33 C
Phnom Penh

កម្ពុជាផ្តល់ម៉ាស់ចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនដល់ រដ្ឋាភិបាលមីយ៉ាន់ម៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជំនួយជាម៉ាស់ចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ១៩។

យោងតាមលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើជូនទីប្រឹក្សារដ្ឋសាធារណរដ្ឋសភាពមីយ៉ាន់ម៉ា គឺលោកស្រី អោង សានស៊ូជី ដែលបានសម្រេចផ្តល់នូវអំណោយជាម៉ាសចំនួន២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។

យ៉ាងណា ក្នុងសេចក្តីផ្តើមនៃលិខិតនោះ បានចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះអ្នកស្រី អោង សានស៊ូជី ជាថ្មីទៀត ចំពោះជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ។

ម៉ាស់ទាំង២លាន និងសម្ភារវេជ្ជសាស្ត្រទាំងនេះ លោកហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង នាំយកទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកា ។

លិខិតដដែលបញ្ជាក់ថាជំនួយទាំងនេះ ធ្វើឡើងក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩។ 

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនេះ លោកហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា។

លោកនាយករដ្ឋមន្ត្រីក៏បានអះអាងជាថ្មីទៀតដែរ ក្នុងការប្តេជ្ញាចិត្តដើម្បីធ្វើការងារជាមួយ អ្នកស្រី ឱ្យកាន់តែជិតស្និត ក្នុងគ្របខណ្ឌទ្វេភាគី និងក្នុងតំបន់ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើនបន្ថែមទៀត សម្រាប់ប្រទេសទាំងពីរ និងវិបុលភាពដ៏ធំធេងសម្រាប់សហគមន៍អាស៊ាន។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់នូវអំណោយរួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ជូនទៅរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ។

កម្ពុជាបញ្ជាក់ថា ជំនួយជាម៉ាស និងសម្ភារៈពេទ្យដល់ឡាវពេលនោះ ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ គឺជាកាយវិការបង្ហាញនូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាព របស់ពលរដ្ឋកម្ពុជាជាមួយប្រជាជនឡាវ នៅក្នុងកាលៈទេសៈដែលពិភពលោក ទាំងមូលកំពុងជួបនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក លើសុវត្ថិភាពនៃសុខភាព និងសន្តិសុខមនុស្សជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស