31 C
Phnom Penh

GDP អបអសាទរការចងសម្ព័ន្ធភាពអ្ន កប្រជាធិបតេយ្យរវាងគណបក្សនយោបាយ៣ នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានសំដែងការសាទរ នៃការចងសម្ព័ន្ធភាពនៃគណបក្សនយោបាយ៣ថា ជាសញ្ញាវិជ្ជមានមួយសម្រាប់បរិបទនយោបាយនៅកម្ពុជា ដើម្បីទាញយកធនធានមនុស្សដែលមានស្រាប់ក្នុងការចូលរួមកសាងប្រជាធិប តេយ្យឲ្យបានល្អប្រសើរដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក យ៉ង សាំងកុមារ បានអះអាងថា ប្រសិនបើការចងសម្ព័ន្ធភាពនេះធ្វើឡើងក្នុងគោលបំណងពិតប្រាកដ និងមានគោលដៅជាក់លាក់ នោះការរួបរួមបែបនេះនឹងក្លាយក្តីសង្ឃឹមថ្មីសម្រាប់សម្រាប់ ពលរដ្ឋខ្មែរ ត្បិតការរួបរួមក្នុងសង្គមប្រជាធិបតេយ្យ គឺដើម្បីផលប្រយោជន៍ពលរដ្ឋមិនមែនដើម្បីប្រយោជន៍ក្រុមណាមួយនោះទេ។

លោកបន្តថាគណបក្សរបស់លោក នឹងបើកចំហរសម្រាប់គណបក្សនយោបាយទូទៅដើម្បីធ្វើការរួបរួម ប៉ុន្តែជាការសហការដែលមានក្រមសីលធម៌នៃអ្នកនយោបាយ មិនជេរប្រមាថ មិនលាបពណ៌ គ្មានការគម្រាមកំហែង និងចាប់បង្ខិតបង្ខំពីភាគីណាមួយនោះទេ។

ជាងនេះទៀត លោកបញ្ជាក់ថា ការសហការដែលល្អគឺ ត្រូវនាំគ្នាលើកស្ទួយប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ ក្នុងនោះគឺត្រូវជុំរុញ និងកែសម្រួល គជប ឲ្យបានកាន់តែល្អប្រសើជាងនេះ បន្ថែមទៀត ដើម្បីរៀបចំដំណើរការនៃការបោះឆ្នោតឲ្យបាន សេរីត្រឹមត្រូវ និងយុត្តិធម៌ និងត្រូវលុបបំបាត់សកម្មភាពដែលតែងបង្ករការភ័យខ្លាចដល់ពលរដ្ឋ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពី គណបក្សនយោបាយចំនួន៣ បានសម្រេចចងសម្ព័ន្ធភាពនឹងគ្នាបង្កើតទៅជា សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដែលគ្រោងនឹងប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

ចំណែក  លោក អ៊ិត សារុំ ប្រធានគណបក្សបំណងពលរដ្ឋ បានប្រាប់ The Cambodia Daily នៅថ្ងៃនេះថា គណបក្សបំណងពលរដ្ឋរបស់លោក នឹងមិនចូលរួមក្នុងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ នោះទេ ហើយគណបក្សរបស់លោកក៏មិនទទួលបានការអញ្ជើញឲ្យទៅចូលរួមកិច្ចពិភាក្សាណាមួយស្តីពីការបង្កើត សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ នេះទេ។ ជាងនេះទៀត លោកថា អ្នកនយោបាយដែលមានឆន្ទៈជួយជាតិ និងមានគោលដៅដូចគ្នា មិនចាំបាច់នៅផ្តុំគ្នាតែក្នុងបក្សមួយនោះទេ ផ្ទុយទៅវិញទោះពួកគេនៅក្នុងផ្នែកណាមួយក៏ដោយ ក៏សុទ្ធសឹងតែជាកំលាំងចលករអាចជួយប្រទេសជាតិបានដែរ។

យ៉ាងណាក៏ដោយ លោកអះអាងថា លោកគាំទ្រការចំពោះការរួបរួមទាំងឡាយណាដែលនាំទៅដល់ការកែប្រែ ឬពង្រឹងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបម្រើផលប្រយោជន៍សង្គមទាំងមូល ជាងនេះទៀត លោកថា គណបក្សនយោបាយទាំងអស់មានសិទ្ធិពេញលេញក្នុងការសម្រេចចិត្តដើម្បីកំណត់សកម្មភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

គណបក្សចំនួន៣នៅកម្ពុជាបានសម្រេចចងសម្ព័ន្ធភាពនឹងគ្នាបង្កើតទៅជា សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ (THE ALLIANCE OF KHMER DEMOCRATS) ក្នុងនោះមាន គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សុណង់ដូ គណបក្ស ខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ និងគណបក្ស ខ្មែរតែមួយ របស់លោក កែម រិទ្ធិសិទ្ធិ។

គោលបំណងនៃការបង្កើត សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ នេះ គឺមានគោលដៅ រឹតចំណងសាមគ្គីភាព ដើម្បីធ្វើកិច្ចសហប្រតិបត្តិការសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅអាណត្តិទី៧ ក្នុងឆ្នាំ២០២៣។

សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរនេះ គ្រោងនឹងប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា នេះ ក៏ប៉ុន្តែត្រូវអាក់ខានទៅវិញ ដោយសារតែការផ្ទុះឡើងសារជាថ្មីនៃវីរុសកូវីដ១៩ ហើយគម្រោងនៃការប្រកាសការចងសម្ព័ន្ធភាពជាផ្លូវការនេះ នឹងត្រូវពន្យាពេលរហូតដល់ដើមខែធ្នូ ឆ្នាំ២០២០ ខាងមុខជំនួសវិញ។

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានបង្កើតឡើង ក្នុងអំឡុង ខែកក្កដា ឆ្នាំ២០១៥ រីឯគណបក្សខ្មែររួបរួមជាតិបានបង្កើតឡើង កាលពី ខែមីនា ឆ្នាំ២០១៦ និងគណបក្សខ្មែរតែមួយ របស់លោក កែម រិទ្ធិសិទ្ធិ បានដំណើការ ជាផ្លូវការ កាលពី ខែមីនា ឆ្នាំ២០១៨។

ទាក់ទិននឹងការបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ នេះ គណបក្សនយោបាយទាំងបី មិនបានច្របាច់បញ្ចូលគ្នានោះទេ ដោយគណបក្សនយោបាយនីមួយៗ រក្សាឈ្មោះគណបក្ស និងរចនាសម្ព័ន្ធរៀងៗខ្លួនដដែល។ ការមិនច្របាច់បញ្ចូលគ្នានេះ គឺដើម្បីបង្ករលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដទៃ ដែលមានឆន្ទៈចង់ចូលរួមជាមួយ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស