38 C
Phnom Penh

ពិភពលោកភាគច្រើនសម្រុកចាក់វ៉ាក់សាំង ខណៈប្រទេសឥណ្ឌាសម្រុកបូជាសាកសពអ្នកជំងឺ COVID-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសទាំងអស់នៅលើពិភពលោក គឺពុំមានប្រទេសណាមួយអាចចៀសផុតពី ការឆ្លងជំងឺ COVID-19  បាននោះទេ ទោះជាដែនកោះដាច់ពីគេក៏ដោយ ក៏ជំងឺដ៏កំណាចមួយនេះ ហោះទៅដល់ដែរ។                  ក្នុងរយៈពេលចុងក្រោយនេះ ពិភពលោកបាននាំគ្នាសម្រុកចាក់វ៉ាក់សាំង តែប្រទេស ឥណ្ឌា ទោះជាបីសម្រុកចាក់វ៉ាក់សាំង ក៏ដោយក៏ប្រទេសដ៏ធំមួយនេះ សម្រុកបូជាសាកសពដែលស្លាប់ដោយសារជំងឺកូវិដ១៩ ផងដែរ។

ឥណ្ឌាជាប្រទេសធំមួយនៅអាស៊ីខាងត្បូង មានប្រជាជនច្រើនជាងគេ បន្ទាប់ពីប្រទេសចិន។ នៅថ្ងៃសុក្រនេះទី៣០ ខែមេសានេះ គឺជាថ្ងៃទី ៩ ហើយដែលប្រទេសឥណ្ឌាបានប្រកាស រកឃើញអ្នកឆ្លងជំងឺ COVID-19 ដល់ទៅ ៣សែននាក់ក្នុងមួយថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ១៨លាន ៧សែន ៥ម៉ឺននាក់។ នេះបើតាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន BBC  ចុះផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមេសានេះ។

អ្នកឆ្លងជំងឺ COVID-19 ទូទាំងប្រទេសឥណ្ឌា សរុប មួយថ្ងៃ គឺកាលពីថ្ងៃព្រហស្បតិ៍ទី២៩មេសា មានចំនួនជិតបួនសែននាក់ (៣៨៦៤៥២)ដែលជាតួលេខដ៏ខ្ពស់បំផុត ថ្មីមួយទៀត ខណៈ អ្នកជំងឺចំនួន                   ៣ពាន់៥០០នាក់ បានស្លាប់ហើយ ក្នុងនោះ ៤រយនាក់ ស្លាប់នៅក្នុងទីក្រុងញូដែលី។ តែចំនួននេះបានថយចុះបន្តិច បើធៀបនឹងថ្ងៃពុធ ទី២៨ខែមេសា។

ពេលនេះចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតសរុបនៅឥណ្ឌា កើនឡើងដល់ជាង ២សែន ៨ពាន់ ៣០០នាក់ ហើយមនុស្សជាង១៥លាននាក់ បានជាសះស្បើយ និងជាង៣លាននាក់ទៀតកំពុងព្យាបាល។

នេះជារលកទី២ នៃការផ្ទុះកូវិដ នៅក្នុងប្រទេសឥណ្ឌា ។ មន្ត្រីនៅទីក្រុងញូដែលី ត្រូវបានស្នើឲ្យបន្ថែមទីកន្លែង បូជាសាកសព្វថែមទៀត។ មន្ត្រីពេទ្យនិយាយថា សាកសពត្រូវបានអនុញ្ញាតិអោយ សមាជិកគ្រួសារយកទៅបូជា ដោយមិនត្រូវរង់ចាំការបូជានៅ ទីស្ថានរបស់រដ្ឋាភិបាលនោះទេ។

ស្ថិតក្នុងវិបត្តិកូវីដ១៩ ដ៏ខ្លោចផ្សានេះ  អ្នកជំនាញជាតិឥណ្ឌាជាច្រើន ស្នើឲ្យរដ្ឋាភិបាលឥណ្ឌាបិទប្រទេសទាំងមូល ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់រលកថ្មីនៃការឆ្លងដ៏រាតត្បាតនេះ។

ប៉ុន្តែរដ្ឋាភិបាល នៅមិនទាន់ធ្វើតាមបាននោះឡើយ លើកលែងតែរដ្ឋធានីញូដែលីមួយប៉ុណ្ណោះ ដែលត្រូវបានបិទទ្វារ រហូតដល់ថ្ងៃទី០៣ ខែឧសភា។

ក្រុមអ្នកជំនាញបាននិយាយថា មានកត្តាជាច្រើននៅពីក្រោយមូលហេតុនៃការផ្ទុះឡើងនូវរលកទី២ នៅក្នុងប្រទេសឥណ្ឌា គឺក្នុងនោះរួមមានវីរុសបំប្លែងខ្លួនថ្មី B.1.617 ត្រូវបានរកឃើញមុនគេនៅឥណ្ឌា។

កត្តា ធ្វេសប្រហែស ការប្រមូលផ្ដុំនៅតាមទីសារធារណៈ និងចំណាត់ការទន់ខ្សោយរបស់រដ្ឋាភិបាល។

 Ashish Jha ព្រឹទ្ធបុរសមហាវិទ្យាល័យសុខាភិបាលសាធារណៈនៃសាកលវិទ្យាល័យ Brown បាននិយាយថាវិបត្តិ COVID-19 ក្នុងប្រទេសឥណ្ឌាគឺជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ ចំពោះពិភពលោកទាំងមូល។

លោកបន្តថាបើមិនជួយឥណ្ឌាទេ គឺអាចនឹងផ្ទុះនូវករណីថ្មីឆ្លងពាសពេញពិភពលោក។ នេះហើយជាហេតុផលនៃវិបត្តិ COVID-19 នៅឥណ្ឌា ដែលជាបញ្ហារបស់ពិភពលោកទាំងមូល ចាំបាច់ត្រូវចូលរួមដោះស្រាយ។ បើតាមលោក Ashish Jha វីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា ត្រូវបានគេរកឃើញយ៉ាងតិចណាស់នៅក្នុងប្រទេសចំនួន១៧។

ការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងជំងឺ COVID-19 បាន និងកំពុងធ្វើឱ្យប្រព័ន្ធសុខាភិបាលឥណ្ឌាប្រឈមមុខនឹងការដួលរលំ។ មន្ទីរពេទ្យ ពោពេញទៅដោយ អ្នកជំងឺ ហើយខ្វះគ្រែ និងបរិក្ខាពេទ្យ ជាពិសេស អុកស៊ីសែន ដែលមានសារៈសំខាន់បំផុតសម្រាប់ជួយសង្រ្គោះអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ។

នៅប៉ុន្មានខែ មុនការផ្ទុះរលកទី២ គឺប្រទេសឥណ្ឌាស្ថិតនៅក្រោមការគ្រប់គ្រងដោយករណីឆ្លង កម្រិតទាបនៅឡើយ។ អ្នកជំនាញបានស្ដីបន្ទោស នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌីដែលពួកគេថាលោកម៉ូឌី ធ្វេសប្រហេស ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងការដាក់ចេញពីវិធានការថ្នាក់ជាតិទប់ស្កាត់ COVID-19 ជាពិសេសនៅតែបន្តអនុញ្ញាតឱ្យមានការប្រមូលផ្ដុំទ្រង់ទ្រាយធំ នៅតាមទីសាធារណៈដែលងាយឆ្លងបំផុត។

រដ្ឋាភិបាលទីក្រុងញូដេលី បានចាប់ផ្ដើមផ្គត់ផ្គង់អុកសែនមួយចំនួន ដោយដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ឱ្យចូលរួមក្នុងយុទ្ធនាការប្រឆាំង COVID-19 ថ្នាក់ជាតិ។ ប៉ុន្តែប្រទេសធំនេះ នៅតែខ្វះឧបករណ៍ជួយសង្រ្គោះអ្នកជំងឺដូចជា បំពង់ខ្សល់ជួយដកដង្ហើម ឬខ្យល់អ៊ុកស៊ីហ្សែន គ្រែពេទ្យ  ម៉ាស់ អាកុល ជាដើម។វិបត្តកូវិដ នៅប្រទេសឥណ្ឌាបានកំពុងក្លាយជាវិបត្តិមនុស្សធម៌ នៃពិភពលោក ទាំងមូល។

បណ្ដាប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី រុស្ស៊ី ចិន ប៉ាគីស្ថាន អាល្លឺម៉ង់ ចក្រភពអង់គ្លេស ជប៉ុន និងកោះតៃវ៉ាន់គឺស្ថិតនៅក្នុងចំណោម ប្រទេសដែលបានសន្យាផ្ដល់ជំនួយ បរិក្ខាពេទ្យ ទៅដល់ឥណ្ឌា។

សហរដ្ឋអាមេរិក បានបញ្ជូនបរិក្ខាពេទ្យទៅដល់ប្រទេសឥណ្ឌានៅថ្ងៃសុក្រទី៣០ ខែមេសានេះ ។ សេតវិមាននិយាយថា បរិក្ខាពេទ្យ គិតជាសាច់ប្រាក់គឺជាង ១០០លានដុល្លារអាមេរិក។

ឥណ្ឌាស្ថិតនៅក្នុងចំណោមប្រទេសផលិត និងផ្គត់ផ្គង់វ៉ាក់សាំងធំជាងគេមួយដែរនៅលើពិភពលោក។ ដោយសារតែតម្រូវការវ៉ាក់សាំងនៅក្នុងប្រទេសច្រើនហួសប្រមាណ  គឺរដ្ឋាភិបាលឥណ្ឌាបានសម្រេចបញ្ឈប់ការនាំចេញវ៉ាក់សាំងទៅក្រៅប្រទេស ក្នុងនោះមានទាំង វ៉ាក់សាំង AstraZeneca រាប់លានដូស ដែលឥណ្ឌាសន្យាផ្ដល់អោយប្រទេសទាំងនោះ តាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិលោក។

ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ទៅជាង ១៥១លាន (១៥១១១៧៦៧៩)នាក់ ក្នុងនោះអ្នកស្លាប់មានចំនួនជាង ៣លាននាក់ (៣១៧៩១៨៧នាក់) និងជាសះស្បើយ ចំនួន ជិត១៣០នាក់ (១២៨៥១០៧៣០នាក់) ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស