29 C
Phnom Penh

មេខ្លោងឧក្រិដ្ឋចាប់ជំរិតដែលសមត្ថកិច្ចបាញ់ស្លាប់៤នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្ថកិច្ចអះអាងថាមេខ្លោងឧក្រិដ្ឋជនរៀបគម្រោងប្លន់ជំរិតទារលុយ ០១លានដុល្លារអាមេរិក ពីជនរងគ្រោះ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងបុរីអង្គភ្នំពេញ ស្ថិតក្នុងខណ្ឌសែនសុខ កាលពីថ្ងៃទី០១ ខែមីនា គឺប្លន់លុយទាំងនោះយកទៅទិញរថយន្តសេរីទំនើបម៉ាក Lexus LX570 Kuro មួយគ្រឿង រួចទុកដណ្តឹងប្រពន្ធ។

មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោក រ័ត្ន ស្រ៊ាងបានឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដឹងថា ផែនការជំរិត និងប្លន់សម្លាប់ របស់មេក្លោងឧក្រិដ្ឋជន ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ គ្រោងសម្លាប់មនុស្សចំនួន ១០នាក់ ហើយដឹកយកសាកសពទៅទម្លាក់ចោលនៅជ្រោះពេជ្រនិលតែម្តង។

នៅវេលាម៉ោងប្រមាណ ១១ថ្ងៃត្រង់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រុមឧក្រិដ្ឋជនមួយក្រុមមានគ្នា០៤នាក់ បានចូលប្លន់ជំរិតលុយពីម្ចាស់ផ្ទះ ០១លានដុល្លារ នៅក្នុងវិឡាដ៏ធំស្កឹមស្កៃ ក្នុងបុរីអង្គរភ្នំពេញ ប៉ុន្តែមិនបានសម្រេច ហើយត្រូវបានកម្លាំងសមត្ថកិច្ចឡោមព័ទ្ធ និងបាញ់សម្លាប់ក្រុមឧក្រិដ្ឋជនទាំង ០៤នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ។

លោក រ័ត្ន ស៊្រាង អះអាងថា អ្នកផ្តើមគំនិតប្លន់ជំរិតទារប្រាក់មានឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ អតីតធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ឬជនរងគ្រោះ ហើយក្រោយមកបានលាឈប់ធ្វើការមួយរយៈ បន្ទាប់មកក៏បានទៅសុំម្ចាស់ផ្ទះចូលធ្វើការវិញ ប៉ុន្តែម្ចាស់ផ្ទះមិនព្រមទទួល ទើបឈានដល់មេក្លោងឧក្រិដ្ឋជនរូបនេះ បានរៀបចំផែនការចូលចាប់ជំរិត និងប្លន់សម្លាប់។

លោកបន្តថា ឧក្រិដ្ឋជនទាំងនេះ ពីដំបូងបម្រុងចេញធ្វើសកម្មភាព នៅថ្ងៃទី២៥ ខែកុម្ភៈ ប៉ុន្តែដោយក្រុមជនល្មើសប្រមូលបក្ខពួកមិនគ្រប់ចំនួន និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី២៦ ខែកុម្ភៈវិញ ប៉ុន្តែនៅថ្ងៃទី២៦ ពួកជនល្មើសជួបជុំគ្នានៅពេលរសៀលពេក ទើបមិនអាចអនុវត្តផែនការទាន់ ក្រុមជនល្មើសក៏លើកគម្រោងទៅធ្វើនៅថ្ងៃទី២៧ ខែកុម្ភៈវិញ តែដោយថ្ងៃទី២៧ ខែកុម្ភៈ ប៉ះចំថ្ងៃសៅរ៍ ហើយក្រុមជនល្មើសបារម្ភ ចូលធនាគារដកលុយមិនទាន់ ទើបពួកគេលើកគម្រោងប្លន់ជំរិតទារលុយ ០១លានដុល្លារអាមេរិក ពីជនរងគ្រោះ មកអនុវត្តនៅថ្ងៃច័ន្ទទី១ ខែមីនា ឆ្នាំ២០២១វិញ ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថបាញ់សម្លាប់ទាំង០៤នាក់ នៅកន្លែងកើតហេតុ ហើយម្ចាស់ផ្ទះ ក៏ដូចជាជនរងគ្រោះទាំង ១០នាក់ ក៏បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

លោក រ័ត្ន ស៊្រាង បញ្ជាក់ថា តាមផែនការដែលក្រុមជនល្មើសបានដាក់ចេញ គឺដំបូងត្រូវប្រមូលគ្នីគ្នាចូលទៅក្នុងផ្ទះជនរងគ្រោះ ហើយភ្ជង់ម្ចាស់ផ្ទះឲ្យសសេរសែក មានសាច់ប្រាក់ ១លានដុល្លារអាមេរិក បន្ទាប់មកបក្សពួកជនល្មើស នឹងចាប់កូនស្រីតូច របស់ម្ចាស់ផ្ទះម្នាក់ឡើងឡាន ធ្វើដំណើរទៅធនាគារ ដោយឲ្យបក្ខពួកម្នាក់ ចុះដកលុយ និងគំរាមឲ្យម្ចាស់ផ្ទះរង់ចាំឆ្លើយតាមទូរស័ព្ទជាមួយបុគ្គលិកធនាគារដើម្បីឲ្យពួកគេដកលុយតាមសម្រួល។

លោកបន្តថា រីឯផែនការបន្ទាប់ ក្រោយពីដកលុយបានរួចរាល់ហើយ ក្រុមជនល្មើស នឹងសម្លាប់ម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធ ព្រមទាំងកូនៗ០៦នាក់ និងអ្នកបម្រើ០២នាក់ សរុប ១០នាក់ ដើម្បីប្លន់យកលុយ និងគ្រឿងអលង្ការ ដែលមានក្នុងទូរដែកទាំងអស់ បន្ទាប់មកវេចខ្ចប់សាកសពដាក់ចូលឡានម្ចាស់ផ្ទះចំនួន ០២គ្រឿង ហើយបើកដឹកយកសព ទៅបោះចោលនៅជ្រោះពេជ្រនិល។ ចំណែក អ្នកចូលធនាគារដកលុយ ក្រោយទទួលបានលុយហើយ នឹងត្រូវគេចខ្លួន ទៅកាន់ប្រទេសថៃ ហើយអ្នកដទៃទៀត គឺមិនបាច់រត់ទៅណាទេ។

លោកបន្តថា គម្រោងរបស់មេក្លោងឧក្រិដ្ឋជនប្លន់សម្លាប់ខាងលើនេះ ក្រោយពេល ប្លន់ជំរិតលុយបានសម្រេចហើយ នឹងទិញឡាន Lexus LX570 Kuro មួយគ្រឿង រួចដណ្តឹងប្រពន្ធរៀបការ។

យ៉ាងនេះក្តី ផែនការប្លន់ជំរិតទារលុយ របស់មេក្លោងឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ត្រូវបែកការ ហើយធ្លាយមកដល់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបកម្លាំងសមត្ថកិច្ចបានរៀបផែនការរង់ចាំ ក្រុមជនល្មើសដើរចូលអន្ទាក់ របស់សមត្ថកិច្ចវិញ ដោយរង់ចាំអស់រយៈពេល ០៤ថ្ងៃ ទើបជនល្មើសធ្វើសកម្មភាព ហើយបានបាញ់តដៃគ្នាជាមួយកម្លាំងសមត្ថកិច្ច។

លោក រ័ត្ន ស្រាង បញ្ជាក់ថា ការសម្លាប់ជនចាប់ជំរិតទាំងបួនរូបនេះ គឺជាការប្រើសិទ្ធការពារខ្លួន បាញ់តបតវិញ រហូតដល់សម្លាប់ជនល្មើសទាំង ០៤នាក់ នៅកន្លែងកើតហេតុ នៅម៉ោងប្រមាណ ១១ថ្ងៃត្រង់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

ចំពោះមេក្លោងប្លន់ជំរិត ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបដោយជោគជ័យកាលពីថ្ងៃទី០១ ខែមីនាម្សិលមិញនេះ ប្រភពមួយចំនួន បានអះអាងថា ជាមន្ត្រីបម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្ស របស់ ហ៊ុន សែន ប៉ុន្តែការអះអាងនេះ ត្រូវបាន លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស បដិសេធ។

ការបដិសេធ របស់លោក ហ៊ីង ប៊ុនហៀង ធ្វើឡើងបន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះរូបភាពបុរសម្នាក់ស្លៀកឯកសណ្ឋានពាក់ខោអាវប៉ារ៉ា ឬឯកសណ្ឋានកងកម្លាំង និងមានពាក់កាតសម្គាល់ខ្លួន ដោយបានភ្ជាប់រូបភាពជនល្មើសម្នាក់ ដែលកងរាជអាវុធហត្ថបាញ់សម្លាប់។

យ៉ាងនេះក្តី លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ប្រាប់កាសែត «រស្មីកម្ពុជា» កាលពីយប់ថ្ងៃទី០១ ខែមីនាថា រូបភាពដែលបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ មិនមែនជាមន្ត្រីបំរើការងារ នៅបញ្ជាការដ្ឋានអង្គរក្សទេ គឺជារូបភាពក្លែងក្លាយ។

លោកបន្តថារូបថត ដែលបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក គឺគ្មានឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ហ្នឹងនៅក្នុងបញ្ជីអង្គរក្សទេ ហើយប័ណ្ណពាក់កររបស់បញ្ជាការដ្ឋានអង្គរក្ស គឺមានលេខកូដ និងមានបញ្ជីស្នាមត្រឹមត្រូវ ព្រោះខាងអង្គភាពលោក បានធ្វើប័ណ្ណសម្គាល់ផ្តល់ជូនកម្លាំងអង្គរក្ស មានលក្ខណៈពិសេសសម្រាប់សម្គាល់ត្រឹមត្រូវ។ ដូច្នេះមេក្លោងក្រុមឧក្រិដ្ឋជន ដែលត្រូវកម្លាំងកងរាជអាវុធហត្ថបាញ់សម្លាប់នោះ គឺអត់មានពាក់ព័ន្ធជាមួយបញ្ជាការដ្ឋានអង្គរក្សទេ។

យ៉ាងនេះក្តី ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនថ្លែងចំអកដាក់ លោក ហ៊ីង ប៊ុនហៀង ដែលមិនហ៊ានទទួលខុសត្រូវ ចំពោះការគ្រប់គ្រងកូនចៅមិនបានល្អ ហើយបានឆ្លើយបដិសេធទាំងកុហក់ ដើម្បីរួចផុតពីការចោទប្រកាន់ពីមជ្ឈដ្ឋានទូទៅ ជាពិសេសខ្លាចការស្តីបន្ទោសពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់កញ្ញានៅថ្ងៃនេះថា អ្វីដែលជាចម្ងល់ គឺប័ណ្ណនេះធ្វើតាំងពី ឆ្នាំ ២០១៩ ហើយ នៅពាក់កណ្តាល និងចុងឆ្នាំ២០២០ បុគ្គលម្នាក់នេះ បានបង្ហាញខ្លួនជាសាធារណ ជាមួយឯកសណ្ឋាន រួមទាំងប័ណ្ណសំគាល់ខ្លួនផងដែរ ប៉ុន្តែហេតុអ្វីបាន អគ្គបញ្ជាការដ្ឋានអង្គរក្សមិនបានជ្រាប បណ្តាយឲ្យគេយកឈ្មោះស្ថាប័នខ្លួនទៅប្រើអាណាធិបតេយ្យជាងពីរឆ្នាំយ៉ាងនេះ។

កញ្ញាបន្តថា ប្រសិនបើរឿងនេះជាការពិត បញ្ជាការដ្ឋានអង្គរក្ស គួរតែយកចិត្តទុកដាក់លើបញ្ហានេះ ព្រោះលើកក្រោយកុំឲ្យមានជនទុច្ចរិតធ្វើទង្វើរបើបនេះតទៀត ។ លើសពីនេះ បញ្ជាការដ្ឋានអង្គរក្ស ត្រូវតែចុះស្រាវជ្រាវរក ឧបករណ៍ សម្ភារៈ និងមនុស្សពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមធ្វើប័ណ្ណក្លែងក្លាយមួយនេះ។

កញ្ញាបន្តថា អគ្គបញ្ជាការដ្ឋានអង្គរក្សមិនអាចចេញតែលិខិតបដិសេធមួយនេះបានទេ ប៉ុន្តែការស៊ើបអង្កេតលើប័ណ្ណក្លែងក្លាយនេះត្រូវតែបន្ត ហើយបើមិនបន្តទេ នោះសារធារណៈជននឹងមានការសង្ស័យជាមិនខាន អំពីភាពតម្លាភាពនៃស្ថាប័នមួយនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស