38 C
Phnom Penh

អាជ្ញាធរ​ឆ្មក់ចូល​ឆែ​កឆេរ​រោង​​​ចក្រ​​​​ ផលិត​​​​គ្រឿងសម្អាង​​ ​ស្រប​ពេល​មាន​​​ការ​បង្ក្រាប​លើ​ផលិត​ផល​ក្លែង​ក្លាយ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផលិតផលគ្រឿងសម្អាងក្លែងក្លាយជិត៣០តោនត្រូវបានរឹបអូសពីរោងចក្រមួយដែលបិទយីហោបរទេសលើផលិតផលក្នុងស្រុករបស់ខ្លួននៅក្នុងអ្វីដែលមន្ត្រីក្រសួងមហាផ្ទៃមួយរូបបានលើកឡើងថា ជាផ្នែកនៃការបង្ក្រាបរាប់ខែលើទីផ្សារដែលពោរពេញទៅដោយផលិតផលក្លែងក្លាយ។

លោក មាជ សុផាន់ណា អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួង មហាផ្ទៃបានមានប្រសាសន៍ថា “ផលិតផលក្លែងក្លាយមានគ្រប់ទីកន្លែង” ។លោកបានបន្តថា ” គ្រាន់តែបើកភ្នែកឡើងភ្លាម ហើយដើរ ផ្សារ ឃើញផលិតទាំងនោះទៅហើយ”។

skin-whitening-3-1-800x533ការឆ្មក់ចូលក្នុងពេលថ្មីៗនេះ ដែលលោក មាជ សុផាន់ណា បានលើកឡើងថា ត្រូវបានធ្វើឡើងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះនោះ បានឈានទៅដល់ការបិទរោងចក្រមួយកន្លែង និងកន្លែងស្តុកទំនិញចំនួន២កន្លែងនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក មាជ សុផាន់ណា បានលើកឡើងទៀតថា រោងចក្រនេះផលិតផលិតផលថែរក្សាស្បែក ផលិតផលថែរក្សាសក់ និងផលិតផលសម្រាប់លាប ឬលាងជម្រះរាងកាយនៅក្នុងស្រុក ប៉ុន្តែបានបិទយីហោផលិតផលល្បីៗរបស់ថៃ និងជប៉ុន ក្នុងនោះរួមមានដូចជាយីហោរបស់ក្រុមហ៊ុនជប៉ុនឈ្មោះShiseido  ដែលផលិតផលិតផលថែរក្សាស្បែកគុណភាពខ្ពស់ជាដើម។ផលិតផលល្បីៗរបស់ក្រុមហ៊ុននេះលក់ក្នុងតម្លៃរាប់រយដុល្លារឯណោះ។

លោកបានបន្ថែមថា កាលពីព្រឹកម្សិលមិញ ក្រសួងបានជួបជាមួយតំណាងក្រុមហ៊ុនផលិតផលយីយោល្បីៗរបស់ថៃ និងជប៉ុន ព្រមទាំងស្ថានទូតថៃផងដែរដើម្បីពិភាក្សាគ្នាអំពីការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកផលិតក្នុងស្រុក ប៉ុន្តែលោកនៅមិនទាន់បានប្រាប់ឈ្មោះក្រុមហ៊ុនដែលផលិតផលិតផលក្លែងក្លាយនេះនៅឡើយទេ។

លោកបានបន្ថែមទៀតថា ការឆ្មក់ចូលនេះកើតមានឡើងស្របពេលក្រសួងបានបញ្ចប់ការសើុបអង្កេតរយៈពេលបីខែលើសង្វាក់ផលិតកម្មគ្រឿងសម្អាងក្លែងក្លាយ។

លោក មាជ សុផាន់ណា បានថ្លែងថា ជំហាន បន្ទាប់មកទៀត ក្រសួងមហាផ្ទៃនឹងបើកការសើុបអង្កេតលើផលិតផលថ្នាំពេទ្យក្លែងក្លាយ ដោយពន្យល់ថា វាគឺជាប្រភេទទំនិញដែលភាគច្រើនក្លែងក្លាយ។

ក្រសួងនេះបានប៉ាន់ប្រមាណថា ផលិតផលថ្នាំពេទ្យជាង៥០ភាគរយដែលដាក់លក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ប្រើយីយោក្លែង ក្លាយ ប៉ុន្តែ លោក មាជ សុផាន់ណា បានបន្ថែម ថា នេះគ្រាន់តែជា “ស្ថិតិមិនផ្លូវការ” ប៉ុណ្ណោះ។

លោកស្រី Mali Thanaporn Grimaud ដែលជាអ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន TUV Rheiland Cambodia ជាក្រុមហ៊ុនអាល្លឺម៉ង់ជំនាញខាងធ្វើតេស្ត និងគ្រប់គ្រងគុណភាពបានលើកឡើងថា ថ្នាំពេទ្យ និងអាហារក្លែងក្លាយគឺពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់អ្នកប្រើប្រាស់។

ផលិតផលគ្រឿងសម្អាងដែលមានគុណភាពមិនល្អបានសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាច្រើននាក់មកហើយក្នុងពេលកន្លងមក រួមទាំងស្ត្រីអាយុ២៣ឆ្នាំម្នាក់មកពីខេត្តបន្ទាយមានជ័យដែលបានស្លាប់នៅមន្ទីរពេទ្យក្នុងឆ្នាំ២០១១ ក្រោយពីបានប្រើប្រាស់ឡេធ្វើឱ្យស្បែកសមានកម្រិតជាតិបារ៉តខ្ពស់។

អាជីវករលក់ដូរតាមទីផ្សារក្នុងស្រុកមួយចំនួនទទួលស្គាល់ថា បានធ្វើឡេដោយខ្លួនឯងដោយលាយជាមួយសារធាតុគីមីមួយចំនួនតាមទម្លាប់ ចំណែកអ្នកស្រាវជ្រាវជាន់ខ្ពស់បានលើកឡើងថា ពិតជាមិនដែលមានការធ្វើតេស្តផលិតផលមួយចំនួនមែន។

លោកស្រី Thanaporn Grimaud បានថ្លែងថា ទឹកប្រាក់យ៉ាងច្រើនចំណាយលើផលិតផលថ្នាំពេទ្យដែលផលិតក្លែងក្លាយក្នុងវិស័យនេះធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិយ៉ាងខ្លាំង។

លោកស្រីបានមានប្រសាសន៍ថា “ទីបំផុត ប្រជាពលរដ្ឋនឹងចំណាយប្រាក់កាន់តែច្រើនលើថ្នាំពេទ្យ ជាងលើគ្រឿងឧបភោគបរិភោគ”។ លោកស្រីបានបន្តថា ”នេះគឺជាអាជីវកម្មដ៏អាក្រក់បំផុត។ វាប៉ះពាល់ដល់ការជំរុញទឹកចិត្ត នវានុវត្តន៍ ការខិតខំប្រឹងប្រែង និងកាន់តែសំខាន់ជាងនេះទៅទៀតនោះ គឺសុខភាព និងសុវត្ថិភាព”។

លោកស្រីថ្លែងថា ចំពោះផលិតផលផ្សេងទៀតក្រៅពីម្ហូបអាហារ  ផលិតផលក្លែងក្លាយទទួលបានការពេញនិយមពីអ្នកប្រើប្រាស់ សូម្បីអ្នកមានការប្រយ័ត្នប្រយែង ជាពិសេសអ្នកមានចំណូលទាប ឬមានចំណូលគ្រប់គ្រាន់ក៏មិនប្រាកដថាអាចមានលទ្ធភាពទិញផលិតផលគុណភាពខ្ពស់បានដែរ។

លោកស្រីបន្តថា ចំពោះមនុស្សភាគច្រើន ប្រាក់ចំណូល”នៅតែមិនទាន់គ្រប់គ្រាន់ក្នុងការចាយវាយលើផលិតផលគុណភាពដើមនៅឡើយ។ ផលិតផលក្លែងក្លាយមានតម្លៃថោក និងស្រួលរកទិញបានក្លាយជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់មនុស្សមានប្រាក់ចំណូលមធ្យម។

លោកស្រី Thanaporn Grimaud បានជំរុញឱ្យរដ្ឋាភិបាលបង្ក្រាបលើកម្មសិទ្ធិបញ្ញា ដោយលើកឡើងថា វានឹងបង្កើនទំនុកចិត្តដល់អតិថិជនបន្ថែមទៀតក្នុងការទិញទំនិញក្នុងស្រុក និងជំរុញឱ្យរដ្ឋាភិបាលពង្រឹងច្បាប់នាំចេញនាំចូលផងដែរ។

ការលើកឡើងកាលពីម្សិលមិញរបស់ក្រសួងមហាផ្ទៃត្រូវបានធ្វើឡើងនៅសន្និសីទកាសែតមួយដើម្បីរំឭកដល់ទិវាជនជាតិដើមភាគតិចពិភពលោក ដែលតំណាងរដ្ឋាភិបាលនិងវិស័យឯកជនលើកឡើងថា ការការពារកម្មសិទ្ធិបញ្ញាគឺជាការសំខាន់ណាស់ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងនវានុវត្តន៍ក្នុងវិស័យសេដ្ឋកិច្ច។

លោក សុខ ស៊ីផាន់ណា ទីប្រឹក្សារដ្ឋាភិបាលបានមានប្រសាសន៍ថា វាលំបាកក្នុងការបង្ហាញទំហំអត្ថប្រយោជន៍នៃការការពារកម្មសិទ្ធិបញ្ញាណាស់ ប៉ុន្តែការមានបទប្បញ្ញត្តិដូចនេះនឹងលើកកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិក្នុងចំណោមក្រុមហ៊ុននានា។

លោកថ្លែងថា “វាវាស់ស្ទង់ពីសក្ដានុពលនៃការវិនិយោគរបស់ប្រទេស…ជាពិសេសក្រុមហ៊ុនដែលមានបច្ចេកវិទ្យាការពារ។ ការការពារទាំងនេះនឹងផ្ដល់ទំនុកចិត្តដល់វិនិយោគិនក្នុងការមកវិនិយោគក្នុងប្រទេសកម្ពុជា៕ ស៊ុយឈាង និង សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស