34 C
Phnom Penh

អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងប្រធានាធិបតីអាមេរិក ព្រមានរបបសឹកភូមាអោយបញ្ឈប់ការបាញ់សម្លាប់បាតុករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទោះជាមិនមែនជាសាច់ឈាមនឹងប្រជាជនភូមាពិតមែន តែជាការទទួលខុសត្រូវ មួយក្នុងនាមជាអ្នកការអាយុជីវិតជនស៊ីវិលនៅលើពិភពលោក។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទនេះ បាន     អោយដឹងថា មនុស្សយ៉ាងតិចណាស់ ១៨នាក់ស្លាប់ និងជាង៣០នាក់ទៀតរងរបួស ហើយបាតុករជាង១០០នាក់ ត្រូវបានចាប់ខ្លួន បន្ថែមទៀតដែលនាំអោយ ការចាប់ខ្លួនមនុស្ស កើនឡើង ជិត៩០០នាក់។

ពីទីក្រុងញ៉ុវយ៉ក លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើព្រៃផ្សៃរបស់ពួកយោធាភូមា ដែលបានបាញ់ប្រហារទៅលើអ្នកធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ។ លោកមានការរំជួលចិត្តជាខ្លាំង ចំពោះការកើនឡើងនៃអ្នកស្លាប់ និងអ្នករបួសធ្ងន់ធ្ងរ។

លោកព្រមានទៀតថា ការប្រើកម្លាំងបង្ក្រាបដ៏ប្រល័យទៅលើអ្នកធ្វើបាតុកម្មដោយសន្តិវិធី និងការចាប់ខ្លួនតាមទំនើងចិត្ត គឺមិនអាចទទួលយកបានជាដាច់ខាត។

លោកអគ្គលេខាធិការ បានទទូចដល់សហគមន៏អន្តរជាតិ ឲ្យរួមគ្នាបញ្ជួនសញ្ញាច្បាស់ៗ ដល់ពួកយោធាភូមា គឺត្រូវតែបញ្ឈប់ការបង្ក្រាបលើបាតុករ ហើយថា ត្រូវតែគោរពឆន្ទៈពលរដ្ឋ ដែលបានស្តែងឡើងតាមរយៈការបោះឆ្នោត។ នេះបើតាមរយៈអ្នកនាំពាក្យ អង្គការសហប្រជាជាតិ។ មកដល់ថ្ងៃនេះ គឺមួយខែហើយ ដែលពលរដ្ឋភូមា បានធ្វើបាតុកម្ម ប្រឆាំងរបបរដ្ឋប្រហាររបស់ ពួកយោធា ដឹកនាំដោយ ឧត្តមសេនីយ៍មីនអ៊ុងឡាំង។

ក្រុមអ្នកតវ៉ាបានកាន់បដា និងស្រែកពាក្យស្លោកប្រឆាំងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ទោះបីមានការកើនឡើងវត្តមានកម្លាំងសន្តិសុខ រថយន្តបាញ់ទឹកនៅតំបន់នោះក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសាក្សីផ្ទាល់ភ្នែក មកពីសង្គមស៊ីវិផ្នែកសិទិ្ធមនុស្សឲ្យដឹងថា ប៉ូលិសបង្ក្រាបកុបកម្មប្រហែល ៥០ នាក់ បានធ្វើសកម្មភាពប្រឆាំងក្រុមបាតុករ ហើយបានចាប់ខ្លួនបាតុករជាង១០០នាក់ រយៈពេល២ថ្ងៃមកនេះ។ ចំនួនមនុស្សស្លាប់បានកើនឡើង ១៨នាក់។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា អ្នកកាសែតជប៉ុនម្នាក់ត្រូវបានឃុំខ្លួននៅឯកន្លែងតវ៉ា នៅទីក្រុង Yangon កាលពីថ្ងៃសុក្រ។

វិបត្តិនយោបាយនៅក្នុងប្រទេសនេះបានធ្លាក់ចុះកាន់តែអាក្រក់ នៅពេលក្រុមអ្នកគាំទ្ររបបយោធានៅទីក្រុង Yangon បានវាយប្រហារទៅលើបាតុករ ដែលបានតវ៉ាប្រឆាំងនឹងការផ្តួលរំលំរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ។

ក្រុមអ្នកគាំទ្រយោធាដើរក្បួននៅក្បែរស្ថានីយ៍រថភ្លើងកណ្តាលក្រុង នៅពេលពួកគេត្រូវបានក្រុមអ្នកឈរមើលចំអកឲ្យ ហើយពួកគេបានតបតវិញ ដោយការបាញ់ចំពាម និងគប់ដុំថ្មហើយ បង្ករបួសមនុស្សជាច្រើននាក់។

បាតុកម្មប្រឆាំងរដ្ឋប្រហារកើតមានឡើងនៅទូទាំងប្រទេសភូមា ជារៀងរាល់ថ្ងៃ ចាប់តាំងពីយោធាបានឃុំខ្លួនលោកស្រី អ៊ុក សានស៊ូជី។

អង្គការសហប្រជាជាតិបាននិយាយថា មនុស្ស ជាង៩០០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ មានមន្ត្រីនៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ មានជិត២០០នាក់។

ស្របពេលដែល ស្ថានការណ៍នៅភូមាកាន់តែអាក្រក់ ។ រដ្ឋការរបស់លោក ចូបាយដិន បានបញ្ជាឱ្យរៀបចំវិធានការមួយថ្មីទៀត ទៅលើរបបរដ្ឋប្រហារ បន្ទាប់ពីសេតវិមានបានរាំងខ្ទប់ទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិកកុំឱ្យពួកយោធាយកទៅប្រើប្រាស់បាន។

ក្នុងវិធានការនេះ ឧត្តមសេនីយ៍ភូមាយ៉ាងតិចណាស់១០រូប ត្រូវបានហាមឃាត់មិនអោយ ចូលទឹកដីអាមេរិក និងធ្វើពាណិជ្ជកម្មនានាជាមួយអាមេរិកផងដែរ។

បើតាម ឯកអគ្គរដ្ឋទូអាមេរិនៅអង្គការសហប្រជាជាតិគឹអ្នកស្រី Linda Thomas បានព្រមាន ថាសហរដ្ឋអាមេរិកបានសច្ចា សាមគ្គីភាពជាមួយបាតុករភូមា រាប់លាននាក់ដែលបានបង្ហាញភាពក្លាហាននិងការប្តេជ្ញាចិត្តក្នុងការប្រឆាំងនឹងរដ្ឋប្រហាររបស់ពួកយោធា។

លោអ្នកស្រីថាទោះយោធាបានព្យាយាមបំបិទការហៅតាមទូរស័ព្ទ និងបិទ ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬក៏ការកាត់ចរន្ត អ៊ីនធឺណិត ក៏ដោយ គឺសហរដ្ឋអាមេរិកនៅតែឮប្រជាជនភូមាបានស្រែក ខ្លាំង និងច្បាស់សុំអោយសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍។

អ្នកស្រីប្រកាសថា សហរដ្ឋអាមេរិកនឹងបន្តធ្វើសកម្មភាពដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តនិងដៃគូនានាដើម្បីបង្ហាញដល់ពួកយោធាភូមាថាសកម្មភាពរបស់ពួកគេត្រូវតែរងផលវិបាក ហើយអំពើហឹង្សាប្រឆាំងនឹងអ្នកដែលប្រើសិទិ្ធមនុស្សនិងសេរីភាពជាមូលដ្ឋានគឺមិនអាចទទួលយកបានឡើយ។

អ្នកស្រីបានអោយដឹងថា លោកបាយដិនបានព្រមានថា ដល់ពេលដែលយោធាត្រូវលះបង់អំណាចជាបន្ទាន់ដើម្បីចៀសវាងការប្រើអំពើហឹង្សាបន្ថែមទៀត ហើយត្រូវដោះលែងអ្នកដែលត្រូវបានឃុំខ្លួន។

សហរដ្ឋអាមេរិកចង់ឃើញសមាជិកទាំង១៩៣នៃអង្គការសហប្រជាជាតិត្រូវរួមគ្នា ប្រាប់ទៅពួកយោធាភូមាថាអំពើហឹង្សាប្រឆាំងនឹងប្រជាជន គឺមិនអាចអត់ឱនបានឡើយ។

សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង គឺជាប្រទេសមានឥទ្ធិពលដ៏ខ្លាំងនៅអង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដែលមានសំឡេងនៅឯនៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដោយរួមទាំងសំឡេងរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ទៀតនោះ គឺការដាក់ចេញនូវវិធានការ លើពួកយោធាភូមា អាចនឹងមានប្រសិទ្ធភាពខ្លាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស