29.3 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស្វែងរក​ភ័ស្តុតាង​ទទួល​សំណូក​នៅ​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល (ACU) បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​ស៊ើប​អង្កេត​ថាតើ អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ដែល​របូត​តំណែង​យ៉ាង​ទាន់ហន់​កាលពី​សប្តាហ៍​មុន​នោះ បាន​ទទួល​សំណូក​ទាក់ទិន​នឹង​រឿងក្តី​ឃាតកម្ម​ដ៏​ធំ​មួយ​ឬ​យ៉ាង​ណា។

លោក អាំង មាលតី ត្រូវ​បាន​ដក​ចេញ​ជាផ្លូវការ​ពី​តំណែង​ប្រធាន​តុលាការ​ក្រុង​កាលពី​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ មួយ​ថ្ងៃ​បន្ទាប់ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​ថា តុលាការ​ក្រុង​ប្រហែល​បាន​ទទួល​ប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​ការ​ប្រែ​ក្រឡាស​សេចក្តី​សម្រេច​សុំ​នៅ​ក្រៅ​ឃុំ។

ក្នុង​​សុន្ទរកថា​នោះ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ល្បឿន​ដែល​តុលាការ​ប្រែ​ក្រឡាស​សេចក្តី​សម្រេច​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​​របស់​ឪពុក​ម្តាយ​ឧត្តម​សេនីយ៍​ទោ ថោង សារ៉ាត់ ដែល​ជាប់ចោទ​ថា​បាន​រៀបចំ​ធ្វើ​ឃាត​ឧកញ៉ា អុឹង ម៉េងជឺ កាលពី​ខែ​វិច្ឆិកា​នោះ គឺ​លឿន​ពេក​ហើយ។

ឪពុក​ម្តាយ​របស់​ឧត្តម​សេនីយ៍​ទោ សារ៉ាត់ គឺ​លោក ថោង ចំរើន និង អ្នកស្រី កែវ សារី ជាប់​ចោទ​ពី​បទ​​​កាន់​​​កាប់​​​អាវុធ​​​ខុស​​​ច្បាប់ បន្ទាប់ពី​ប៉ូលិស​ឆ្មក់​ចូល​ភូមិ​គ្រឹះ​នៅ​ក្រុង​ភ្នំពេញ​របស់​គ្រួសារ​ពួកគេ​កាលពី​ខែ​ធ្នូ។ អ្នក​ទាំងពីរ​ត្រូវ​បាន​ចាប់​ខ្លួន​សាជា​ថ្មី​នៅ​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ ខណៈ​ដែល​ពួកគេ​ព្យាយាម​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម ក្រោយពី​បាន​នៅ​ក្រៅ​ឃុំ​នោះ។

ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ទីស្នាក់ការ​ក្រុង​ភ្នំពេញ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ថ្ងៃ​ច័ន្ទ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​នេះ បាន​មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​នឹង​ចាប់​ផ្តើម​លើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​របស់​ឧត្តមសេនីយ៍​ទោ​រូប​នេះ គឺ​បុរី​៩៩៩។

សំដៅ​លើ​បុរី​៩៩៩ លោក ឱម យ៉ិនទៀង បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​ទៅ​ក្រុមហ៊ុន​របស់​ ថោង សារ៉ាត់ និង​ពិនិត្យ​មើល​បង្កាន់ដៃ​ទាំងអស់”។

ដោយ​ប្រើ​ពាក្យ​សម្រាល​មាន​ន័យ​ថា​ការ​បង់​ប្រាក់ លោក​បាន​បន្ថែម​ថា “បន្ទាប់ពី​ការ​ស៊ើប​អង្កេត ខ្ញុំ​គិត​ថា ពេជ្រ ព្រហ្មមុន្នី និង អាំង មាលតី នឹង​ឆ្លើយ​សំណួរ​របស់​ខ្ញុំ​ថាតើ ពួកគេ​បាន​ទទួល ‘សេវា​ត្រឹមត្រូវ’ ឬ​ទេ”។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ កម្លាំង​រាជអាវុធហត្ថ​នៅ​ខេត្ត​តាកែវ​បាន​ចាប់​ខ្លួន​ឧត្តមសេនីយ៍​ត្រី ព្រហ្មមុន្នី ជា​មន្ត្រី​យោធា​ក្នុង​ជួរ​កង​ខេមរភូមិន្ទ ដែល​ជា​ផ្នែក​មួយនៃ​សន្តិសុខ​របស់​លោក មាលតី។

លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​កាលពី​សប្តាហ៍​មុន​ថា ការ​ចាប់​ខ្លួន​មន្ត្រី​យោធា​នេះ​ទាក់ទិន​នឹង​ការ​ដោះលែង​ឪពុក​ម្តាយ​របស់​ឧត្តមសេនីយ៍ សារ៉ាត់។ ឧត្តមសេនីយ៍​ត្រី ព្រហ្មមុន្នី ជាប់​ចោទ​កាលពី​ថ្ងៃ​សៅរ៍​ពី​បទ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​មន្ត្រី និង​ការ​ប្រើ​ប្រាស់​រថយន្ត​មាន​ស្លាក​លេខ​ប៉ូលិស ឬ ខ.ម.​ដោយ​ខុស​ច្បាប់។

លោក ឱម យ៉ិនទៀង បាន​និយាយ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​សួរ​ម្តាយ​របស់​ឧត្តម​សេនីយ៍​ទោ សារ៉ាត់ គឺ​អ្នក​ស្រី សារី ភរិយា​ទី​២ ទាវ ធីតា និង មេធាវី រស់ ផល្លា ផងដែរ។

ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ក្នុង​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ការពារ​ខ្លួន​លោក​ទៅ​នឹង​អ្នក​រិះគន់​មិន​ចេញ​ឈ្មោះ ដែល​បាន​និយាយ​ថា សុន្ទរកថា​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ​របស់​លោក​មាន​ឥទ្ធិពល​ផ្ទាល់​លើ​តុលាការ គឺ​ជា​ការ​រំលោភ​អំណាច។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “មាន​អ្នក​ខ្លះ​គេ​ថា ខ្ញុំ​ល្អ​ទៅ ​ខ្លះ​ថា បំពាន​អំណាច​ហើយ។ ខ្ញុំ​មិន​បាន​បំពាន​អំណាច​ទេ។ ប៉ុន្តែ​សូម​ឲ្យ​ពិនិត្យ​ទំនាក់​ទំនង​អង្គ​ទាំង​បី ដែល​មាន​អង្គនីតិ​បញ្ញត្តិ អង្គនីតិ​ប្រតិបត្តិ និង​តុលាការ។ វា​អត់​អាច​នៅ​ដាច់​​ពីគ្នា​ទេ”។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា គឺ​ក្រុម​សង្គម​ស៊ីវិល​ទេ​ដែល​ធ្វើ​ហួស​សិទ្ធិ​របស់​ខ្លួន ដោយ​ប្រាប់​រដ្ឋាភិបាល​របស់​លោក​ថា​ត្រូវ​គ្រប់គ្រង​របៀប​ណា​នោះ។

លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “តើ​អ្នក​អត្ថាធិប្បាយ​ទាំង​នោះ​មាន​តួនាទី​អ្វី? កុំ​អាង​ខ្លួន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មក​អង្គុយ​លើ​ក្បាលនីតិប្រតិបត្តិ​ឲ្យ​សោះ។ ស្រុក​ខ្មែរ​ហាស៎ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ដើរ​តួនាទី​ធំ​ជាង​សភា រដ្ឋាភិបាល និង តុលាការ​ទៅ​ទៀត”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស