33.2 C
Phnom Penh

អង្គការ​សិទ្ធិមនុស្សៈ រដ្ឋាភិបាល​មិន​បាន​ឆ្លើយ​តប​ចំពោះអនុសាសន៍ដែល​បាន​លើក​ឡើង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សិទ្ធិមនុស្ស​មួយ​បាន​លើក​ឡើង​កាលពីម្សិល​មិញថារយៈពេល​ពីរឆ្នាំ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សន្យា​ថា​ នឹងធានា​ឲ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញមតិដោះ​ស្រាយ​ការ​​​​បណ្តេញចេញ​ទាំង​បង្ខំនិង​ដោះ​ស្រាយ​បញ្ហា​​​និទណ្ឌភាពដែលបញ្ហា​ទាំង​អស់​នេះ​ស្ថិត​ក្នុង​ចំណោម​អនុសាសន៍​ទាំង​៩១​ដែល​ត្រូវ​​​បាន​​​​លើក​ឡើង​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិនោះរដ្ឋាភិបាល​​មិន​​​បាន​ធ្វើ​ឲ្យ​​មាន​ការ​វិវឌ្ឍ​​​លើ​​​បញ្ហាណា​​​មួយនៅ​​ឡើយ​​​​​​​​​ទេ។

នៅ​ក្នុង​របាយ​ការណ៍សង្ខេប​តែ​សំខាន់​​​នេះអង្គ​ការ​លីកាដូបាន​បង្ហាញថា”បើមាន​ការវិវឌ្ឍណាមួយនោះគឺ​មាន​​ការ​អនុវត្ត​​តាម​អនុសា​សន៍​ដ៏មាន​សារៈសំខាន់​ទាំង​នេះ​បាន​តិចតួចណាស់”។

“បន្ទាប់​ពី​គ្មាន​ការ​អើពើ​ចំពោះ​ខ្លឹមសារ​​នៃ​អនុសាសន៍ភាគច្រើនអស់​រយៈពេល​ពីរ​​​ឆ្នាំនិងក្រោយពី​មាន​ស្ថានភាព​សិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់​ធ្ងរដែល​មិន​ធ្លាប់​មាន​អស់​រយៈ​ពេល​ពីរឆ្នាំនោះ​​​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ធ្វើ​​​ការ​ពន្យល់​ដល់​គណៈប្រតិភូនិង​ក្រុម​ការ​ងារ​​​របស់​​ក្រុម​ត្រួតពិនិត្យ​តាម​ពេល​កំណត់​​​ជា​សាកល​ហៅ​កាត់​ថា UPR និង​ប្រជា​ពលរដ្ឋ​​​ភាគ​ច្រើន​របស់​ខ្លួន​ អំពី​មូលហេតុ​ទាំង​នេះ​”។

កាលពីចុង​ឆ្នាំ​២០០៩ប្រទេស​កម្ពុជា​បាន​​​អនុញ្ញាតឲ្យក្រុម​ការងារ​របស់​ប្រទេស​ជា​សមាជិក​​ក្រុម​ការងារត្រួត​ពិនិត្យ​​តាមពេល​កំណត់​ជា​សាកល​​នេះ​ធ្វើ​ការ​ត្រួតពិនិត្យ​​​ជា​​​លើក​ដំបូងលើប្រវត្តិ​សិទ្ធិ​មនុស្សរបស់​ខ្លួន។

លោកស៊ុនសួនអ្នកតំណាង​អចិ​ន្ត្រៃ​យ៍​​របស់​​​ប្រទេស​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជា​​​ជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវបាន​មាន​ប្រសាសន៍​​​នៅ​​​ពេល​នោះ​ថា បីខែ​ក្រោយ​មករដ្ឋា​ភិ​បាល​​​​​បាន​យល់​ព្រម​ទទួល​យក​អនុ​សាសន៍​ទាំង​៩១​​​នោះនិង“បង្កើន​កិច្ចខិត​ខំប្រឹង​ប្រែង​ទ្វេដង”ដើម្បី​កែ​លម្អ​សិទ្ធិមនុស្ស។

របាយការ​ណ៍របស់​អង្គការ​លីកាដូ​សង្កត់​ធ្ងន់​ទៅលើ​ការ​ផ្តាច់​ទំនាក់​ទំនង​រវាង​អ្វី​ដែល​ត្រូវបាន​សន្យា​និង​អ្វី​ដែល​ត្រូវ​បាន​ធ្វើរួច។ របាយ​ការណ៍នេះ​បាន​លើក​ឡើង​ទៀត​ថា“ដោយ​មិន​បាន​​​អនុវត្ត​​ច្បាប់​ភូមិ​បាល​ឆ្នាំ​​​២០០១​ឲ្យ​បាន​ពេញលេញ​ និង​មិន​បញ្ឈប់​ការ​បណ្តេញចេញ​ជា​បណ្តោះ​អាសន្ន​ ​រហូត​ដល់​មានការធានា​នានា​ ដូចជាការ​ផ្តល់​សំណង​​​​ពេញលេញនិង​ការ​ទទួល​បាន​សេវា​មូល​​​ដ្ឋាននៅ​កន្លែង​តាំង​លំនៅថ្មី​នោះរដ្ឋាភិបាល​​​បែរ​​​ជា​​បាន​បង្កើន​​​សកម្មភាព​ ដែល​នាំឲ្យ​មាន​ជម្លោះ​ដីធ្លីកាន់តែ​ខ្លាំង​ឡើងៗទៅវិញ”។

“ដោយ​មិន​បាន​បិទមណ្ឌលដែល​គេ​ហៅ​​​ថាមណ្ឌល​​ស្តារ​នីតិ​សម្បទា​​របស់​​កម្ពុជា​ ហើយ​​​ជាទី​ដែល​​​ពលរដ្ឋ​ក្រីក្រ​​​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់​ ត្រូវ​បាន​នគរ​បាល​​​ចាប់​យក​ទៅបង្ខាំង​នោះ​​ ​​រដ្ឋា​ភិបាលបែរ​ជា​​បាន​បន្ត​បើក​មណ្ឌល​បែប​នេះទៀត​ បើទោះណាជា​មាន​ការ​រិះ​​​គន់​​​និងមាន​សេចក្តី​រាយ​ការ​ណ៍​អំពី​ការ​រំលោភ​បំពាន​កាន់តែ​ច្រើន​ក៏ដោយ”។

ដោយ​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយចំនួន​ក្នុង​​ចំណោម​ការ​រំលោភ​បំពាន​សិទ្ធិ​​​មនុស្ស​ថ្មីៗដែល​រងការ​រិះគន់​យ៉ាង​ខ្លាំងរួម​ទាំង​​​​ការ​បាញ់​ក្រុម​អ្នកតវ៉ា​នៅ​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​ និង​ការ​កើន​ឡើង​នូវ​ការ​តវ៉ា​ដោយ​ហិង្សា​នោះរបាយ​ការណ៍នេះ​បាន​ជំរុញ​ឲ្យ​មាន​​​​ការ​ចាត់​វិធានការ​ជា​បន្ទាន់​។បញ្ហា​​​ចម្បង​​​​គឺត្រូវ​បញ្ឈប់​ការ​បណ្តេញ​ចេញ​​និង​បញ្ឈប់​ការ​ផ្តល់​សម្បទាន​ដី។

លោកម៉ក់សំអាតអនុ​ប្រធាន​គណៈ​​​កម្មា​​​ធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋា​ភិបាល​បាន​មាន​ប្រសាសន៍ថាលោក​មិន​ទាន់​​បាន​ឃើញ​របាយ​​​​​​​ការណ៍នេះ​នៅ​ឡើយ​​ទេប៉ុន្តែ​បាន​ច្រាន​ចោល​​​​ចំណុច​សំខាន់​ៗ​មួយ​ចំនួន។លោក​បាន​មាន​ប្រសាសន៍ថា“រាល់​អនុ​សាសន៍ទាំងអស់​មិន​អាច​យក​មក​អនុ​វត្ត​និង​សម្រេច​ឲ្យបាន​នៅពេល​តែ​មួយ​បាន​ទេ។យើង​ត្រូវ​អនុវត្ត​វា​ម្តង​មួយ​ជំ​ហាន​ៗ”។ លោក​បាន​បន្ថែមថាក្រសួង​នីមួយ​ៗ​បាន​​ប្រឹង​ប្រែងធ្វើការ​​យ៉ាងខ្លាំង​ដើម្បី​ដោះ​ស្រាយ​​​​​រាល់​អនុសាសន៍ពាក់​ព័ន្ធទាំងអស់​៕

ប្រែសម្រួល​ដោយសោមសារុន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស