32 C
Phnom Penh

លោក​ព្រាប កុល​មើល​ឃើញ​ថា ​លោក​កឹម សុខា​នឹង​ដោះលែង​នៅ​ខែ​មីនា​ឬ ​មុន​ចូល​ឆ្នាំ​ខ្មែរ​យ៉ាងយូរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក​ព្រាប កុល​ទស្សន៍​ទាយថា​ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​កឹម សុខា​អាច​នឹង​ត្រូវ​តុលាការ​កាត់​ក្តី​នៅ​ក្នុង​ខែ​មីនា ​ហើយ​អាច​នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ក្នុង​ខែ​​មីនា​ ឬនៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ខែ​មេសា​២០១៩យ៉ាង​យូរ។ ​

លោក​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាល​ពី​យប់​មិញ​ថា ​ ក្រោយ​ការ​ដោះលែង ​លោក​កឹម សុខា​នឹង​មាន​ចរន្ត​នយោបាយ​នៅ​កម្ពុជា​ និង​នៅ​ក្រៅ​ប្រទេស ​ដែល​ដឹក​នាំ​ដោយ​លោក​កឹម សុខា​និង​មន្ត្រី​បក្ស​ដែល​ស្ម័គ្រ​ស្មោះ​ជាមួយ​គាត់​ដើម្បី​ស្វែង​រក​ការ​រៀបចំ​ដំណើរ​ការ​នយោបាយ​ឡើង​វិញ។​

លោក​បន្ត​ថា ​ល្បែង​ភ្នាល់​នយោបាយ​ខ្នាតធំ​ជិត​ដល់​ថ្ងៃ​កំណត់ ​ ប៉ុន្តែ​លទ្ធផល​ដែល​គេ​ដឹង​មុន​តាំង​ពី​ថ្ងៃ​ភ្នាល់​នោះ​គឺ​ថា ​លោក​សម រង្ស៊ី​នឹង​ចាញ់​ការ​ភ្នាល់។​ ប៉ុន្តែអ្វី​ដែលគេ​ប្រហែល​មិន​បាន​គិត​ដល់​នោះ​គឺ​ថា​ លោក​សម រង្ស៊ី​ភ្នាល់​ដើម្បី​បាន​ឈ្នះ​ក្នុង​ការ​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ​ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​ត្រួត​ពិនិត្យ​EBA។​

នេះ​គេ​ហៅ​ថា​ ស៊ី​គ្រាប់​ទៅ​វិញ​ទៅ​មក​ក្នុង​ល្បែង​អុក ​ឬ​លេង​រែក។​ ប៉ុន្តែ​គេ​អាច​ដឹង​ថា ​លោក​សម រង្ស៊ី​នឹង​មិន​ធ្វើ​តាម​សន្យា​ក្នុង​ការ​ភ្នាល់​នេះ​ទេ។​

ប៉ុន្តែ​លោក​សម រង្ស៊ី​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ​លោក​ហ៊ុន សែន​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ភ្នាល់​គ្នា​ជាមួយ​លោក​ក្នុង​ករណី​ដោះលែង​ឬ​មិន​ដោះលែង​លោក​កឹម សុខា​ តាម​រយៈ​ការ​បញ្ជា​ឱ្យ​តុលាការ​បក​ស្រាយ​ថា​ លោក​កឹម សុខា​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៨​មក​ម៉្លេះ។​

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ​លោក​ព្រាប កុល​យល់​ថា ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី​អាច​នឹង​ត្រូវ​បាន​គេ​រារាំង​ និង​បិទ​ផ្លូវ​មិន​ឲ្យ​វិល​ចូល​ស្រុក ​និង​មិន​មាន​តួនាទី​ជា​ផ្លូវ​ការ​អ្វី​ក្នុង​បក្ស​ដែល​ដឹក​នាំ​ដោយ ​លោក​កឹម សុខា​នោះ​ដែរ។​

រី​ឯ​លោក​កឹម សុខា​នឹង​ព្យាយាម​នៅ​ឆ្ងាយ​ពី​លោក​សម រង្ស៊ី​ប៉ុន្តែ​មិន​ប្រកាស​ចែក​ផ្លូវ​គ្នា​ទេ​ ព្រោះ​ត្រូវ​រង់​ចាំ​មើល​សន្ទុះ​នៃ​ការ​គាំទ្រ​ពី​មហាជន​ និង​សហគមន៍​អន្តរ​ជាតិ​សិន។​ ប្រសិន​បើ​មាន​ការ​គាំទ្រ​គ្រប់គ្រាន់​ លោក​កឹម សុខា​អាច​នឹង​ត្រូវ​បាន​ជំរុញឲ្យ​ពិចារណា​ផាត់​លោក​សម រង្ស៊ី​ចេញ​ពី​សង្វៀន​នយោបាយ​របស់​បក្ស​តែ​ម្តង។​

ប៉ុន្តែ​ប្រសិន​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា​ហ៊ាន​ប្រកាស​ចែក​ផ្លូវ​គ្នា​វិញ​ ពួកគេ​នឹង​ត្រូវ​ទទួល​ការ​ថ្កោល​ទោស​ពី​ពលរដ្ឋ​ដែល​ធ្លាប់​គាំទ្រ​ពួក​គាត់​ នាពេល​កន្លង​មក។​

លោក​បន្ត​ថា ​លោក​សម រង្ស៊ី​អាច​នឹង​ប្រថុយ​ត្រឡប់​មក​កម្ពុជា​វិញ​ពីព្រោះ​វា​ជា​ជីវិត​នយោបាយ​ចុង​ក្រោយ​របស់​គាត់​ ព្រម​ទាំង​សេនារីយោ​មួយ​ចំនួន​ទៀត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស