35 C
Phnom Penh

លោក សម រង្ស៊ី ហៅការផ្តន្ទាទោសលោក និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនថាជាសញ្ញាភ័យខ្លាចរបស់លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានហៅការសម្រេចរបស់តុលាការក្រុងភ្នំពេញ ជុំវិញការប្រកាសសាលក្រមផ្តន្ទាទោសលោក និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនឱ្យជាប់ពន្ធនាគារជាង២០ ឆ្នាំ ថាជាសញ្ញានៃការភ័យខ្លាចរបស់លោកហ៊ុន សែន ។

សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១ខែមីនានេះ លោក សម រង្ស៊ី អះអាងថា ទីបំផុតតុលាការអាយ៉ងនៅទីក្រុងភ្នំពេញ បានកាត់ទោសលោក ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ។ លើសពីនេះ តុលាការក៏ប្រកាសដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យផងដែរ ពោលគឺសិទ្ធិនយោបាយត្រូវបានហាមឃាត់។

លោកបន្តថា សាលក្រមនេះគឺជារឿងគួរឱ្យអស់សំណើច ដែលឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់លោក ហ៊ុន សែន ព្រោះចង់កម្ចាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយនៅកម្ពុជា។ លោក សម រង្ស៊ី បញ្ជាក់ថា លោក ហ៊ុន សែន បានដឹងហើយថា បើមានការបោះឆ្នោតត្រឹមត្រូវរបបផ្តាច់ការ ដែលជារបបហួសសម័យរបស់លោកហ៊ុន សែន នឹងដល់ទីបញ្ចប់។

អតីតមេបក្សប្រឆាំងរូបនេះ អះអាងថាអ្នកណាដែលត្រូវបានតុលាការអាយ៉ង ក្រោមរបបផ្តាច់ការធ្វើទុក្ខបុកម្នេញ អ្នកនោះជាអ្នកតស៊ូ ស្វែងរកសេរីភាពជូនប្រទេសជាតិយ៉ាងពិតប្រាកដ។

ការលើកឡើងរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រមកាត់ទោសលោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។

ក្រៅពីកាត់ទោស លោក សម រង្ស៉ី  តុលាការក៏បានកាត់ទោសអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលនៅក្រៅប្រទេសចំនួន៨រូបផ្សេងទៀតរួមមាន អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង អ្នកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារពី២០ឆ្នាំ ដល់២២ឆ្នាំផងដែរ។

លោក សម រង្ស៊ី និងបក្ខពួករបស់ខ្លួននៅក្រៅប្រទេសបានប្រកាសយកថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសកម្ពុជា ដោយអះអាងថាជាការវិលត្រឡប់មកយកអំណាចជូនពលរដ្ឋវិញ និងដើម្បីរំដោះប្រទេសជាតិចេញពីក្រញាំដៃនៃរបបផ្តាច់ការរបស់លោកហ៊ុន សែន។ ប៉ុន្តែផែនការនេះត្រូវបានបរាជ័យទាំងស្រុង។ 

ក្រោមផែនការនេះ លោក សម រង្ស៉ី និងមន្ត្រីជាន់ខ្ពស់របស់ខ្លួន៨រូបផ្សេងទៀត ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ ឧបឃាត តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្រៅពីអតីតមេបក្ស និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលត្រូវបានតុលាការចោទប្រកាន់ជុំវិញផែនការវិលចូលស្រុកនេះ ក៏មានអតីតសកម្មជនរាប់សិបនាក់ផ្សេងទៀតក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយតុលាការចោទប្រកាន់ពួកគេពាក់ព័ន្ធនឹងការចូលរួមផែនការ៩វិច្ឆិកានេះផងដែរ។

យ៉ាងណារដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយដោយសេរី មានសិទ្ធិចូលរួមក្នុងការបោះឆ្នោត និងមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ដោយគ្មានការបង្ខិតបង្ខំ និងគំរាមកំហែង។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះថា របបណាដែលប្រើប្រាស់អំណាចរដ្ឋដើម្បីបង្ក្រាប និងដាក់ទណ្ឌកម្មលើប្រជាពលរដ្ឋមិនឲ្យប្រើប្រាស់សិទ្ធិសេរីភាពដោយសន្តិវិធី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ របបនោះគឺធ្វើសង្គ្រាមប្រឆាំងនឹងប្រជាពលរដ្ឋខ្លួនឯង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស