31 C
Phnom Penh

ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ រងការចោទថា ប្រមូលផ្តុំជួបជុំផឹកស៊ីល្មើសនឹងបម្រាមទប់ស្កាត់ជំងឺCovid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណជន និងមន្ត្រីរាជការខេត្តបន្ទាយមានជ័យ បានស្នើដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យជួយបើកការស៊ើបអង្កេត ទៅលើសកម្មភាពរបស់លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ដែលបានអនុវត្តល្មើសនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់បម្រាមហាមឃាត់ការប្រមូលផ្តុំគ្នាផឹកស៊ី ឬជួបជុំមានមនុស្សច្រើន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺCovid-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ប្រភពដដែលបានចោទ លោក ឡេ ច័ន្ទសង្វាត ថា កាលពីសប្តាហ៍កន្លងមកនេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ប្រមូលផ្តុំគ្នាផឹកស៊ីគ្រឿងស្រវឹង និងលេងប៉ាតម្សៅ ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី យ៉ាងសប្បាយក្អាកក្អាយ នៅក្នុងបរិវេណមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ល្មើសនឹងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលផង ហើយជាពិសេសល្មើសនឹងបម្រាម របស់រាជរដ្ឋាភិបាល ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈជំងឺCovid-19  ដែលកំពុងឆ្លងរីករាលដាលធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃនៅកម្ពុជាផង។

កាលពីសប្តាហ៍មុននេះ លោក ឡេ ច័ន្ទសង្វាត ត្រូវបានអ្នកលេងបណ្ដាញសង្គម និងសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយថា បានដឹកនាំមន្ត្រីក្រោមឱវាទ ប្រមូលផ្តុំជួបជុំស៊ីផឹកគ្រឿងស្រវឹង និងលេងប៉ាតម្សៅជាដើម នៅក្នុងបរិវេណមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយគគ្រឹកគគ្រេង ដោយមិនខ្វល់នឹងបម្រាម របស់រាជរដ្ឋាភិបាលកម្ពុជា ឡើយ។

បញ្ហាមួយទៀត ប្រភពពីមន្ត្រីរាជការខេត្តបន្ទាយមានជ័យ ក៏បានចោទ លោក ឡេ ច័ន្ទសង្វាត ថា មានជាប់ពាក់ព័ន្ធ នឹងអំពើពុករលួយ ទាក់ទងការធានាឲ្យបុគ្គលិកសុខាភិបាល ឬគ្រូពេទ្យជាប់កិច្ចសន្យាមួយចំនួន ដែលចង់ចូលក្របខណ្ឌរដ្ឋ ត្រូវចំណាយទឹកប្រាក់ចំនួន ១ម៉ឺន ៥ពាន់ដុល្លារអាមេរិក (១៥.០០០ដុល្លារ) ក្នុងម្នាក់ នឹងអាចមានឈ្មោះចូលក្នុងក្របខណ្ឌពេទ្យរដ្ឋ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យក្រសួងសុខាភិបាល ឆ្លើយបដិសេធថា ជារឿងមិនពិតនោះទេ។

មន្ត្រីក្រសួងសុខាភិបាល បានស្នើដល់បុគ្គលិកសុខាភិបាលជាប់កិច្ចសន្យា ឬអ្នកសូកប៉ាន់លុយកាក់ ចូលក្របខណ្ឌពេទ្យរដ្ឋទាំងនោះចេញមុខ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ មិនមានអ្នកចេញមុខទេ។

ទោះជាបែបនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទង លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបានទេ តាមទូរស័ព្ទ និងប្រព័ន្ធ Telegram នៅចុងខែមេសា ឆ្នាំ២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស