29 C
Phnom Penh

លោក​សម​រង្ស៊ី​ព្រមាន​អ្នក​វិនិយោគ​ចិន​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្ថានភាព​អាក្រក់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១៩​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​សម​រង្ស៊ី​ប្រធាន​ស្តីទី​​គណបក្ស​សង្រ្គោះ​ជាតិ​​ព្រមាន​អ្នក​វិនិយោគ​និង​ជន​ជាតិ​ចិន​អំពី​ហានិភ័យ​នៃ​ការ​ប្តូរ​របប​លោក​ហ៊ុន​សែន​នៅ​ឆ្នាំ​២០១៩។​

ប្រធាន​ស្តីទី​គណ​បក្ស​ប្រឆាំង​រូប​នេះ​បាន​សរសេរ​នៅលើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ​អ្នក​វិនិយោគ​និង​ជនជាតិ​ចិន​ដែល​មាន​វត្តមាន​នៅ​ស្រុក​ខ្មែរ​ត្រូវ​ដឹង​ថា​ស្ថាន​ការណ៍​នយោបាយ​នៅ​ទីនោះ​នឹង​កាន់តែ​តាន​តឹង​ឡើងៗ​ចាប់​ពី​ពេល​នេះ​ត​ទៅ។​លោក​អះអាង​ថា​ ព្រឹត្តិ​ការណ៍​ថ្មី​នឹង​អាច​កើត​មាន​ឡើង​គ្រប់​ពេល​វេលា​ក្នុង​ឆ្នាំ​២០១៩​នេះ​ដោយសារ​តែ​ប្រជា​រាស្ត្រ​ខ្មែរ​មាន​បំណង​ចង់​ប្តូរ​របប​ហ៊ុន​សែន​ចេញ។​

លោក​បាន​ប្រាប់​ក្រុម​អ្នក​វិនិយោគ​និង​ជនជាតិ​ចិន​ថា​ ត្រូវតែ​ពិនិត្យ​ឡើង​វិញ​រាល់​សកម្មភាព​និង​គម្រោង​ទាំង​ឡាយ​របស់​ពួកគេ​ហើយ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ​ដែល​ពួកគេ​បាន​បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្លាយ​ជា​ជន​រងគ្រោះ​និង​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ក្តៅ​ក្រហាយ។​ជាង​នេះ​ទៅ​ទៀត​ លោក​ជំរុញ​ជនជាតិ​ចិន​ត្រូវ​តែ​ប្រគល់​សង​ឲ្យ​ម្ចាស់​ដើម​វិញ​នូវ​ដីធ្លី​ដែល​ពួក​គេ​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ផ្តាច់​ការ​និង​ពុករលួយ​ហើយ​ត្រូវ​តែ​បិទ​បន​ល្បែង​ស៊ីសង​ដែល​ពួក​គេ​កំពុង​បើក​ព្រោង​ព្រាត​នៅ​ខ្មែរ។​

លោក​សម​រង្ស៊ី​បាន​ណែនាំទៅ​ជនជាតិ​ចិន​ទាំង​នោះ​ឱ្យពួក​គេ​ឈប់​បំពាន​មក​លើ​ជន​ជាតិ​ខ្មែរ​និង​​គោរព​ជនជាតិ​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក​បើ​មិន​ដូច្នោះ​ទេ​ពួក​ជនជាតិ​ចិន​ទាំង​នោះ​អាច​ប្រឈម​មុខ​ពី​ការ​ផ្ទុះ​កំហឹង​ពី​សំណាក់​ជនជាតិ​ខ្មែរ​ជា​ម្ចាស់​ស្រុក​នៅពេល​ដែល​ព្រឹត្តិ​ការណ៍​នយោបាយ​ថ្មី​​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​២០១៩​នេះ។​

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ​ឥសាន​ចាត់​ទុក​ការ​ព្រមាន​របស់​មេដឹកនាំ​​បក្ស​ប្រឆាំង​រូប​នេះ​ថា​មាន​លក្ខណៈ​នយោបាយ​និង​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។​

ជាង​នេះ​ទៅ​ទៀត​លោក​ហ៊ុន សែន​ធ្លាប់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ប្រទេស​ចិន​ជា​ដៃ​គូ​របស់​កម្ពុជា​មិន​អាច​ខ្វះបាន​ទាំង​ដៃ​គូ​យុទ្ធ​សាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច។​

លោក​ហ៊ុន​សែន​អះអាង​ថា​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​កម្ពុជា-ចិន​មាន​តម្លៃ​ដល់​ទៅ​៥,៦​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៨​ប៉ុន្តែ​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​​ប្ដេជ្ញា​ថា​ នឹង​ជំរុញ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​​ឲ្យ​កើន​ឡើង​ដល់​ចំនួន​១០​ពាន់​លាន​ដុល្លារ​​នៅ​ត្រឹម​ឆ្នាំ​២០២៣​ខាង​មុខ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស