សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC អំពាវនាវជាថ្មីទៀត ឱ្យគណៈកម្មការអឺរ៉ុបនិងរដ្ឋជាសមាជិកសហភាពអឺរ៉ុបវាយតម្លៃឱ្យបានហ្មត់ចត់ចំពោះនីតិវិធីដែលអាចនាំឱ្យមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជា។
GMACបានចោទជាសំណួរថា តើដំណើរការនីតិវិធីបែបនេះ វាសមាមាត្រទៅនឹងការពង្រឹងលទ្ធិប្រជាធិប តេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាដែរឬទេ?
សេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMACដែលចេញផ្សាយកាលពីម្សិលមិញឲ្យដឹងថា ការផ្អាកឬ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAពីកម្ពុជានឹងបង្កើនពន្ធចំនួនដល់ទៅ១២%ក្នុងវិស័យកាត់ដេរ និងពី៨ទៅ១៧% សម្រាប់ផលិតផលស្បែកជើង។ ក្រុមនេះបារម្ភថា ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម និងស្បែកជើងរបស់កម្ពុជានឹងអាចជួបគ្រោះមហន្តរាយធ្ងន់ធ្ងរដោយមិនសមហេតុផល ហើយកេរ្តិ៍ឈ្មោះផ្នែកឧស្សាហកម្មរបស់ប្រទេសនេះនិងរងផលប៉ះពាល់ចំណែកការអភិវឌ្ឍន៍របស់កម្ពុជានឹងត្រូវផ្អាក។
មិនតែប៉ុណ្ណោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានបង្កើតឡើងដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់លើវិស័យកាត់ដេរ ប្រកបដោយការទទួលខុសត្រូវនឹងអន្តរាយ ហើយវានឹងប៉ះពាល់យ៉ាងខ្លាំង សម្រាប់កម្មករ ជាពិសេសអ្នកដែលមកពីជនបទ។ យោងតាម GMAC សហគ្រាសកាត់ដេរសម្លៀកបំពាក់ ស្បែកជើងនិងទំនិញសម្រាប់ធ្វើដំណើរ គឺជាចំណែកដ៏ធំបំផុតនៃការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប ដោយមានទំហំទឹកប្រាក់ចំនួនជិត៤ពាន់លានអឺរ៉ូក្នុងចំណោមទំនិញនាំចូលសរុបចំនួន៥ពាន់លានអឺរ៉ូនៅឆ្នាំ២០១៧។
កម្ពុជាបានទទួលនូវឋានៈអនុគ្រោះពន្ធ EBA ដោយអាត្រាសូន្យភាគរយលើទំនិញរបស់ខ្លួនទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបចាប់តាំងពីឆ្នាំ ២០០១។ ចាប់តាំងពីពេលនោះមកកម្ពុជាបានបង្កើនការនាំចេញរបស់ខ្លួនទ្វេដងទៅកាន់សហភាពអឺរ៉ុប ដោយធ្វើឲ្យវិស័យសេដ្ឋកិច្ចរឹងមាំនិងរស់រវើកដែលបច្ចុប្បន្នបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណ៧០ម៉ឺននាក់ ដែលភាគច្រើនមកពីជនបទ ហើយក្នុងនោះ៨០%ជាស្ត្រី។
ប្រភពដដែលអះអាងថា បច្ចុប្បន្នកម្ពុជាមានមោទនភាពក្នុងការក្លាយជាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់ធំជាងគេលំដាប់ទី៦ របស់សហភាពអឺរ៉ុប ដែលឈរនៅពីក្រោយប្រទេសចិន តួកគី បង់ក្លាដែស ឥណ្ឌា និងប៉ាគីស្ថាន។ EBAបានចូលរួមកាត់បន្ថយភាពក្រីក្រ និងបានបង្កើតវប្បធម៌នៃការអនុលោមភាព និងការយកចិត្តទុកដាក់ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរGMAC ស្នើសុំឱ្យគណៈកម្មការសហគមន៍អឺរ៉ុប សមាជិករដ្ឋសភានិងសភាអឺរ៉ុបឱ្យវាយតម្លៃយ៉ាងប្រុងប្រយ័ត្នអំពីផលប៉ះពាល់សង្គមនិងសេដ្ឋកិច្ចទៅលើកម្មករកម្ពុជាដោយសារការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏ជំរុញឱ្យសហភាពអឺរ៉ុបបន្តធ្វើការជាមួយអាជ្ញាធរកម្ពុជាដើម្បីស្វែងរកដំណោះស្រាយនយោបាយប្រកបដោយការទទួលខុសត្រូវសម្រាប់ភាគីទាំងអស់ក្នុងអំឡុងពេលនេះ៕