34 C
Phnom Penh

មន្ត្រីសង្គមស៊ីវិលថា វិស័យទេសចរណ៍កម្ពុជា អាចនឹងងើបឡើងវិញ ប្រសិនបើក្រសួងទេសចរណ៍អនុវត្តតាមលក្ខខ័ណ្ឌបច្ចេកទេសសុខាភិបាលឲ្យបានត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់របស់អង្គការអភិវឌ្ឍន៍ផ្នត់គំនិត លើកឡើងថា គម្រោងជំរុញឲ្យដំណើរការឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា អាចធ្វើទៅបាន ប្រសិនបើរដ្ឋាភិបាលអាចបង្ហាញពីប្រសិទ្ធភាពក្នុងការគ្រប់គ្រងនៃការចម្លងវីរុសCovid-19 ឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ ខែមេសា នេះថា ផែនការទទួលភ្ញៀវទេសចរអន្តរជាតិដែលបាន ចាក់វ៉ាក់សាំងបង្ការ ជំងឺCovid-19 របស់ក្រសួងទេសចរណ៍ គឺដើម្បីសង្គ្រោះ     ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ឡើងវិញ ដែលជារឿងត្រឹមត្រូវប៉ុន្តែកម្ពុជាខ្លួនឯងត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ទុកជាមុន ចៀសវាងឧប្បត្តិហេតុនៃការឆ្លងដោយចៃដន្យណាមួយ ដែលមិនអាចគ្រប់គ្រងបាន។

លោកអះអាងថា ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃផែនការនេះ កម្ពុជា មិនត្រឹមតែបើកទទួលភ្ញៀវអន្តរជាតិដែលបានទទួលវ៉ាក់សាំងបង្ការជំងឺCovid-19 គ្រប់ចំនួនដូសនោះទេ ប៉ុន្តែត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កឲ្យបានច្បាស់លាស់ រួមនឹងការប្រើឧបករណ៍តេស្ដរហ័ស Rapid Test ផងដែរ។

លោក សេក សុជាតិ បញ្ជាក់ថា អ្វីដែលកម្ពុជា គួរតែប្រុងប្រយ័ត្នបន្ថែមទៀតនោះ គឺការផ្តល់វ៉ាក់សាំងបង្កើតភាពស៊ាំនៃការប្រឆាំងវីរុស Covid-19ជូន ពលរដ្ឋរបស់ខ្លួនឲ្យបានច្រើនជាទីបំផុត ជាពិសេស ពលរដ្ឋដែលពាក់ព័ន្ធនឹង ការបម្រើសេវាក្នុងវិស័យទេសចរណ៍គ្រប់ទីកន្លែង។ លោកបន្តថា ធ្វើដូច្នេះទើបកម្ពុជា អាចទទួលជោគជ័យក្នុងការជំរុញវិស័យនេះឲ្យងើបឡើងវិញបាន។

ការអះអាងនេះធ្វើឡើងបន្ទាប់ពី ក្រសួងទេសចរណ៍ ប្រកាសពីការ ជំរុញឲ្យមានការសិក្សាលើការទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺCovid-19 ឲ្យចូលមកកម្ពុជា នៅត្រីមាសទី៤ ក្នុងឆ្នាំ២០២១នេះ។

ក្រសួងទេសចរណ៍ បានសរសេរលើទំព័រFacebook របស់ខ្លួនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ថា ដើម្បីទទួលបានជោគជ័យជំរុញវិស័យទេសចរឲ្យងើបឡើងវិញនៅត្រីមាសទី៤ ក្នុងឆ្នាំ២០២១ នេះ     កម្ពុជា ត្រូវតែក៏សាងឲ្យបាននូវទំនុកចិត្ត ដល់អ្នកទេសចរទាំងអស់។

លើសពីនេះ កម្ពុជា ក៏ត្រូវផ្តល់នូវគុណភាពនៃសេវាកម្មផលិតផលទេសចរណ៍ និងតម្លៃឲ្យបានសមរម្យផងដែរ។ ជាងនេះទៀត ក្រសួងពាក់ព័ន្ធ ត្រូវជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរទាំងនោះនៅតាមច្រកទ្វារអន្តរជាតិឲ្យបានល្អប្រសើរថែមទៀត។

ក្រសួងបញ្ជាក់ថា នេះគឺជាគម្រោងមួយស្ថិតនៅក្នុងផែនទីចង្អុលផ្លូវ (Roadmap) ស្ដីពីផែនការស្ការ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយ វិបត្តិជំងឺCovid-19 និងជាផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាប ក្នុងឆ្នាំ២០២១ ដល់ ឆ្នាំ២០៣៥។

របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណត្រឹមតែជាង ១លាន ៣សែននាក់ប៉ុណ្ណោះ គឺបានថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរក្នុងស្រុក ប្រមាណ៩ លាននាក់ គឺបានថយចុះ ២០% នេះបើប្រៀបធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។

ក្រសួងថា បញ្ហានេះ បណ្តាលឲ្យឧស្សាហកម្មទេសចរណ៍នៅកម្ពុជា បាត់បង់ចំណូលជាង ៣ពាន់លានដុល្លារអាមេរិកឯណោះ។

រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ស្ដីពីការហាមឃាត់ ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺCovid-19។ ប៉ុន្តែ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ រដ្ឋាភិបាល បានសម្រេច បញ្ចប់ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ប៉ុន្តែតម្រូវឲ្យអនុវត្តវិធានការ ៣កុំ និង៣ការពារជានិច្ច។

កាលពីចុងឆ្នាំ២០២០ នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា អ្នកស្រី Sunniya Durrani-Jamal បានអះអាងថា ជំងឺCovid-19 បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅកម្ពុជា ដែលបណ្តាលឲ្យវិស័យមួយនេះបានធ្លាក់ចុះដល់ទៅជាង ៩៨% ដែលបានបង្ខំឱ្យអាជីវកម្មជាង ៣ពាន់កន្លែងត្រូវបិទទ្វារ ហើយកម្មករដែលបម្រើក្នុងវិស័យនេះជាង ៤ម៉ឺននាក់ បានបាត់បង់ការងារទាំងស្រុង។

ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ បាន អះអាងថា ខ្លួនបានរកឃើញអ្នកវិជ្ជាមានវីរុសកូវីដ១៩ថ្មីចំនួន ៨៨០នាក់ ខណៈជាសះស្បើយថ្មីមានចំនួន ២៨៨នាក់ ដោយឡែកអ្នកស្លាប់ថ្មីមានចំនួន ៣នាក់ផងដែរ។

ក្រសួង បញ្ជាក់ថា អ្នកឆ្លងវីរុសកូវីដ១៩សរុបបានកើនឡើងដល់ជាង ១ម៉ឺន ២ពាន់នាក់ហើយ រីឯជាសះស្បើយសរុបមានចំនួនជិត ៥ពាន់នាក់ និងអ្នកកំពុងព្យាបាលមានចំនួនជាង ៨ពាន់នាក់ និងអ្នកស្លាប់បានកើនឡើងដល់ ៩១នាក់ផងដែរ។ ប្រភពដដែលឲ្យដឹងទៀតថា ខេត្តចំនួន១៤ បានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ក្នុងនោះខេត្តដែលមានការឆ្លងច្រើន រួមមាន ខេត្តបន្ទាយមានជ័យ ៣៦នាក់ កំពង់ចាម ៣៩នាក់ កណ្តាល ៧៣នាក់ ព្រះសីហនុ ១៨៧នាក់ និងទីក្រុងភ្នំពេញចំនួនន ៥១៧នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស