29 C
Phnom Penh

គណៈកម្មការ​ទន្លេមេគង្គ ជំរុញ​ដល់​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ទាំង ៦ ឱ្យ​ដោះស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មការ​ទន្លេមេគង្គ ឬហៅ​កាត់​ថា MRC បាន​ជំរុញ​ដល់​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ទាំង៦ រួមមាន​ចិន ភូមា ថៃ ឡាវ កម្ពុជា និង​វៀតណាម ឱ្យ​ដោះស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់។ការ​ស្នើ​នេះ ស្រប​ពេល​អាងទន្លេ​មេគង្គ​ក្រោម​ប្រឈម នឹង​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុងរយៈពេល ២ឆ្នាំ​បន្តបន្ទាប់​គ្នា ជាពិសេស​ធ្វើ​ឱ្យ​បឹងទន្លេសាប​របស់​កម្ពុជា​ជួបប្រទះ​ស្ថានភាព​ស្ងួត​ខ្លាំង​ដែល​បង្ក​ឱ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់កម្រិត​ទាប​បំផុត​ដែល​មិនធ្លាប់​មាន​ពីមុន​មក។

របាយការណ៍​របស់​គណៈកម្មការ​ទន្លេមេគង្គ​បានឱ្យ​ដឹង​ថា អំឡុង​ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ២០២០ កម្ពុជា​មាន​លំហូរ​ទឹក​ទាប និង​មាន​គ្រោះ​រាំងស្ងួត​ខ្លាំង។ប្រភព​ដដែល​បន្ត​ថា មូលហេតុ​ទាំងនេះ រួមមាន​បរិមាណ​ភ្លៀង​ធ្លាក់​តិចតួច​ខុសប្រក្រតី​ដែល​បង្ក​ដោយ​បាតុភូត​អាកាសធាតុ អែល នី​ណូ (El Nino​) ស្ថានភាព​លំហូរ​ទាប​រយៈពេល​យូរ​ដែល​បន្ត​អូស​បន្លាយ​ចាប់ពី​ឆ្នាំ២០១៩ និង​លំហូរ​ទឹក​កម្រិតទាប​ជាង​មុន ពី​ដៃទន្លេ​មេគង្គ។សម្រាប់​លំហូរ​ទាប​បែបនេះ បាន​ធ្វើ​ឱ្យ​បឹងទន្លេសាប​របស់​ប្រទេស​កម្ពុជា​ជួបប្រទះ “ស្ថានភាព​ស្ងួត​ខ្លាំង​”ដែល បង្ក​ឱ្យ​បរិមាណ​លំហូរ​ទឹកទន្លេ​ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់កម្រិត​ទាប​បំផុត​ដែល​មិនធ្លាប់​មាន​គិត​ចាប់ពី​ឆ្នាំ១៩៩៧ មក។

របាយការណ៍​ដដែល​បន្ថែម​ថា ប្រតិបត្តិ​ការ​នៃ​ទំនប់​វារីអគ្គិសនី​នានា​តាម​ដងទន្លេ​មេគង្គ​ក្នុង​អាងទន្លេ​មេគង្គ​ផ្នែក​ខាងលើ និង​ទំនប់​តាម​ដៃ​ទន្លេ​ផ្សេង​ៗក្នុង​អាងទន្លេ​មេគង្គ​ក្រោម ក៏អាច​នឹង​ជះឥទ្ធិពល​លើ​ស្ថានភាព​លំហូរ​ទឹក​ទាប នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។របាយការណ៍​របស់ MRC បាន​បង្ហាញថា លំហូរ​ទាប​នា​ពេល​បច្ចុប្បន្ន​អាច​នឹង​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​លើ​ប្រទេស​កម្ពុជា ដោយសារ​ការបាត់បង់​នូវ​សក្តា​នុ​ពល​ជលផល និង​ធារាសាស្ត្រ ពិសេស​ប៉ះពាល់​ដល់​ពលរដ្ឋ កម្ពុជា​ដែល​អាស្រ័យផល​នេសាទ​ក្នុង​តំបន់​ទន្លេសាប ហើយ​មាន​ពលរដ្ឋ​ខ្លះ​ស្ទើរ​ដាច់​ស្បៀង​ថែមទៀត។

បឹងទន្លេសាប ជា​បឹងធំ​ជាងគេ នៅក្នុង​អាស៊ី​អាគ្នេយ៍ ហើយ បឹង​នេះ​ត្រូវ​បាន​ចាត់ទុកជា​ទីជម្រក​ជីវចម្រុះ​មួយ​ក្នុង​ពិភពលោក និង​ជា​រោងចក្រ​ត្រី​ដ៏​សំខាន់​របស់​ទន្លេមេគង្គ។ រៀងរាល់​ឆ្នាំ​លំហូរ​ទឹកទន្លេ​មេគង្គ​ហូរ​ចូល​បឹងទន្លេសាប កើតមាន​ចាប់ពី​ពាក់កណ្តាល​ខែឧសភា ដល់​ពាក់កណ្តាល​ខែតុលា។ ប៉ុន្តែ​នៅ​ឆ្នាំនេះ លំហូរ​ទឹក​មាន​ភាពយឺត​យ៉ាវ​ខុសប្រក្រតី​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស