28 C
Phnom Penh

មន្ត្រីនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ រកឃើញជនជាតិចិន រាប់សិបនាក់ ចូលមកធ្វើការខុសច្បាប់ ក្នុងខេត្តព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យប័ណ្ណការងារ ទៅលើក្រុមហ៊ុនចំនួន០៦ ដែលមានជនបរទេស ឬពលករបរទេស បំរើការងារនៅតាមក្រុមហ៊ុនទាំងនោះ បាន រកឃើញជនបរទេសចូលមកធ្វើការងារខុសច្បាប់ រាប់សិបនាក់ ក្នុងខេត្តព្រះសីហនុ។

លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានប្រាប់ក្រុមអ្នកសាព័ត៌មានថា  ក្រុមហ៊ុនទាំង ០៦ ដែលក្រុមការងារចម្រុះចល័តចុះត្រួតពិនិត្យទាំងនោះរួមមាន៖

ទី១- សណ្ឋាគារ ហាយជីកាង អ៊ិនធើណាសសិនណល ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរចំនួន ០៧នាក់ (ស្រី០៥នាក់) បរទេសចំនួន ០២នាក់ ហើយអ្នកមានប័ណ្ណការងារចំនួន ០១នាក់ និងគ្មានប័ណ្ណការងារ ចំនួន ០១នាក់។

ទី២- ភោជនីយ៍ដ្ឋាន មែនជាងហង ស្ថិតក្នុងសង្កាត់ លេខ៣ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរ ចំនួន ១៦នាក់ (ស្រី០៥នាក់) បរទេសចំនួន ១១នាក់(ស្រី០១នាក់) គ្មានប័ណ្ណការងារទាំង ១១នាក់។

ទី៣- ក្រុមហ៊ុន យុនណាន Construction Investment ហូលឌីងគ្រុប ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរចំនួន ៧៨នាក់ (ស្រី១៥នាក់) បរទេសចំនួន ៥៥នាក់ (ស្រី០១នាក់) មានប័ណ្ណការងារចំនួន ៤៩នាក់ និងគ្មានប័ណ្ណការងារ ចំនួន ០៦នាក់។

ទី៤- ក្រុមហ៊ុន ម៉ីតេ ប្រូហ្វាខេន ខនស្រ្តាក់សិន ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរចំនួន ០៧នាក់ (ស្រី០៥នាក់) បរទេសចំនួន ៥០នាក់ (ស្រី០១នាក់) មានប័ណ្ណការងារចំនួន ២៣នាក់ និងគ្មានប័ណ្ណការងារចំនួន ២៧នាក់។

ទី៥- ការដ្ឋានសំណង់គ្មានឈ្មោះ (ផ្លូវ LV) ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើកំណត់ ហេតុដករក្សាទុកបណ្តោះអាសន្ន នូវលិខិតឆ្លងដែនជនបរទេសចំនួន ១៦នាក់។

ហើយទី៦- ក្រុមហ៊ុនសំណង់ចិន មិតលេន (ខេមបូឌា) ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ  ត្រូវអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើកំណត់ហេតុដករក្សាទុកបណ្តោះអាសន្ន នូវលិខិតឆ្លងដែនជនបរទេសចំនួន ១១នាក់។

លោក យ៉ូវ ខេមរា បញ្ជាក់ថា ប្រត្តិបត្តិការត្រួតពិនិត្យប័ណ្ណការងារ របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងក្រសួងការងារនេះ នឹងបន្តចុះអនុវត្តនៅតាមក្រុមហ៊ុនជាច្រើនទៀត ដែលបើកធ្វើអាជីវកម្មក្នុងក្រុងព្រះសីហនុ ដើម្បីត្រួតពិនិត្យ លើការងារអធិការកិច្ច ហត្ថពលកម្មបរទេស ការចុះពិនិត្យលើប័ណ្ណ និងសៀវភៅការងារជនបរទេស តាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្ត អាជីវកម្មរណប អាជីវកម្មពុំមាននាមករណ៍ អាជីវកម្មពេលរាត្រី អាជីវកម្មចល័ត អាជីវកម្មលើផ្ទៃទឹក និងអាជីវកម្មផ្សេងៗទៀត នៅក្នុងខេត្តព្រះសីហនុ ដើម្បីអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ស្ដីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានត្រឹមត្រូវស្របតាមច្បាប់ជាធរមាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស