អង្គការពលកម្មអន្តរជាតិILOទាមទារឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀតលើសុវត្ថិភាពរបស់កម្មករ បន្ទាប់ពីមានហេតុការណ៍បាក់អគារសង្កត់កម្មករសំណង់ស្លាប់ក្នុងខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ។
សេចក្តីថ្លែងការណ៍របស់អង្គការពលកម្មអន្តរជាតិ នៅថ្ងៃទី២៥មិថុនានេះ បានសម្តែងនូវភាពសោកសង្រែងចំពោះគ្រោះថ្នាក់ការងារដែលកើតមានឡើងក្នុងខេត្តព្រះសីហនុដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ ហើយច្រើននាក់ទៀតរបួស។ ក្រុមនេះជំរុញឲ្យរដ្ឋាភិបាលត្រូវមានវិធានការណ៍បន្ថែមទៀតដើម្បីឲ្យមានការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនិងសុខភាពរបស់កម្មករនៅកន្លែងធ្វើការរបស់ពួកគេ។
អង្គការអន្តរជាតិមួយនេះបានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធថា ត្រូវមានកិច្ចសហការពិនិត្យឡើងវិញនូវសេចក្តីណែនាំអំពីស្ដង់ដារសុខភាព និងសុវត្ថិភាពការងារ សុវត្ថិភាពនៃសំណង់ បង្កើនការត្រួតពិនិត្យកម្លាំងពលកម្ម និងលើកកម្ពស់សុវត្ថិភាពការងារ។
អង្គការពលកម្មអន្តរជាតិមួយនេះរកឃើញថា គ្រោះថ្នាក់ការងារកើតឡើងជាង២ម៉ឺនករណីដែលបានបណ្ដាលឲ្យកម្មករបាត់បង់ជីវិតចំនួន២០០នាក់ ហើយជិត៣ពាន់នាក់ទៀតរបួស៕