28.4 C
Phnom Penh

ក្នុងរយៈពេល១រយថ្ងៃ ក្រោយការឡើងកាន់ដំណែងជាប្រធានាធិបតី អាមេរិក តើលោក Joel Biden បានធ្វើអ្វីខ្លះ តាមការសន្យា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតីអាមេរិកាំង លោក Joe Biden ឆ្លងកាត់ឧបសគ្គមួយ ចំនួនចំពោះមុខ ដូចជាការឆ្លងជម្ងឺ កូវិដ−១៩ និង ការបដិសេធមិនទទួលស្គាល់លោកជាប្រធានាធិបតីទី៤៦ ជាដើម ពីសំណាក់មជ្ឈ ដ្ឋានអាមេរិកាំងខ្លះ មានក្រុមនិយមប្តូរផ្តាច់នឹងអតីតប្រធានាធិបតីទី៤៥ Donald Trump ក្រុមអាមេរិកាំងស្បែក ស ជ្រុលនិយម ក្រុមស្អប់ខ្ពើមជនអន្តោប្រវេសន៍ជាដើម បានថ្លែងសុន្ទរកថាបូកសរុបការងារសម្រាប់រយៈពេល១០០ថ្ងៃក្រោយឡើងកាន់តំណែងនៅចំ ពោះមុខសមាជិកព្រឹទ្ធសភា សមាជិកសភាតំណាងរាស្រ្ត សមា ជិកគណៈ មន្រ្តី ចៅក្រមតុលា ការកំពូល និង អង្គទូតបរទេស ដោយផ្តើមសេចក្តី ហើយយើងសូមសង្ខេបដូចទៅនេះថា៖ 

ស.រ.អា ត្រៀមចេញដំណើរហើយ ធ្វើការឡើងវិញហើយ សុបិន្តឃើញទៀតហើយ ដឹកនាំ ពិភពលោកឡើងវិញហើយ។ យើងបានបង្ហាញគ្នាយើង និង ពិភពលោកថា គ្មានរឿងរត់ចោលស.រ.អា នោះឡើយ។

លោកថា ធ្វើការងារជាមួយគ្នាក្នុង១០០ថ្ងៃ រដ្ឋាភិបាល និង សភា បានអនុម័តផែនការសង្រោះ ដែលទាក់ទងនឹងផលវិបាកនៃការឆ្លងរាលដាលជម្ងឺ និង សេដ្ឋកិច្ចឱនថយ។ ១០០ថ្ងៃ ពលរដ្ឋ ២២០លាននាក់ បានចាក់ថ្នាំបង្ការរោគ បញ្ជូនវ៉ាក់ស័ងដល់ឱសថដ្ឋានជាង ៤ម៉ឺនកន្លែង និង មណ្ឌលសុខភាពសហគមន៍ជាង ៧០០កន្លែង។ ១០០ថ្ងៃ មនុស្សវ័យចាស់ជរា ៧០% បានចាក់ថ្នាំបង្ការរោគគ្រប់ គ្នា។

លោក Joe Biden ថ្លែងថា ក្នុងរយៈពេល១០០ថ្ងៃ រដ្ឋបាលរបស់លោករក្សាពាក្យសន្យា ដែលថានឹងផ្តល់ជំ នួយដល់ពលរដ្ឋអាមេ រិកាំងម្នាក់ ១,៤០០ដុល្លារ ហើយសែក ១៦០លាន បានចេញពីឃ្លាំងក្រសួងហិរញ្ញវត្ថុ ទៅកាន់ពលរដ្ឋប្រមាណ ៨៥%។ ក្នុង១០០ថ្ងៃ រដ្ឋ បាលលោកបង្កើតការងារឲ្យពលរដ្ឋបាន ១លាន ៣សែនការងារថ្មី។ ជួយឧបត្ថម្ភថ្លៃឈ្នួលផ្ទះ កុំឲ្យម្ចាស់ផ្ទះរក លេសដេញអ្នកបាត់ បង់ចំណូល។ ផ្តល់ទុនឲ្យខ្ចីដល់មុខរបរតូចតាច កុំឲ្យបិទទ្វារ និង រក្សាទុកកម្មករមិនឲ្យចាកចេញ។ ផ្គត់ផ្គង់ស្បៀងអាហារដល់ពល រដ្ឋ ដែលអាចប្រឈមនឹងការដាច់ស្បៀង។ មូលនិធិរូបិយវត្ថុអន្តរ ជាតិ ប៉ាន់ប្រមាណថា សេដ្ឋកិច្ចស.រ.អាក្នុងឆ្នាំនេះ នឹងកើនជាង ៦%។

ក្នុងផែនការ ការងារអាមេរិកាំង ពលរដ្ឋរាប់លាននាក់ មានការងារធ្វើ ចិញ្ចឹមគ្រួសារ ហើយរាល់ៗមួយដុល្លារចំណាយ គឺបង្កើតផលិត ផលក្នុងស្រុក ចាយទិញផលិតផលក្នុងស្រុកប្រើប្រាស់ ដែលនាំចំណូលរាប់ម៉ឺនលានដុល្លារត្រឡប់មកវិញ។ បណ្តាក់ទុនខាងហេដ្ឋា រចនាសម្ព័ន្ធ មានន័យថា បង្កើតការងារឲ្យពលរដ្ឋធ្វើជិត៩០%  ហើយការងារប្រមាណ៧៥% មិនចាំបាច់មានសញ្ញាប័ត្រថ្នាក់បរិញ្ញាឡើយ។ លោកស្នើសភាធ្វើច្បាប់ឲ្យពលរដ្ឋអាមេរិកាំងមានការធានារ៉ាប់រងខាងសុខភាពគ្រប់គ្នា។ លោកស្នើតម្លើងប្រាក់បៀវត្សអប្បបរមាដល់ ១៥ដុល្លារ ក្នុង១ ម៉ោង ដោយសង្កត់សំដីថា មិនគួរណាមនុស្សធ្វើការងារ ៤០ម៉ោងក្នុងអាទិត្យ ហើយរស់នៅក្រោមគំនូសភាពក្រីក្រនោះឡើយ។ លោកស្នើធ្វើច្បាប់ ស្មើភាពក្នុងការងារ សម្រាប់ស្រ្តីភេទ ពោលគឺផ្តល់ឱកាសឲ្យមនុស្សប្រុស− ស្រី មានប្រាក់ខែស្មើគ្នា ក្នុងការងារដូចគ្នា។ លោកថា ស្រុកអាមេ រិក គឺពល រដ្ឋវណ្ណៈកណ្តាលជាអ្នកស្ថាបនា មិនមែនថៅកែក្រុមហ៊ុនធំៗជាអ្នកស្ថាបនានោះទេ។ លោកស្នើកែទម្រង់ប្រ ព័ន្ធរក្សាសន្តិ សុខ សណ្តាប់ធ្នាប់សាធារណៈ (ប៉ូលិស) បំបាត់ការប្រ កាន់ពូជ សាសន៍ ពណ៌សម្បុរ ស្នើបន្តឹង ច្បាប់កាន់កាប់អាវុធផ្ទាល់ខ្លួនដើម្បីកាត់បន្ថយឧក្រិដ្ឋកម្ម ស្នើផ្តល់សិទ្ធិពេញលេញដល់ជនអន្តោប្រ វេសន៍ចូលដល់ទឹកដីស.រ.អា ធ្វើការងារ បង់ពន្ធដារ តែគ្មានសិទ្ធិចូលសញ្ជាតិ។

