41.3 C
Phnom Penh

អតីតបុគ្គលិកសណ្ឋាគារលំដាប់ផ្កាយ៥ មួយនៅភ្នំពេញដាក់ញ្ញត្តិទៅក្រសួងការងារជួយអន្តរាគមន៍ករណីបញ្ឈប់បុគ្គលិកជាង៥០នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតបុគ្គលិកក្រុមហ៊ុនសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ជាង២០នាក់ បាននាំគ្នាយកញ្ញត្តិទៅដាក់នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើឱ្យក្រសួងជួយអន្តរាគមន៍ករណីថៅកែបញ្ឈប់បុគ្គលិកជាង៥០នាក់ ដោយមិនទាន់ទទួលបានដំណោះស្រាយសមរម្យ។

បុគ្គលិកដែលបានយកញ្ញត្តិទៅដាក់នៅក្រសួងការងារមួយរូប បានលើកឡើងតាមរយៈការផ្សាយផ្ទាល់នៃទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ នៅថ្ងៃទី១៧ខែវិច្ឆិកា បានអះអាងថា គោលបំណងក្នុងការដាក់ញត្តិរបស់ពួកគេ គឺដើម្បីទាមទារឱ្យរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ជួយអន្តរាគមន៍ករណីនេះ ពិសេសបញ្ជូនសំណុំរឿងនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីធ្វើការដោះស្រាយឱ្យបានឆាប់ចប់។

ប្រភពដដែលបន្តថា ក្នុងសំណើនោះ អតីតបុគ្គលិកសណ្ឋាគារលំដាប់ផ្កាយ៥មួយនេះ ក៏បានស្នើឱ្យភាគីសណ្ឋាគារត្រូវបញ្ឈប់បុគ្គលិកឱ្យស្របតាមច្បាប់ ពិសេសស្របតាមមាត្រាទី៩៥នៃច្បាប់ការងារ ដែលចែងអំពីការផ្តល់ប្រាក់អតីតភាពការងារដល់បុគ្គលិក។ ការចែងអំពីវិជ្ជាជីវៈនៃការងារ និងស្ថានភាពគ្រួសារបុគ្គលិកជាដើម។

លើសពីនេះ ពួកគាត់ស្នើឱ្យមានការដោះស្រាយបញ្ហាប្រាក់អតីតភាពការងារជូនបុគ្គលិកដែលត្រូវបានបញ្ឈប់ បញ្ហាប្រាក់សងជំងឺចិត្ត ដែលខាងសណ្ឋាគារមិនបានអនុវត្តឱ្យស្របទៅតាមច្បាប់នោះឡើយ។

ចុងក្រោយពួកគេស្នើឱ្យភាគីសណ្ឋាគារ ដោះស្រាយនូវប្រាក់ដែលបានកាត់ទុកពីបុគ្គលិកក្នុងពេលបំពេញការងារ ចំពោះការបែកបាក់សម្ភារៈ ខណៈដែលខាងក្រុមហ៊ុនបញ្ឈប់បុគ្គលិកជាង៥០នាក់ នៅមិនទាន់បានដោះស្រាយបញ្ហានេះនៅឡើយទេ។ ប្រភពដដែលបន្តថា ក្នុងការបញ្ឈប់បុគ្គលិកចំនួន៥៣នាក់ កាលពីពេលកន្លងមកខាងសណ្ឋាគារបានដោះស្រាយនូវចំណុចខ្លះ ប៉ុន្តែមិនទាន់បានទាំងស្រុងនោះទេ។

ក្នុងការដាក់ញ្ញត្តិនៅក្រសួងការងារនៅព្រឹកថ្ងៃអង្គារ៍នេះ ខាងក្រសួងបានហៅតំណាងអតីតបុគ្គលិកសណ្ឋាគារលំដាប់ផ្កាយ៥មួយនេះចំនួន១០នាក់ចូលជួប ដើម្បីពិភាក្សាគ្នា និងពន្យល់អំពីដំណើរការក្នុងការដោះស្រាយបញ្ហានេះ។

បុគ្គលិកដែលបានចូលទៅជួបតំណាងក្រសួងការងារ អះអាងថាខាងក្រសួងបានសន្យាថានឹងខិតខំដោះស្រាយវិវាទនេះឱ្យបានឆាប់ៗ និងស្នើឱ្យភាគីអតីតបុគ្គលិកសណ្ឋាគារសូហ្វីតែល ដែលយកញ្ញត្តិទៅដាក់ត្រូវទំនាក់ទំនងជាប្រចាំទៅខាងក្រសួង ព្រមទាំងស្នើឱ្យអតីតបុគ្គលិកសណ្ឋាគារទាំងនោះបញ្ឈប់ការតវ៉ាបែបនេះទៀត។

បុគ្គលិកសណ្ឋាគារសូហ្វីតែលចំនួន៥៣នាក់ ត្រូវបានខាងសណ្ឋាគារបញ្ឈប់កាលពីខែសីហា ដោយគ្រាន់តែជូនដំណឹងដល់ពួកគាត់មួយថ្ងៃមុនប៉ុណ្ណោះ ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់នោះឡើយ។ ក្រុមអតីតបុគ្គលិកសណ្ឋាគារសូហ្វីតែល ដែលនាំគ្នាឈនិងលើកបដានៅមុខក្រសួងការងារ បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងមួយនេះពន្លឿនការដោះស្រាយវិវាទការងារ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនពួកគាត់ឱ្យបានឆាប់ចប់។ ពួកគេបន្ថែមថាប្រសិនបើការដោះស្រាយនៅបន្តអូបន្លាយទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស