សមាជិកសភា២៨ប្រទេសទាមទារអោយដោះលែងអ្នកជាប់ឃុំនៅភូមា ខណៈរដ្ឋាភិបាលរួបរួមជាតិថា មុនចរចាត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់

សមាជិកសភា ចំនួន៣០០នាក់ មកពីប្រទេសជុំវិញពិភពលោក បានចុះហត្ថលេខាក្នុងញត្តិមួយរួមគ្នា អំពាវនាវអោយពួកយោធាភូមា ដោះលែង សមាជិកសភា និងអ្នកជាប់ឃុំទាំងអស់ ជាបន្ទាន់នឹងគ្មានលក្ខខណ្ឌ ។

តាមសមាគមជំនួយសម្រាប់អ្នកទោស ភូមា គឺមនុស្សជាប់ឃុំដែលពួកយោធាបានចាប់ខ្លួនតាំងពីថ្ងៃ រដ្ឋប្រហារ១កុម្ភៈមកនោះ កើនឡើងជិត៣ពាន់ ៤រយនាក់ និងអ្នកស្លាប់ ជាង៨រយនាក់។

សេចក្ដីថ្លែងការណ៍របស់ សម្ព័ន្ធសមាជិកសភា អន្តរជាតិដើម្បីប្រទេសភូមា ហៅកាត់ថា IPAM មាន២៨ប្រទេស មកពីសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប អាហ្វ្រិក អាស៊ី អូស្ត្រាលី និង ញូវហ្សេឡែន ត្រូវបានផ្សព្វផ្សាយបន្ត តាមរយៈគេហទំព័ររបស់អង្គការសមាជិកសភាអាស៊ានដើម្បីសិទិ្ធមនុស្ស នៅថ្ងៃទី២៩មេសានេះ។

សម្ព័ន្ធសមាជិកសភា អន្តរជាតិដើម្បីប្រទេសភូមាបានធ្វើការកត់សំគាល់ថា យ៉ាងតិច សមាជិកភូមា ៦០រូប រួមមានទាំងអ្នកស្រីអ៊ុងសានសូជី ទីប្រឹក្សារដ្ឋ ប្រធានាធិបតី ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា សមាជិកគណៈរដ្ឋមន្ត្រី និងសមាជិកសភាតំបន់។

សេចក្ដីថ្លែងការណ៍របស់សម្ព័ន្ធសភាអន្តរជាតិមួយនេះ បានបន្តទៀតថា សមាជិកសភា និងរដ្ឋមន្ត្រី មួយចំនួន រងការ ធ្វើទារុណកម្មធ្ងន់ធ្ងរ នៅក្នុងជំរុំលុតដុំរបស់ពួកយោធា។ជាមួយគ្នានេះសម្ព័ន្ធសមាជិកសភា អន្តរជាតិដើម្បីប្រទេសភូមា  បានលើកឡើងថា សមាជិកសភាភូមាទាំងនោះ គឺជាអ្នកជ្រុំជ្រែង ជាឆ្អឹងខ្នងនៃ លទ្ធិប្រជាធិបតេយ្យនៅភូមា ។

ក្នុងន័យនេះ សម្ព័ន្ធសភាអន្តរជាតិអំពាវនាវអោយដោះលែងពួកគេជាបន្ទាន់និងគ្មានលក្ខខណ្ឌ ហើយត្រូវស្ដាររបបប្រជាធិបតេយ្យឡើងវិញ។ ជាមួយគ្នានេះ សម្ព័ន្ធសភាអន្តរជាតិក៏បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ត្រូវរួមគ្នា បញ្ចប់របបយោធាហើយបើកសេរីភាព ប្រជាធិបតេយ្យនិងនីតិរដ្ឋឡើងវិញដោយគោរព ឆន្ទៈរបស់ប្រជាជនភូមា។

ស្របពេល ជាមួយគ្នានេះដែរ រដ្ឋាភិបាលរួបរួមជាតិ ប្រឆាំងរបបរដ្ឋប្រហារ បានប្រាប់សមាគមអាស៊ានថាខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចានោះទេ គឺរហូតដល់របបយោធាដោះលែង អ្នកទោសមនសិកាឲ្យអស់ពីក្នុងពន្ធគារជាមុនសិន។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាន់ថាអាស៊ាន ដែលមានសមាជិក ១០ប្រទេស បានព្យាយាមស្វែងរកមាគ៌ាមួយសម្រាប់ ភូមាឲ្យដើរចេញពីវិបត្តិបង្ហូរឈាម ដែលបង្កឡើងដោយរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈដោយបានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និងបើកការចរចារវាងភាគីទាំងអស់។

ប៉ុន្តែរបបយោធាបានបដិសេធរួចទៅហើយ ក្នុងការទទួលយកសំណើដើម្បីដោះស្រាយវិបត្តិដែលកើតចេញពីកិច្ចប្រជុំកំពូលអាស៊ានកាលពីចុងសប្តាហ៍មុនដែលមានការចូលរួមពីឧត្តមសេនីយមីនអ៊ុងឡាំង។សំណើមួយដែលពួកយោធាមិនអាចទទួលយកបានក្នុងចំណោម៦ចំណុចគឺការដោះលែងទាំងអស់ មនុស្ស ដែលពួកយោធាចាប់ឃុំខ្លួន។

នាយករដ្ឋមន្រ្តី របស់រដ្ឋាភិបាលនេះគឺ លោក Mahn Winn Khaing Thann បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មុនការចរចាប្រកបដោយការស្ថាបនាណាមួយកើតឡើង ត្រូវតែមានការដោះលែងអ្នកទោសនយោបាយដោយគ្មានលក្ខខណ្ឌរួមទាំងប្រធានាធិបតី និង   ទីប្រឹក្សារដ្ឋ គឺអ្នកស្រី អ៊ុងសានស៊ូជី។

អ្នកស្រីស៊ូជី និងអ្នកផ្សេងទៀតត្រូវបាន ជាប់ឃុំឃាំងចាប់តាំងពីរដ្ឋប្រហារដែលពួកយោធា បានចាប់ផ្តើមនៅពេលដែលរដ្ឋាភិបាលរបស់លោកស្រីស៊ូជី កំពុងរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីសម្រាប់អាណត្តិទី ២ បន្ទាប់ពីការបោះឆ្នោតខែវិច្ឆិកា។

ពួកយោធា និយាយថាខ្លួនត្រូវតែដណ្តើមអំណាចមកវិញពីព្រោះពាក្យបណ្តឹងអំពីការលួចបន្លំក្នុងការបោះឆ្នោត មិនត្រូវបានដោះស្រាយត្រឹមត្រូវ ដែលពួកយោធា ចាត់ទុកថាជាការបោះឆ្នោតមិនត្រឹមត្រូវឡើយ។

ចាប់តាំងពីរដ្ឋប្រហារមក គឺបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យបានកើតឡើងនៅតាមទីក្រុងនិងទីប្រជុំជននានាទូទាំងប្រទេស។

ដោយមានការព្រួយបារម្ភពីភាពវឹកវរ នៅក្នុងតំបន់ គឺមេដឹកនាំអាស៊ានបានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃសៅរ៍ទី២៤ ខែមេសានៅរដ្ឋធានីចាការតាប្រទេសឥណ្ឌូណេស៊ី ជាមួយមេដឹកនាំរបបយោធាឧត្តមសេនីយមីនអ៊ុងឡាំងក្នុងគោលបំណងដើម្បីជំរុញអោយមេរដ្ឋប្រហារបញ្ចប់វិបត្តិជាបន្ទាន់។

ប៉ុន្តែនៅពេលនោះ អាស៊ានមិនបានអញ្ជើញតំណាងរដ្ឋាភិបាលរួបរួមជាតិដែលត្រូវបាន បណ្តេញចេញពីតំណែងឲ្យទៅចូលរួមប្រជុំនោះទេ។

ប៉ុន្តែក្រោយពីកិច្ចប្រជុំនោះ មេដឹកនាំអាស៊ានបាននិយាយថាកិច្ចប្រជុំនោះបានឈានដល់ការមូលមតិគ្នា នូវ៥ ចំណុចសំដៅបញ្ចប់អំពើហិង្សា ដោយជំរុញឱ្យមានកិច្ចពិភាក្សារវាងភាគីយោធា និងក្រុមប្រឆាំង។

ក្រោយមករបបយោធាបាននិយាយថា ខ្លួននឹងផ្តល់ការពិចារណាឲ្យ បានម៉ត់ចត់ចំពោះការលើកឡើងរបស់អាស៊ានដែលរួមមានការតែងតាំងប្រេសិត ដើម្បីមកធ្វើទស្សនកិច្ចប្រទេស ភូមានៅពេលដែលស្ថានភាពវិលត្រឡប់ទៅរកស្ថេរភាពវិញហើយបានទទួលយកអនុសាសន៍របស់អាស៊ានក្នុងការសម្របសម្រួល ទៅរកការចរចា។

ប៉ុន្តែក្រុមប្រឆាំង និងក្រុមសកម្មជនភូមាបានរិះគន់ផែនការនេះដោយនិយាយថាវាបានជួយធ្វើឱ្យរបបយោធាមានភាពស្របច្បាប់ទៅវិញទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.