31 C
Phnom Penh

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថ្មី សម្រេចលុបចោលក្របខណ្ឌមន្ត្រី១៣៥នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថ្មី លោក ព្រុំ សុខា ទើបទទួលតំណែងបន្តពីលោក ពេជ ប៊ុនធិន បានសម្រេចបញ្ឈប់មុខងារជាក្របខណ្ឌមន្ត្រីរាជការក្រសួងនេះចំនួន១៣៥នាក់។

ប្រកាសរបស់រដ្ឋមន្ត្រីថ្មី លោក ព្រុំ សុខា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដែលទើបតែផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះ បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ បានសម្រេចនិរាករណ៍សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីចាស់ចំនួន២។ សេចក្តីប្រកាសទាំងពីរដែលត្រូវបានរដ្ឋមន្ត្រីថ្មីប្រកាសនារាករណ៍ រួមមានសេចក្តីប្រកាសជ្រើសរើសមន្ត្រីរាជការឱ្យចូលក្របខណ្ឌក្រសួងមុខងារសាធារណៈ និងប្រកាសស្តីពីការទទួលស្គាល់មន្ត្រីរាជការក្របខណ្ឌក្រសួងមួយនេះចំនួន១៣៥នាក់។

នៅលើទំព័រហ្វេសប៊ុកក្រសួងមុខងារសាធារណៈនៅថ្ងៃនេះ ក៏បានបង្ហើបពីការបង្កើតគណៈកម្មការមួយ ដើម្បីពិនិត្យភាពមិនប្រក្រតីនៃការជ្រើសរើសមន្ត្រីរាជការក្របខណ្ឌពិសេសចំនួន១៣៥នាក់នេះផងដែរ។ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ពីភាពមិនប្រក្រតីនៃការជ្រើសរើស និងបញ្ចូលពួកគេទាំងនោះទៅក្នុងក្របខណ្ឌនោះទេ។

ប្រភពដដែលឲ្យដឹងទៀតថា គណៈកម្មការនេះ ក៏យល់ស្របទៅនឹងស្មារតីរបស់ប្រមុខរដ្ឋាភិបាល និងគោលការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសំដៅទៅដល់ប្រសិទ្ធភាពនៃវិធានការគ្រប់គ្រងចំនួនបុគ្គលិកមន្ត្រីរាជការស៊ីវិល និងការចំណាយបន្ទុកបុគ្គលិកឆ្នាំ២០២០ ព្រមទាំងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាកូវីដ១៩។

កាលពីថ្ងៃទី២០ ខែមេសា លិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ចំណាររបស់លោក ហ៊ុន សែន កាលពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០២០ ម្រេចនិរាករណ៍នូវប្រកាសស្តីពីការជ្រើសរើសមន្ត្រីរាជការ ១៣៥នាក់ ឱ្យចូលក្របខណ្ឌក្រសួងមុខងារសាធារណៈ ចុះថ្ងៃទី១៨  ខែកុម្ភៈ ឆ្នាំ២០២០ វិញ។ លើសពីនេះផ្អាកការផ្តល់ក្របខណ្ឌពិសេស ដែលលើសពីចំនួនមន្ត្រីរាជការចូលនិវត្តន៍ដល់គ្រប់ក្រសួង និងស្ថាប័នដទៃទៀតទាំងអស់ក្នុងឆ្នាំ២០២០ រហូតដល់ដល់ឆ្នាំ២០២៣។

ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃ២១ មេសា តំណាងមន្ត្រីកម្មសិក្សានៃក្របខណ្ឌក្រសួងមុខងារសាធារណៈចំនួន១៣៥នាក់ ក៏បានស្នើសុំលោក ហ៊ុន សែន ជួយអន្តរាគមន៍ ដោយរក្សាមុខងារនៅក្នុងក្របខណ្ឌដដែល បន្ទាប់ពីរដ្ឋមន្ត្រីថ្មីនៃក្រសួងនេះប្រកាសលុបឈ្មោះពួកគេចេញពីក្របខណ្ឌ។

ប្រភពដដែល អះអាងថា  ពួកគាត់សុខចិត្តមិនទទួលប្រាក់បៀវត្ស រួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗរហូតដល់ជំងឺកូវីដ១៩ ផុតរលត់ជាស្ថាពរ ឱ្យតែពួកគេទទួលបានក្របខណ្ឌជាមន្ត្រីរាជការនៅក្រសួងនេះឡើងវិញ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស