កម្លាំងសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញជាង២រយនាក់កាលពីព្រឹកមិញនេះបាននាំគ្នារារាំងក្រុមស្រ្ដីដែលមានគ្នាប្រហែល៤រយនាក់មកពីសមាគម និងអង្គការសង្គម ស៊ីវិលនានា មិនអនុញ្ញាតឲ្យពួកគេដើរដង្ហែក្បួនទៅដាក់នៅទីស្ដីការគណៈរដ្ឋមន្រ្តី ក្នុងថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨ មីនានោះទេ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និង សេវាកម្មអ្នកស្រី អ៊ូ ទេពផល្លីន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមរបស់អ្នកស្រីមានការសោកស្ដាយជាខ្លាំងចំពោះការរារាំងរបស់សមត្ថកិច្ច ដែលធ្វើឡើងផ្ទុយពីមាគ៌ាប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា។
អ្នកស្រីបន្តថា ញត្តិដែលក្រុមរបស់អ្នកស្រីព្យាយាមយកទៅដាក់នៅទីស្តីការគណៈរដ្ឋមន្រ្តីនោះមាន៧ចំណុច រួមមានការទាមទារឲ្យការបង្កើតមតេយ្យទារកដ្ឋាន ឬសហគមន៍ បង្កើតជម្រកសុវត្ថិភាពសម្រាប់ស្រ្ដីដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទលើស្រ្ដីនៅកន្លែងការងារ កែទម្រង់មធ្យោបាយដឹកជញ្ជូនកម្មករក្នុងវិស័យកាត់ដេរដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ការកែលម្អលក្ខខណ្ឌការងារ និង ពង្រឹងយន្តការការពារស្រ្ដីអ្នកធ្វើការងារតាមផ្ទះ និងការពង្រឹងយន្តការការពារសិទ្ធិពលករចំណាកស្រុក ស្ដីពីការកេងប្រវ័ញ្ចការងារ ការជួញដូរ និងទាសភាពសម័យទំនើបជាដើម៕