អ្នកវិភាគនយោបាយចាស់វស្សាលោកបណ្ឌិតឡៅ ម៉ុងហៃព្រមានថា ករណីបាក់រលំអគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុនឹងធ្វើឱ្យរាស្ត្រ កាន់តែអស់ជំនឿលើរាជការ ហើយរាជការនឹងកាន់តែពិបាកគ្រប់គ្រងស្ថានការណ៍ ប្រសិនបើសំណុំរឿងនេះគ្មានការស៊ើបអង្កេតច្បាស់លាស់ គ្មានអ្នកទទួលខុសត្រូវ និងគ្មានយុត្តិធម៌ពិតប្រាកដជូនជនរងគ្រោះ។
លោកបណ្ឌិតឡៅ ម៉ុងហៃ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា រាស្ត្រនឹងតវ៉ាចំពោះបញ្ហាបាក់រលំអគារនៅខេត្តព្រះសីហនុ ហើយកាន់តែអស់ជំនឿលើរដ្ឋ ប្រសិនបើការស៊ើបអង្កេតគ្មានភាពច្បាស់លាស់ និងមិនអាចរកឃើញអ្នកទទួលខុសត្រូវពិតប្រាកដ។
យ៉ាងណាក៏ដោយ លោកស្វាគមន៍អបអរសាទរ និងសរសើរដល់ការផ្តល់ជំនួយបន្ទាន់ ជាលុយកាក់ និងសម្ភារ:ជួយដល់គ្រួសារអ្នករងគ្រោះស្លាប់ និងអ្នករបួសក្នុងគ្រោះថ្នាក់បាក់រលំអគារកំពុងសាងសង់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ខែមិថុនា។
លោកបានលើកជាឧទាហរណ៍ថា ករណីស្លាប់ ពលរដ្ឋជាង៣រយនាក់លើស្ពានកោះពេជ្រ ក្រុងភ្នំពេញ ក្នុងពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១០ ដោយថា សាធារណជននៅតែមិនអស់ចិត្តរហូតមកទល់ពេលបច្ចុប្បន្ន។
លោកបន្តថា ទោះជាជំនួយជួយដល់ជនរងគ្រោះពេលនេះមានច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ ក៏មិនអាចទិញ និងលុបបំបាត់ចោលបាននូវបញ្ហាដ៏ចម្រូងចម្រាសប្រកបដោយអាថ៌កំបាំងជុំវិញមូលហេតុ និងការទទួលខុសត្រូវពាក់ព័ន្ធនឹងសោកនាដកម្មលំដាប់ជាតិ ដែលកើតមាននៅក្រុងព្រះសីហនុកាលពីថ្ងៃទី២២ខែមិថុនានោះបានឡើយ។
លោកយល់ថា ដើម្បីឱ្យគ្រួសារជនរងគ្រោះនិងសាធារណជនស្ងប់ចិត្ត លែងគិតអំពីសោកនាដកម្មមួយនេះនិងធ្វើឱ្យពលរដ្ឋមានជំនឿទុកចិត្តលើរដ្ឋាភិបាលគឺមានតែការស៊ើបអង្កេតបើកចំហ និងជាសាធារណ: ដោយមានអ្នកជំនាញឯករាជ្យមួយក្រុម ស្រាវជ្រាវអំពីការបាក់រលំអគារដែលកំពុងសាងសង់នៅក្រុងព្រះសីហនុនោះ ទៅតាមនីតិវិធីនិងតាមដំណាក់កាលនីមួយៗ។
ចំណែករបាយការណ៍ពិស្តារនៃការស៊ើបអង្កេតនេះត្រូវផ្សព្វផ្យាយជាសាធារណ:ដើម្បីឲ្យរាស្ត្របានដឹង បានអស់ចិត្ត បានស្ងប់ចិត្ត ហើយនៅទីបំផុត ពលរដ្ឋនឹងមានការជឿទុកចិត្តលើរដ្ឋាភិបាលឡើងវិញ។
លោកបន្តថា ការណ៍ពិតដែលបានមកពីការស៊ើបអង្កេតនេះ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការរកយុត្តិធម៌និងការដោះស្រាយបញ្ចប់ជាស្ថាពរនៃការទទួលខុសត្រូវចំពាះការស្លាប់ និងការរងរបួសដោយការបាក់រលំអគារដែលកំពង់សាងសង់នោះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៤ខែមិថុនាក្រោយបញ្ចប់បេសកកម្មស្វែងរកជនរងគ្រោះក្នុងគំនរអគារបាក់រលំ លោកហ៊ុន សែនបានលើកឡើងថា បេសកកម្មស្វែងរកជនរងគ្រោះបានបញ្ចប់មែន ប៉ុន្តែបេសកកម្មស្វែងរកការណ៍ពិតជុំវិញករណីនេះ គឺមិនទាន់បញ្ចប់នៅឡើយ។
មិនតែប៉ុណ្ណោះលោកបានបញ្ជាឱ្យរដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកជា សុផារ៉ាបង្កើតគណៈកម្មការជាតិបន្ទាន់មួយដើម្បីស្រាវជ្រាវ និងសិក្សារាល់សំណង់ដែលកំពុងសាងសង់នៅទឹកដីជាប់មាត់សមុទ្រមួយនេះ និងបញ្ឈប់ជាបន្ទាន់នូវរាល់សំណង់ដែលខុសច្បាប់ផងដែរ។
កាលពីថ្ងៃទី២២មិថុនា សំណង់អគារដែលជាការវិនិយោគរបស់ជនជាតិចិនកំពុងសាងសង់នៅសង្កាត់លេខ៤ក្រុងព្រះសីហនុ ត្រូវបានបាក់រលំទាំងស្រុងបណ្តាលឱ្យពលរដ្ឋខ្មែរចំនួន២៨នាក់ស្លាប់ និង ២៦ នាក់ទៀតរងរបួសធ្ងន់និងស្រាល។
ក្រោយឧប្បទ្ទេវហេតុនេះ រដ្ឋាភិបាលប្រកាសផ្តល់ថវិកាដល់គ្រួសារសពដោយម្នាក់ៗទទួលបានទឹកប្រាក់ជាង៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយអ្នករងរបួសម្នាក់ៗទទួលបានជាង១ម៉ឺនដុល្លារ៕