30.4 C
Phnom Penh

សមត្ថ​កិច្ច​នាំខ្លួន​លោក​ឧកញ៉ា​គិត ធាង​ទៅ​សាក​សួរ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ក្រោយ​ពី​មាន​បញ្ជា​ពី​លោក​ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថ​កិច្ច​បាន​នាំ​ខ្លួន​លោក​ឧកញ៉ា​គិត ធាង​ម្ចាស់​ក្លឹប​កម្សាន្ត​Rock​ពាក់ព័ន្ធ​នឹង​បញ្ហា​ជួញ​ដូរ​គ្រឿង​ញៀន​តាម​ដីកា​របស់​តុលាការ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ Fresh News​របស់​លោក​ហ៊ុន សែន​បាន​ដក​ស្រង់​សម្តី​លោក​ឧត្តម​សេនីយ៍​នេត សាវឿន​ចុះ​ផ្សាយ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា ​កម្លាំង​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ក្នុង​ការ​នាំខ្លួន​លោក​ឧកញ៉ា​គិត ធាង​ទៅ​កាន់​ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​​​Rock។​ លោក​បន្ត​ថា​នៅ​ពេល​នេះ ​លោក​ឧកញ៉ា​គិត ធាង​កំពុង​ត្រូវ​បាន​សាកសួរ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ។​

ការ​នាំ​ខ្លួន​លោក​ឧកញ៉ា​គិត ធេង​ធ្វើ​ឡើង​ភ្លាមៗ​ក្រោយពី​លោក​ហ៊ុន សែន​កាលពី​ព្រឹកមិញ​ បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន ​នៅ​ក្លឹប​កម្សាន្ត​Rock​ បន្ទាប់​ពី​សមត្ថ​កិច្ច​បាន​បង្ក្រាប​នឹង​រឹប​អូស​គ្រឿង​ជាច្រើន​កាលពី​ខែ​មុន។​

លោក​ ហ៊ុន សែន​ អះអាង​ថា​ ក្រសួង​មហាផ្ទៃ​នឹង​បន្ត​ចាត់​វិធានការ​លើ​បញ្ហា​នេះ​ហើយ​តុលាការ​ត្រូវ​តែ​ប្រាកដ​ថា​ ក្លឹប​កម្សាន្ត​មួយ​នេះ​នឹង​មិន​អាច​បើក​ដំណើរ​ការ​ឡើង​វិញ​បាន​ឡើយ។ ​ លោក​បន្ត​ថា​ សម្រាប់​ក្លឹប​កម្សាន្ត​មួយ​នេះ​ត្រូវ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ឲ្យ​បាន​ធ្ងន់​ធ្ងរ ​ហើយ​ត្រូវ​ស្វែង​រក​មេ​ខ្លោង​ដែល​នៅ​ក្រោយ​នៃ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ទាំង​នេះ។​

បទ​បញ្ជា​របស់​លោក​ហ៊ុន សែន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ព្រឹកមិញ។​

កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​កុម្ភៈ ​សមត្ថ​កិច្ច​បាន​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ទៅ​លើ ​ក្លឹប​កម្សាន្ត​ Rock​ ដោយ​បាន​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ​ជាង​៣០០​នាក់​ និង​រឹប​អូស​គ្រឿង​ញៀន​បាន​ជាង​៥០​គីឡូក្រាម។​ ក្លឹប​កម្សាន្ត​Rock​ ជា​កម្ម​សិទ្ធិ​របស់​លោក​លោក​ឧកញ៉ា​គិត ធាង​ដែល​ជា​បង​ប្រុស​របស់​លោក​ឧកញ៉ា​គិត ម៉េង​ ប្រធាន​ក្រុមហ៊ុន​Royal Group​ ដែល​ក្តោប​ក្តាប់​លើ​ក្រុមហ៊ុន​ទូរ​ស័ព្ទដៃ​Mobitel ក្រុមហ៊ុន​ទូរទស្សន៍​ CTN​ ទូរទស្សន៍​CNC ទូរទស្សន៍​MyTV ទូរទស្សន៍​One TV និងក្រុមហ៊ុន​ជា​ច្រើន​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស