31 C
Phnom Penh

ចិនសន្យាជាមួយអាស៊ានថាត្រូវរួមគ្នាដោះស្រាយសមុទ្រចិនខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដំណើរទស្សនកិច្ចក្នុងប្រទេសជាសមាគមអាស៊ាន ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសចិន លោកឧត្តមសេនីយ៍ Wei Fenghe បានប្រាប់អ្នកសារព័ត៌មានថា បានសច្ចាជាមួយសមាគម             អាស៊ានថា ត្រូវរួមគ្នាដោះស្រាយសមុទ្រចិនខាងត្បូង។

តាមសារព័ត៌មានរបស់ចិន Global Times លោក Wei Fenghe បានទៅធ្វើទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ព្រុយណេ និងហ្វីលីពីនកាលពីថ្ងៃសប្ដាហ៍កន្លងមកនេះ។ ប៉ុន្តែលោកមិនបានទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនោះទេ។ ប្រទេសវៀតណាម គឺជាសមាជិកអាស៊ានដែលហ៊ានប្រឈមខ្លាំងជាងគេ បើប្រៀបធៀបនឹងប្រទេសក្នុងសមាគមអាស៊ានដែលមានជម្លោះដែនទឹកជាមួយចិន។

ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការពារជាតិប្រទេសចិន ត្រូវបានក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយជនជាតិចិន គិតឃើញថា មានសារៈសំខាន់ជាខ្លាំងដែលអាចធ្វើអោយសមាជិកអាស៊ាន មួយចំនួន យល់ឃើញល្អវិញសម្រាប់ចិនហើយនឹងធ្វើអោយមានការសាមគ្គីភាពរវាងអាស៊ាន និងចិនឡើងវិញផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Wei Fenghe បានជួបសមភាគីរបស់លោក ហើយក៏បានជួបនឹងមេដឹកនាំនៃប្រទេសទាំង៤នេះដែរ។ ជំនួបរវាង រដ្ឋមន្ត្រីការពារជាតិប្រទេសចិន និងសមភាគី អាស៊ាន គឺភាគីទាំង២ បានលើកឡើងអំពីជម្លោះសមុទ្រចិនខាងត្បូង ដោយទទួលបានការគាំទ្រ អំពីគោលបំណងរបស់ចិន ដែលសន្យាសាមគ្គីជាមួយសមាគមអាស៊ាន ដើម្បីរក្សាសន្តិភាព ស្ថេរភាព តំបន់។

លោក បន្តថា ប្រធានាធិបតីហ្វីលីពីន លោក Duterte ក៏បានសន្យានៅចំពោះលោកថា ហ្វីលីពីននឹងជួយធ្វើអោយមានស្ថិរភាពក្នុងតំបន់។ តែបើតាមប្រភពព័ត៌មាន ដដែលនេះ  លោកប្រធានាធិបតីហ្វីលីពីន បានស្នើអោយចិន អនុវត្តអោយបាននូវ ច្បាប់សមុទ្រអន្តរជាតិ ឆ្នាំ១៩៨២ដែលលោក Duterte ធានាថាបើចិនអនុវត្តនូវការកាតព្វកិច្ចរបស់ខ្លួន ជាភាគីមួយនៃច្បាប់នេះគឺអាចមានដំណោះស្រាយចំពោះជម្លោះដែនសមុទ្រនៅ សមុទ្រចិនខាងត្បូង។ លោក Duterte ក៏បានជំរុញអោយចិន ជួយបង្កើតអោយបាននូវ ក្រមប្រតិបត្តិសមុទ្រ។

ទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការពារជាតិចិនក្នុងសមាគមអាស៊ាន គឺចំពេលដែលក្រុម រដ្ឋមន្ត្រីការបរទេស នៃសមាគមនេះ បើកកិច្ចប្រជុំ ។ កិច្ចប្រជុំនេះបានបិទបញ្ចប់កាលពីថ្ងៃទី១២កញ្ញា។ 

ក្រុមរដ្ឋមន្ត្រីអាស៊ានព្រួយបារម្ភជាខ្លាំងដែលពួកគាត់ថា ការប្រឈមមុខដាក់គ្នា រវាងចិន និងអាមេរិក នៅសមុទ្រចិនខាងត្បូង គឺជាក្ដីបារម្ភរួមគ្នានៃសមាគមអាស៊ាន ។

រដ្ឋមន្ត្រីការបរទេសវៀតណាម ផានមីនបិញ បានលើកឡើងថា អាស៊ាន មិនត្រូវបង្អែលបង្អល់ ឡើយចំពោះការបង្កើតក្រមប្រតិបត្តិសមុទ្រ ។ លោកថាវាជាឧបករណ៍ច្បាប់មួយដើម្បីដាក់អោយអនុវត្តដោយអនុលោមតាមច្បាប់ សមុទ្រអន្តរជាតិឆ្នាំ១៩៨២។ លោកទទូចថា អាស៊ាន ត្រូវរកសំឡេងអោយបានក្នុងការទប់ស្កាត់ ចលនាណាមួយដែល អាចបំផ្លាញ សន្តិភាព ស្ថិរភាពតំបន់។

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបទេសអាស៊ាន  ដែលមានវត្តមានរដ្ឋមន្ត្រីការបរទេស អាមេរិក និងចិនចូលរួមផងដែរ គេសង្កេតឃើញ រដ្ឋមន្ត្រីការបរទេស នៃប្រទេសមហាអំណាចទាំង២ មានការនិយាយប្រជែងគ្នាខ្លាំងៗ។

រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក Mike Pompeo បានប្រាប់ទៅសមភាគី ចិនថា សុំកុំបានតែនិយាយ គឺបង្ហាញការសន្យារបស់អ្នកទៅ។

លោកបានទទួចសុំអោយសមាជិកអាស៊ាន កុំផ្ដេកផ្ដួលនិងមានជំនឿទៅលើចិន ដែលលោកថា និយាយច្រើន តែគ្មានភាពទៀងត្រង់នោះទេ។ លោក Mike Pompeo ក៏បានទទូចអោយសមាជិកអាស៊ាន បន្តសាមគ្គីគ្នាដាក់សម្ពាធលើចិន ហើយសម្រាប់សហរដ្ឋអាមេរិក សន្យាជួយរក្សាសន្តិភាពសម្រាប់តំបន់អាស៊ានបន្តទៀត។

ចំណែកឯរដ្ឋមន្ត្រីការបរទេសចិន វាំងយី បានថ្លែងទៅកាន់សមភាគី  អាស៊ានថា ចិន ពិតជាចង់បានកិច្ចសហប្រតិបត្តិការទូលំទូលាយជាងមុនជាមួយសមាគមអាស៊ាន ទាំងគ្រប់ផ្នែករួមទាំងបញ្ហាសន្តិសុខតំបន់ ផងដែរ។

លោកអះអាងថាចិនពិតចង់អោយមានក្រមប្រតិបត្តិ សមុទ្រ ហើយសង្ឃឹម វានឹងក្លាយជា ឧបរណ៍មួយជួយអោយមានសន្តិភាពសម្រាប់តំបន់។ ប៉ុន្តែសេចក្ដីថ្លែងការណ៍របស់ លោកវាំងយី បានវាយប្រហារសហរដ្ឋអាមេរិក ដោយចាត់ទុកទង្វើរបស់កងនាវា ចម្បាំងរបស់សហរដ្ឋអាមេរិក នៅសមុទ្រចិនខាងត្បូង គឺជាក់ស្ដែងណាស់ដែលក្រុងវ៉ាស៊ីនតោន ចូលខ្លួនមកប្រឡូកប្រឡាក់នឹងកិច្ចការរបស់តំបន់។ លោកទទូចថា អាស៊ាន ត្រូវបែងចែកអោយច្បាស់រវាង មិត្តក្នុងតំបន់និងមិត្តក្រៅតំបន់។

សម្រាប់អ្នកវិភាគ Li Haidong,  ជាសាស្ត្រាចារ្យ មុខវិជ្ជាទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យកិច្ចការបរទេស ចិន បានប្រាប់ Global Times ថា ថាចិន នៅតែជាមិត្តមិនអាចខ្វះបានសម្រាប់សមាគម                 អាស៊ាន ហើយក្រុងប៉េកាំង ពិតជាមិនចង់បង្កើតសត្រូវក្នុងតំបន់នោះទេ។

លោកបន្តថាអ្នកប្រជែងមកពីខាងក្រៅ ក៏មិនល្អដែរសម្រាប់ប្រទេសក្នុងតំបន់។ លោកមើលឃើញថាសហរដ្ឋអាមេរិក ដូចជាបញ្ចេញឥទិ្ធពល ហួសហេតុបន្តិច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស