33 C
Phnom Penh

អ្នក​​​តវ៉ា​​​ជម្លោះ​​​ដី​​​ធ្លី​​​បឹងកក់​​​​​​ បដិ​​​សេធ​​​ថា ខ្លួន​​​មិន​​​មែនជា ​​​សកម្ម​​​ជនគណ​​​បក្ស​​​ សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ សកម្មជន​តវ៉ា​រឿង​ជម្លោះ​ដី​ធ្លី​នៅ​បឹង​កក់​ចំនួន​៥​នាក់​បាន​នាំ​គ្នា​ដើរ​ចូល​សាលា​សង្កាត់​ស្រះ​ចក​ ដើម្បី​​ទាម​ទា​រសុំ​ឲ្យ​គេ​លុប​ឈ្មោះ​របស់​ពួក​គេ​ចេញ​ពី​បញ្ជី​អ្នក​ឃ្លាំ​មើល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ធ្វើ​ការ​ឲ្យ​គណ​បក្ស​សមរង្ស៊ី។

សកម្មជន​ទាំង​នេះ​បាន​និយាយ​ថា​ពួក​គេ​​មាន​ឈ្មោះ​ក្នុងបញ្ជី​ថា​ជា​អ្នកឃ្លាំ​មើល​​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​ស្ម័គ្រ​ចិត្ត​ឲ្យ​គណបក្ស​សមរង្ស៊ី​ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ពួក​គេ​ឡើយ​ ដោយ​ពួក​គេ​បាន​និយាយ​ថា​ទង្វើ​នោះ​​ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​គេ​គិត​ថា​ខ្លួនគឺ​ជា​សមាជិក​គណ​បក្ស ​សម​ រង្ស៊ី​ ដើម្បី​ធ្វើឲ្យ​ការ​​​ប្រ​ឆាំងតវ៉ា​របស់​ពួកគេ​ចំពោះ​​ការ​បណ្តេញ​ចេញ​ពី​តំបន់​បឹង​កក់​​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។

សេចក្តី​រាយ​ការណ៍​ជា​ច្រើន​ដែល​បាន​ចេញ​ផ្សាយ​តាម​កាសែត​ក្នុង​ស្រុក​នៅ​សប្តាហ៍​​នេះ​ បាន​ចាត់ទុក​ក្រុម​អ្នក​តវ៉ា​នៅ​បឹង​កក់​ថា​ជា​សមាជិក​របស់គណ​បក្ស​ប្រឆាំង​ ហើយ​បានចុះ​ផ្សាយ​ពី​​ក្រុមមន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​ដោយ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ចោទ​ប្រកាន់​ស្ត្រី​បួន​នាក់​ និង​បុរស​ម្នាក់​ថា​បាន​ញុះញង់​​ឲ្យ​មាន​អំ​ពើ​ហឹង្សា​អំឡុង​ពេល​ការ​តវ៉ា​របស់​ពួក​គេ​ក្នុង​នាម​គណបក្ស​ សម ​រង្ស៊ី។

សកម្មជន​ទាំង​ប្រាំ​នាក់​នេះ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ពួក​គេ​មិន​មាន​ការជាប់​​ពាក់​ព័ន្ធ​ជា​មួយ​គណបក្ស សម រង្ស៊ី​ ទេ​ ហើយ​ពួក​គេ​កំពុង​តែ​គាំ​ទ្រ​ប្រជាជន​ចំនួន​៥៨​គ្រួសារ​ដែលត្រូវ​បាន​លុប​ឈ្មោះ​​​​ចេញ​ពី​ផែនការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​កាល​ពី​ខែ​សីហា ​​​ដើម្បី​កាត់​ដី​ទំហំ​១២,៤៤​ហិកតាប្រគល់​ឲ្យ​ប្រជាជន​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធ​ិដី​នៅ​បឹង​កក់។

អ្នក​ស្រី ​ទេព​ វន្នី សកម្ម​ជន​តវ៉ា​រឿង​ដីធ្លី​បឹងកក់​ដ៏​ល្បីមួយ​រូប​ បាន​និយាយ​ថា “ ​ខ្ញុំមិនស្អប់​​​គណបក្ស​ណា​ទេ ប៉ុន្តែ​ខ្ញុំ​ក៏មិន​ចង់បំរើ​ឲ្យ​គណបក្ស​ណាដែរ​ ពី​ព្រោះ​យើង​កំពុង​តែ​ទាម​​ទារ​ប្លង់​ដី​​ពី​រដ្ឋាភិបាល។​ ដូច្នេះ​យើង​មិន​ចង់​មាន​ទំនាក់ទំនង​ជា​មួយ​គណបក្ស​ណា​មួយទេ” ។

យោង​តាម​ឯក​សារផ្លូវការ​មួយ​ចំនួន​ដែល​​ទទួល​បាន​កាល​ពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​ វន្នីរួមជាមួយ​ អ្នកស្រី​ ហេង​ មុំ​ គង់ចន្ថា​ តុល​ ស្រី​ពៅ​ និង​​ ឌួង​ គា​ ដែល​ជា​សកម្ម​ជន​តវ៉ាជម្លោះដី​ធ្លី​នៅបឹង​កក់​យ៉ាង​សកម្ម​នោះ​ សុទ្ធតែ​មាន​ឈ្មោះ​ជា​ភ្នាក់​ងារឃ្លាំមើល

​ការ​បោះឆ្នោត​​របស់​គណបក្ស​សមរង្ស៊ី។​ ពួកគាត់​ម្នាក់​ៗ​សុទ្ធ​តែ​បាន​បដិ​សេធ​ថា​​គ្មាន​ទំនាក់​ទំ​នង​ជាមួយ​គណបក្ស​ប្រឆាំង​នោះ​ទេ​ ហើយ​បាន​និយាយ​ថា​ រឿង​នោះ​គឺជា​ល្បិច​របស់​លោក​ ខាយ​ ណារី​ ជាសមាជិក​​ក្រុម​ប្រឹក្សា​​សង្កាត់​មក​ពី​គណបក្ស​សម​រង្ស៊ី​ ដែល​បាន​ប្រាប់​ពួក​គេ​ថា ​គាត់​បាន​បញ្ចូល​ពួក​គេ​ទៅ​ក្នុង​បញ្ជី​សមាជិក​គណបក្ស​សម​រង្ស៊ី​ដោយ​ពួក​គេ​មិន​បាន​ដឹង។

អ្នក​ស្រី​ វន្នី បាននិយាយ​ថា​ “ ​លោក​ ខាយ​ ណារី​ បាន​យក​ឈ្មោះ​របស់​ពួក​យើង​ទៅ​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​របស់​គណបក្ស​សម​រង្ស៊ី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ពួកយើងឡើយ”។

កាល​ពី​ថ្ងៃ​សុក្រ​គេ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក ​ណារី​ បាន​ទេ​។​ ប៉ុន្តែ​លោក ​យឹម​ សុវណ្ណ ​អ្នក​នាំ​ពាក្យ​​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រ​សាសន៍​ថា ​លោក​មិន​បាន​ដឹង​អំពី​ការជាប់ពាក់ព័ន្ធ​របស់​លោក​ ណារី​ នៅ​ក្នុង​បញ្ហា​នេះ​ទេ​។លោក​បាន​មាន​ប្រ​សាសន៍​ដោយ​មិន​បាន​ពន្យល់​ក្បោះ​ក្បាយថា​ “ ​នេះ​គឺ​ជា​រឿង​​​នៅមូលដ្ឋាន” ។

បន្ទាប់ពី​ធ្វើការ​ត​វ៉ា​នៅ​មុខ​សាលា​សង្កាត់​ជា​មួយ​អ្នក​ភូមិ​បឹង​កក់​ជា​ច្រើននាក់​ទៀត​ សកម្ម​ជន​តវ៉ា​ទាំង​ប្រាំ​នាក់​បាន​ស្នើ​សុំ​ឲ្យ​គេ​លប់​ឈ្មោះ​របស់​ពួកគេ​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​ស្ម័គ្រ​ចិត្ត​ឃ្លាំមើល​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សម​ រង្ស៊ី​ នៅ​ពេល​ណា​ដែល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នាត​យល់​ព្រមឲ្យលប់។

លោក​ ហេង​ សំណាង​ សមាជិក​ក្រុម​ប្រឹក្សា​​​ខណ្ឌ​ដូន​ពេញនិង​ជាប្រធាន​គណបក្ស​សម​ រង្ស៊ី​ ប្រចាំខ័ណ្ឌដូនពេញ​បាន​មាន​ប្រសាស​ន៍​ថា “ យើង​មិន​ចង់​ឲ្យ​ពួក​គាត់មាន​បញ្ហា​ក្នុង​ការ​តវ៉ា​ទាម​ទារ​ប្លង់​ដី​ពី​រដ្ឋា​ភិ​បាលទេ​​ ហើយ​យើងកំពុងតែ​ដោះស្រាយ​ជូន​ពួ​កគាត់”។

