គណៈកម្មការសហភាពអឺរ៉ុបនៅថ្ងៃច័ន្ទនេះឲ្យដឹងថាខ្លួនចាប់ផ្តើមដំណើរការដែលអាចឈានទៅរកការផ្អាកប្រព័ន្ធអនុគ្រោះពន្ធលើផលិតផលគ្រប់ប្រភេទលើកលែងតែអាវុធឬEBAពីកម្ពុជាជាបណ្តោះអាសន្នសិន។សហភាពអឺរ៉ុបអះអាងថាEBAអាចដកទាំងស្រុងពីកម្ពុជាតែម្តង ប្រសិនបើកម្ពុជាបរាជ័យក្នុងការគោរពសិទ្ធិមនុស្សនិងសិទ្ធិការងារ។
តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងជាអនុប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រីFedericaMogheriniបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មការសហភាពអឺរ៉ុបដែលចេញផ្សាយនៅថ្ងៃច័ន្ទនេះថាក្នុងរយៈពេលដប់ប្រាំបីខែចុងក្រោយនេះសហភាពអឺរ៉ុបសង្កេតឃើញថា លទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋនៅកម្ពុជាកាន់តែលិចលង់ទៅៗ។អ្នកស្រីបន្តថាកាលពីខែកុម្ភៈឆ្នាំ២០១៨កន្លងទៅរដ្ឋមន្រ្តីការបរទេសរបស់សហភាពអឺរ៉ុបបានបញ្ជាក់យ៉ាងច្បាស់អំពីការវិវឌ្ឍនៃស្ថានភាពទាំងនេះហើយនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាជ្ញាធរកម្ពុជាបានដោះលែងអ្នកនយោបាយសកម្មជនសិទ្ធិមនុស្សអ្នកកាសែតនិងបានដោះស្រាយនូវការរឹតត្បិតមួយចំនួនលើសង្គមស៊ីវិលនិងសកម្មភាពរបស់សហជីព។ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅមានមន្ទិលសង្ស័យជាច្រើនចំពោះភាពប្តេជ្ញាចិត្តរបស់ខ្លួនដោះស្រាយបញ្ហាEBA។
អ្នកស្រីFedericaMogheriniអះអាងថា ក្នុងនាមជាសហភាពអឺរ៉ុបអ្នកស្រីប្តេជ្ញានូវភាពជាដៃគូជាមួយកម្ពុជាដើម្បីការរីកចម្រើនរបស់ប្រជាជនកម្ពុជាហើយថា ការគាំទ្ររបស់សហភាពអឺរ៉ុបអាចធ្វើទៅបានលុះត្រាតែកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យនិង សិទិ្ធ មនុស្សដែលជាបេះដូងនៃភាពជាដៃគូនេះ។
ចំណែកអ្នកស្រីCeciliaMalmströmស្នងការសហភាពអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្មមានប្រសាសន៍ថា «វាគួរតែច្បាស់ទៅហើយថា វិធានការនៅពេលនេះមិនមែនជាការសម្រេចចុងក្រោយទេ ហើយក៏មិនមែនជាទីបញ្ចប់នៃដំណើរការនោះដែរប៉ុន្តែនាឡិកាកំពុងដំណើរការដកEBAបានចាប់ផ្តើមជាផ្លូវការហើយសហភាពអឺរ៉ុបនឹងមានសកម្មភាពជាក់ស្តែងនៅពេលដ៏ឆាប់ខាងមុខនេះ។
អ្នកស្រីបន្តថានៅពេលនេះសហគមន៍អឺរ៉ុបចាប់ផ្តើមដំណើរការវាយតម្លៃអំពីស្ថានការណ៍របស់កម្ពុជាក្នុងរយៈពេល៦ខែហើយត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមយ៉ាងពេញលេញជាមួយអាជ្ញាធរកម្ពុជាដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាទាំងនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខឥសានបានប្រាប់សារព័ត៌មានThe Cambodia Daily ថាកម្ពុជាមិនអាចហាមឃាត់មិនឲ្យសហភាពអឺរ៉ុបដកEBAចេញពីកម្ពុជានោះទេហើយថា ការដកEBAចេញពីកម្ពុជាជាសិទ្ធិរបស់ពួកគេ។មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជារូបនេះអះអាងថា កម្ពុជាមិនអាចលក់អធិបតេយ្យជាតិរបស់ខ្លួនដើម្បីដោះដូរជាមួយEBAនោះឡើយ។
កន្លងមកសហភាពអឺរ៉ុបបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពលក្ខខណ្ឌ៥ចំណុច ប្រសិនបើខ្លួនមិនចង់បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBAទេនោះ។លក្ខខណ្ឌទាំងប្រាំចំណុចនោះរួមមានដោះលែងលោកកឹម សុខាស្តារគណបក្សសង្គ្រោះជាតិផ្តល់សិទ្ធិធ្វើនយោបាយដល់មន្រ្តីគណបក្សសង្គ្រោះជាតិទាំង១១៨រូបអនុញ្ញាតឲ្យសង្គមស៊ីវិលជាតិនិងអន្តរជាតិព្រមទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអាចដំណើរការឡើងវិញនិងផ្តល់តំណែងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិទាំង៥ពាន់៧នាក់ដែលមានមេឃុំនិងចៅសង្កាត់ចំនួន៤៨៩នាក់៕