លោក Joe Biden ថ្លែងថា ពិភពលោកបច្ចុប្បន្ននេះ មិននៅរង់ចាំយើងទេ។ លោកស្នើឲ្យពលរដ្ឋ តាមរយៈតំ ណាងរបស់គេក្នុងសភាទាំងពីរ យល់ស្របថាត្រូវដាក់ទុនពង្រឹងគ្រួសារ និង កូនចៅរបស់យើង ដើម្បីប្រកួត ប្រជែងនឹងជាតិដទៃក្នុងសតវត្សទី២១នេះ។ ហេតុនេះ លោកស្នើឡើងនូវ ផែនការគ្រួសារអាមេរិកាំង ដើម្បី៖

ទី១. ទទួលការសិក្សាអប់រំល្អ ប៉ុន្តែ ការកំណត់ពីសតវត្សមុនថា កូន ចៅអាមេរិកាំងត្រូវរៀនសូត្រក្នុងសាលាឲ្យបានយ៉ាងតិច ១២ ឆ្នាំនោះ សតវត្សនេះ មិនគ្រប់គ្រាន់ទេ។ យុវជនប្រជាជាតិដទៃ គេពូកែជាងកូនអាមេរិកាំងហើយ។ កុមារអាយុពី ៣−៤ឆ្នាំ ត្រូវចូល រៀនថ្នាក់បឋមដ្ឋានល្អៗ មិនត្រូវដាក់នៅកន្លែងផ្ញើកុមារពេលថ្ងៃឡើយ។ តាមការសិក្សាស្រាវជ្រាវ បើកុមារផ្តើមរៀនសូត្រពីតូចទៅ កុមារនឹងរៀនដល់ចប់វិទ្យាល័យ ហើយនឹងចូលរៀនមហាវិទ្យា 

ល័យមិនខានឡើយ។

ទី២. ផែនការគ្រួសារអាមេរិកាំង នឹងជួយឧបត្ថម្ភដល់កូនចៅតូចៗ ដាក់ផ្ញើនៅកន្លែងថែទាំពេលថ្ងៃ។ ចំពោះអ្នកមានបៀវត្សទាប គេមិនត្រូវចំណាយថ្លៃថែទាំកូនចៅលើសពី ៧% នៃប្រាក់ចំណូលរបស់គេទេ រហូតដល់កូនចៅអាយុ៥ឆ្នាំ។

ទី៣. ផែនការគ្រួសារអាមេរិកាំង នឹងឧបត្ថម្ភបៀវត្សរយៈ ១២ សប្តាហ៍  សម្រាប់អ្នកធ្វើការដែលមានធុរៈត្រូវការឈប់សម្រាកដោយសារបញ្ហាសុខភាពខ្លួនឯង ឬ សមាជិកគ្រួសារណាម្នាក់ ដូច ជាប្តី ប្រពន្ធ កូនចៅ ជាដើម។ មិនគួរមនុស្សយើងត្រូវជ្រើសរើសរវាងប្រាក់បៀវត្សការងារ និង គ្រួសារមានបញ្ហាសុខភាពនោះទេ។

ទី៤. ផែនការគ្រួសារអាមេរិកាំង ឧបត្ថម្ភថវិកាអ្នកមានកូនតូចរាប់លាននាក់។ ចាប់ពីខែមីនាមក រដ្ឋពង្រីកកម្មវិធីជំនួយនេះ រាល់កូនម្នាក់ៗក្នុងគ្រួសារ គឺ ៣ពាន់ដុល្លារសម្រាប់កុមារអាយុលើសពី៦ឆ្នាំ ហើយនិង ៣ពាន់ ៦រយដុល្លារសម្រាប់កុមារអាយុពី៦ឆ្នាំចុះ ក្រោម។ ឪពុក ម្តាយ មានកូនពីរនាក់ នឹងបានទទួល ៧ពាន់ ២រយ ក្នុងមួយឆ្នាំ។ កុមារ ៦៥លាននាក់ នឹងមិនរស់នៅក្នុងភាពក្រីក្រទៀតឡើយ។

ចំពោះបញ្ហាសុខុមាលភាព លោក Joe Biden ថា នៅស.រ.អា ការ ថែទាំសុខភាព គប្បីជាសិទ្ធិមនុស្សគួរទទួលបាន មិនមែនជាអភ័យឯកសិទ្ធិនោះសោះ។ លោកបន្តថា កម្មវិធីក្នុងផែនការជំនួយពីរដ្ឋដល់រាស្រ្ត អាចធ្វើបានដោយឥតបន្ថែមចំណាយលើបំណុលជាតិឲ្យកាន់តែរីកធំធេងថែមទៀតនោះទេ។ លោកមិនតម្លើងពន្ធដារលើពលរដ្ឋរកចំណូលបានតិចជាង ៤០ម៉ឺនដុល្លារក្នុង ១ឆ្នាំនោះទេ។ វាល្មមដល់ពេលម្ចាស់ក្រុមហ៊ុនធំៗ មហាសេដ្ឋី ចំនួន១%សព្វថ្ងៃនេះ ជួយបង់ពន្ធរំលែកឲ្យសមរម្យយុត្តិធម៌ហើយ។ ការសិក្សាមួយបង្ហាញថា ពីឆ្នាំទៅមិញ សាជីវកម្មធំៗចំនួន៥៥ រកចំណូលបាន ៤០ពាន់លានដុល្លារ ប៉ុន្តែ មិនបានបង់ពន្ធចូលរដ្ឋ ១ដុល្លារឡើយ។ ក្រុមហ៊ុនជាច្រើនគេចមិនបង់ពន្ធដារ តាមរយៈការលាក់លុយនៅប្រទេសស្វីស នៅកោះប៊ើម្ញូដា និង កោះខេម៉ិន។ គេឆ្លៀតឱកាសពន្យាពេលបង់ពន្ធ ខណៈច្បាប់ពន្ធដារមានចន្លោះប្រហោង គេថាទុក ធនធាននៅក្រៅប្រទេសសម្រាប់ពង្រីកមុខរបរ ហើយផ្ទេរចំ ណេញទុកនៅក្រៅប្រទេស។

លោក Joe Biden ស្នើតម្លើងអត្រាពន្ធដារលើអ្នករកចំណូលបានចាប់ពី ៤០ម៉ឺនដុល្លារឡើងទៅក្នុងមួយឆ្នាំ ឲ្យស្មើនឹងសម័យលោកប្រធានាធិបតី George W. Bush កាន់តំណែង គឺ ៣៩.៦%។ ការសិក្សាមួយទៀតបង្ហាញថា ប្រធានអគ្គនាយកក្រុមហ៊ុន មានប្រាក់ចំណូល លើសបុគ្គលិករបស់ខ្លួន ៣២០ដង។ ក្នុងពេលពល រដ្ឋអាមេរិកាំង ២០លាននាក់ អត់ការងារធ្វើដោយសារវិបត្តិជម្ងឺឆ្លង កូវិដ−១៩ មហាសេដ្ឋីអាមេរិកាំង ៦៥០នាក់ បានកើនចំណូលរបស់គេ ១ម៉ឺនលានដុល្លារ។ សរុបទៅ មហាសេដ្ឋីទាំង ៦៥០នាក់ មានទ្រព្យសម្បត្តិស្មើនឹង ៤ម៉ឺនលានដុល្លារ (៤ ធ្រីលីយ៉ឹន = 4 trillion)។

ចំពោះគោលការណ៍នយោបាយក្រៅប្រទេស សំណើបណ្តាក់ទុនរបស់លោក Joe Biden នឹងផ្តល់ប្រយោជន៍ដល់មនុស្សគ្រប់រូបលើផែនដីនេះ គឺផ្តើមពីការផ្តោតអារម្មណ៍លើការប្រែប្រួលអាកាស ធាតុ។ បើយើងអាចសង្រ្គោះភពផែនដីនេះ យើងអាចបង្កើតការ ងារឲ្យមនុស្សគ្រប់រូបធ្វើ និង ជម្រុញកំណើនសេដ្ឋកិច្ច។ លោកស្នើជម្រុញកិច្ចការបរទេស ដែលនឹងផ្តល់ផលដល់ពលរដ្ឋអាមេរិកាំងថ្នាក់កណ្តាល។ នេះមានន័យថា រាល់ ប្រជាជាតិទាំងឡាយ ត្រូវប្រ កួតជាមួយគ្នាតាមក្បួនបែបបទដូចគ្នាលើរឿងសេដ្ឋកិច្ចសកល លោក។ នេះរាប់ ទាំងចិន (ដីគោក) ផង។

ក្នុងកិច្ចសន្ទនាជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង លោក Joe Biden ក៏បានជម្រាបយ៉ាងច្បាស់ដែរថា ស.រ.អា ស្វាគមន៍ការប្រកួតប្រជែង ប៉ុន្តែ មិនស្វែងចង់បានវិបត្តិទេ។ ស.រ.អានឹងការពារផល ប្រយោជន៍របស់ខ្លួនគ្រប់ផ្នែកគ្រប់កន្លែង នឹងរក្សាវត្តមានយោធាខ្លាំងក្លាមួយនៅតំបន់ ឥណ្ឌូ−ប៉ាស៊ីហ្វិក ដូចតែអង្គការ ណេតូ (អូតង់) ដូច្នោះដែរ។ មិនមែនចង់ផ្តើមវិបត្តិទេ ប៉ុន្តែ ចង់ការពារមិនឲ្យមានវិបត្តិតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត លោកបញ្ជាក់ប្រាប់មេ ដឹកនាំក្នុងពិភពលោកទាំងអស់ ថា ស.រ.អា មិនដកខ្លួនចេញពីការប្តេជ្ញាចិត្តទ្រទ្រង់សិទ្ធិមនុស្ស និង សេរីភាពជាគ្រឹះរបស់មនុស្សឡើយ។ គ្មានប្រធានាធិបតីអាមេរិកាំងណា អាចនៅស្ងៀមបានទេ បើសិទ្ធិមនុស្ស ត្រូវគេរំលោភឥតឈប់ឈរនោះ។ ស.រ.អា ជាទឹកដីគំនិត យើងជាមនុស្សកើតមកស្មើគ្នា យើងមិនដើរចេញពីគោល ការណ៍នេះជាដាច់ខាត។

ចំពោះប្រទេសរុស្ស៊ី លោក Joe Biden បញ្ជាក់ប្រាប់ប្រធានាធិបតី វឡាឌិមៀ ពូទិន ថា ថ្វីត្បិត តែស.រ.អា មិនព្យាយាមបង្កើនកំដៅសងសឹក តែសកម្មភាព វិធានការរបស់រុស្ស៊ី នឹងឃើញផលវិបាក។ ស.រ.អា បានឆ្លើយតបវិញស្មើគ្នានឹងអ្វី ដែលរុស្ស៊ីបានធ្វើទៅលើ ស.រ.អា ដូចជាលូកដៃក្នុងកិច្ចការបោះឆ្នោតស.រ.អា និង ការវាយលុកលុយតាមប្រព័ន្ធអន្តរបណ្តាញ ជាដើម។ ស.រ.អា ក៏អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយដែរ បើទីណាមានផលប្រយោជន៍រួម។

ទីបញ្ជប់ លោក Joe Biden  ថ្លែងថា៖ ការភ្នាល់មួយ ដែលចង់ភ្នាល់ផ្ចាញ់ស.រ.អា មិនមែនជាការភ្នាល់ល្អទេ។ គ្មានអ្វីមួយដែលពលរដ្ឋអាមេរិកាំងធ្វើមិនបាននោះទេ ដរាបណាយើងធ្វើអ្វីមួយរួមគ្នានោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស