34 C
Phnom Penh

សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្រោយ​មាន​សារ​ព្រមាន​កម្ទេច​​អតីត​ក្រុម​បក្ស​ប្រឆាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថាន​ភាព​នយោបាយ​និង​បញ្ហា​សិទ្ធិ​មនុស្ស​កាន់​តែ​មាន​ភាព​អាក្រក់​ទៅៗ​ នៅ​ពេល​មាន​ការ​ព្រមាន​កម្ទេច​​ក្រុម​មួយ​ដែល​មិន​ចំណុះ​នឹង​ខ្លួន​ជាពិសេស​ការ​ប្រកាស​យក​កម្លាំង​ទល់​នឹង​កម្លាំង​ទល់​តែ​ម្តង។​

មន្ត្រី​អង្កេត​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក​ស៊ឹង សែន​ករុណា​អះអាង​ថា ​ការ​ព្រមាន​កម្ទេច​​អតីត​ក្រុម​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​ គឺជា​ការ​ដើរ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ច្បាប់​ជាតិ​ និង​អន្តរជាតិ​និង​ជា​ការ​រំលោភ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដែល​ធានា​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ។​

កាលពី​ខែ​មករា ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក​ហ៊ុន សែន​បាន​ព្រមាន​កម្ទេច​ចោល​ក្រុម​បក្ស​ប្រឆាំង​ ដោយ​ថា​ នឹង​មិន​អត់​ឱន​ឱ្យ​ក្រុម​នេះ​ឡើយ​ប្រសិន​បើ​សហគមន៍​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​នោះ។​

កាលពី​សប្តាហ៍​មុន​ ក្នុង​សារ​សំឡេង​ដែល​ត្រូវ​បាន​គេ​បញ្ចេញ​មក​ក្រៅ ​ លោក​ហ៊ុន សែន​បាន​និយាយ​អំពី​គម្រោង​ទប់ទល់​នឹង​ការ​វិល​ត្រឡប់​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី​និង​ទប់ទល់​ទៅ​នឹង​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ពីសំណាក់​សហភាព​អឺរ៉ុប។​ ជាង​នេះ​ទៅ​ទៀត​លោក​ហ៊ុន សែន​ ក៏បាន​បញ្ជា​ឱ្យ​មន្ត្រី​ទាំងអស់​ប្រើ​ប្រាស់​បញ្ហា​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ជាឱកាស​ដើម្បី​ពង្រឹង​ខ្លួនឯង​ និង​ដើម្បី​កម្ទេច​ចោល​ក្រុម​បក្ស​ប្រឆាំង​ដែល​នៅ​សេស​សល់​ក្នុង​ប្រទេស​ ឱ្យ​បាន​ឆាប់​រហ័ស​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ពួក​នេះ​មាន​ជីវិត​ត​ទៅ​ទៀត​ឡើយ។​

លោក​ស៊ឹង សែនករុណា​ យល់​ថា​ ការ​ប្រើ​វិធាន​ការ​កម្ចាត់​​ដៃ​គូ​ប្រកួត​ណា​មួយ​ ដោយ​មិន​មែន​ជា​វិធាន​ការ​ស្រប​ច្បាប់ ​និង​ត្រឹមត្រូវ​  គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។​ មិនតែ​ប៉ុណ្ណោះ​លោក​បារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ពិសេស​ការ​ប្រកាស​យក​កម្លាំង​ទប់ទល់​នឹង​កម្លាំង​នេះ​តែ​ម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស