28.5 C
Phnom Penh

ក្រសួងមហាផ្ទៃ ថាការបែងចែកព្រំប្រទល់ថ្នាក់រាជធានី-ខេត្ត មិនបានច្បាស់លាស់នាំឱ្យមានការដណ្តើមសមត្ថកិច្ចគ្នាក្នុងការគ្រប់គ្រង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងមហាផ្ទៃ បានលើកឡើងថា ការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត មិនបានច្បាស់លាស់ ជាហេតុនាំឱ្យមានការប្រទាញប្រទង់ដណ្តើមសមត្ថកិច្ចគ្នាក្នុងការគ្រប់គ្រង។ លើសពីនេះ វានឹងជះឥទ្ធិពលមិនល្អដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរៀបចំផែនការអភិវឌ្ឍ ការការពារសន្តិសុខសណ្តាប់ធ្នាប់ និងកិច្ចការផ្សេងៗទៀតនៅតំបន់ទាំងនោះជាដើម។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៣ខែវិច្ឆិកា ដែលបានជម្រាបជូនអភិបាលរាជធានី-ខេត្តទាំងអស់ បញ្ជាក់ថា តាមស្ថានភាព ជាក់ស្តែងនាពេលបច្ចុប្បន្ន ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅតំបន់មួយចំនួនបានធ្វើការកំណត់ច្បាស់លាស់រួចហើយ ប៉ុន្តែតំបន់ខ្លះនៅមិនទាន់បានសិក្សា និងកំណត់ឱ្យបានច្បាស់លាស់ នៅឡើយ។

ក្រសួងបន្តថា ការកំណត់មិនបានច្បាស់លាស់នេះ នាំឱ្យមានការដណ្តើមអំណាចគ្នាក្នុងការគ្រប់គ្រង ដែលជាហេតុជះឥទ្ធិពលអាក្រក់ ដល់ការផ្តល់សេវាសាធារណៈជូនពលរដ្ឋ ការរៀបចំផែនការអភិវឌ្ឍ ព្រមទាំងប៉ះពាល់ដល់ការការពារសន្តិសុខសណ្តាប់ធ្នាប់ ផងដែរ។

លិខិតដដែល ក៏បានជំរុញឲ្យគណៈកម្មការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់រាជធានី-ខេត្ត ដែលបានបង្កើតនាពេលកន្លងមកឱ្យធ្វើការសិក្សា និងវាយតម្លៃលម្អិតឱ្យបានច្បាស់លាស់អំពីស្ថានភាពព្រំប្រទល់រដ្ឋបាល និងភាពចាំបាច់ នៃការកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បានកំណត់ច្បាស់លាស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើកត្តាផ្សេងៗ។

កត្តាទាំងនោះ ដូចជាការផ្អែកតាមកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។

ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងព្រំប្រទល់រដ្ឋបាលមិនទាន់មានភាពច្បាស់លាស់នេះ ក្រសួងមហាផ្ទៃស្នើលោកលោកស្រី ជំរុញគណៈកម្មការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់រាជធានី-ខេត្ត ដែលបានបង្កើតនាពេលកន្លងមក។

លើសពីនេះ ត្រូវធ្វើការសិក្សា និងវាយតម្លៃលម្អិតឱ្យបានច្បាស់លាស់អំពីស្ថានភាពព្រំប្រទល់រដ្ឋបាល និងភាពចាំបាច់ នៃការកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បានកំណត់ច្បាស់លាស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការកំណត់នោះ ដោយផ្អែកតាមកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ របស់ក្រសួងមហាផ្ទៃ។

ក្រសួងបញ្ជាក់ទៀតថា ចំពោះព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ដែលមិនទាន់មានភាពច្បាស់លាស់ ឬមានទំនាស់រវាងរាជធានី និងខេត្ត រវាងខេត្ត និងខេត្ត ស្នើលោក លោកត្រូវពិនិត្យ សិក្សា សម្របសម្រួល និងដោះស្រាយឱ្យមានការឯកភាពគ្នារួចធ្វើរបាយការណ៍លម្អិតអំពីលទ្ធផលសម្រេចបាន និងលើកសំណើសុំការកែសម្រួលព្រំប្រទល់រដ្ឋបាលមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ខែធ្នូ នៃឆ្នាំ២០២០ ជាកំហិត៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស