទ្ធ លើកឡើងថា លោក ថេនសេន ក៏បានអញ្ជើញ “ប្រទេសផ្សេងៗទៀតដែរដូចជាប្រទេសចិន ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលីនូវែលសេឡង់ និងឥណ្ឌាឲ្យបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន សម្រាប់ត្រួតពិនិត្យក្នុងអំឡុងពេលបោះឆ្នោតនៅភូមា”។
លោក ខៀវ កាញារីទ្្ធបានឲ្យដឹងទៀតថាប្រទេសកម្ពុជានឹងបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនទៅភូមា ប៉ុន្តែមិនទាន់សម្រេចថា តើត្រូវបញ្ជូននរណានោះទេ។ប្រទេសកម្ពុជាបានតវ៉ាម្តងហើយម្តងទៀត ប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចប្រឆាំងនឹងប្រទេសភូមា ហើយលោកថេន សេន បានយកឱកាសនេះអរគុណចំពោះការគាំទ្ររបស់លោក ហ៊ុនសែន។
លោក ខៀវកាញារីទ្ធ បានថ្លែងថា “លោកបានអរគុណប្រទេសកម្ពុជាដែលបានគាំទ្រប្រទេសភូមាទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ”។ លោក ខៀវកាញារីទ្ធបានមានប្រសាសន៍ថាលោក ហ៊ុន សែន និងលោក ថេន សេន ក៏បានពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងខាងពាណិជ្ជកម្ម និងទេសចរណ៍ ព្រមទាំងពិភាក្សាអំពីការបង្កើតសមាគមនាំអង្ករចេញថែមទៀតផងដែរ។លោក ថេន សេន បានកំណត់ពេលចាកចេញពីប្រទេសកម្ពុជានៅថ្ងៃនេះ៕
ប្រែសម្រួលដោយ ហួង កុកទៀន