សកម្មជន​តវ៉ា​ និង​អ្នកជំនាញ​របស់​រដ្ឋាភិ​បាល​បាន​និយាយ​ថា​ បើ​ទោះ​បី​ជា​មាន​ការ​សន្យាដោះ​ស្រាយ​ឲ​្យ​បាន​ឆាប់​ក៏ដោយ​ ក៏​រឿង​​នេះ​នៅ​តែធ្វើ​ឲ្យ​​មាន​ការ​សង្ស័យ​​កាន់​តែខ្លាំង​​អំពី​សេរី​ភាព​ និង​ការ​ជាប់​ពាក់​ព័ន្ធ​ផ្នែក​នយោបាយនៅ​កម្ពុជាដែរ។

អ្នក​ស្រី​ វន្នី បាន​សួរ​ថា​ “ ​ប្រសិនបើ​យើង​ជា​សមា​ជិក​គណបក្ស សម រង្ស៊ី​ មែន​ តើ​រដ្ឋា​ភិបាល​នឹង​មិន​ផ្តល់​ប្លង់​ដី​ឲ្យ​យើង​ឬ?”​អ្នក​ស្រី​បាន​បន្ថែមថា “បើ​សិន​ជា​រដ្ឋា​ភិ​បាល​មិន​ចង់​ឲ្យ​ពលរដ្ឋ​មាន​ទំនាក់​ទំនង​ក្រៅ​ពី​គណ​បក្ស​​ប្រជា​ជន​ ហេតុ​អ្វី​បាន​ជា​រដ្ឋា​ភិ​បាល​​មិនលប់ចោល​គណបក្ស​ផ្សេងៗ​ទាំង​អស់​ទៅ?”។

លោក​ គល​ បញ្ញា ​នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្តិ​ធម៌នៅ​កម្ពុជា​​បាន​មាន​ប្រសាសន៍​ថា​ ដោយ​មិន​គិត​ពីនិន្នា​ការ​នយោបាយអាជ្ញាធរ​មិន​គួរ​មាន​ភាព​លំអៀង​ក្នុង​ការ​ដោះ​ស្រាយ​ឲ្យ​អ្នក​តវ៉ា​ក្នុង​ជម្លោះដីធ្លីនៅ​​បឹង​កក់ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា​ “ អាជ្ញា​ធរ​មូលដ្ឋាន​​គួរ​តែ​អព្យាក្រឹត។ ពួកគេ​គួរ​តែ​បង្ហាញនូវ​ការ​គោរព​ចំ​ពោះ​​គណបក្ស​នយោ​បាយ​ទាំង​អស់។​ ផ្ទុយ​ទៅ​វិញ​គួ​កគេ​បែរ​ជា​បង្ករ​ឲ្យ​មានទំនាស់​ទៅ​វិញ។​បញ្ហាគឺ​នៅ​ត្រង់ថា​មាន​ការ​បែងចែក​បក្សពួក។ ​​គេ​​និយាយ​ថា​ ប្រ​សិន​បើ​អ្នកឯងចូល​រួម​ជាមួយ​គណបក្ស​ប្រ​ឆាំង​ អ្នក​នឹង​ត្រូវ​បាន​គេ​ទុក​ឲ្យ​នៅ​មួយ​ឡែក”។

លោក​ ឡៅ​ ម៉ុងហៃ​ អ្នក​វិភាគ​នយោ​បាយ​​ឯករាជ​បាន​មាន​ប្រសាសន៍​ថា ​ទម្លាប់​​ចោទ​ប្រ​កាន់​អ្នក​តវ៉ា​ថា​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​បក្ស​ប្រឆាំង​គឺជា​វិធី​សាស្រ្ត​ដែល​មាន​ប្រ​សិទ្ធ​ភាព​មួយ​ដើម្បី​បំផ្លាញ​ភាពស្រប​ច្បាប់​ក្នុង​ការ​តវ៉ា៕

ប្រែសម្រួលដោយ  ហួង កុកទៀន
 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស