ជំនួបរដ្ឋមន្ត្រីការបរទេសG-7 ផ្ដោតលើបញ្ហារុស្ស៊ីចិនអ៊ីរ៉ង់កូរ៉េខាងជើងស៊ីរីអាហ្គានិស្ថានតែបញ្ហាភូមាគឺជារឿងថ្មីបំផុត

ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសឧស្សាហកម្មជឿនលឿន G-7  បានបើកកិច្ចប្រជុំរបស់ខ្លួន ដោយជួបគ្នាផ្ទាល់ ជាលើកដំបូង ចាប់តាំងពីជំងឺកូវិដ-19 ផ្ទុះខ្លាំងនៅ ពាក់កណ្ដាលឆ្នាំ២០២០។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសG-7  ប្រព្រឹត្តទៅនៅ ប្រទេសអង់គ្លេស ដែលមានរយៈពេល៣ថ្ងៃ បានធ្វើឡើង តាំងពីថ្ងៃចន្ទទី៣ឧសភា។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅពេញមួយថ្ងៃនៅថ្ងៃអង្គារទី៤ ខែឧសភា ដោយ ពិភាក្សាលើបញ្ហាជាច្រើន អំពីបញ្ហាដែលពិភពលោកកំពុងជួបផលវិបាក ក្នុងនោះ មានបញ្ហាវិបត្តិនៅ ប្រទេសភូមា បញ្ហារុស្ស៊ី គំរាមអ៊ុយក្រែន បញ្ហាចិន បញ្ហាប្រទេសស៊ីរី បញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរ របស់អ៊ីរ៉ង កូរ៉េខាងជើង និងបញ្ហានៅប្រទេសអាហ្គានីស្ថាន។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានពិភាក្សាជាមួយសមភាគីរបស់លោកមកពីក្រុមប្រទេស G-7។ នៅក្នុងជំនួបផ្លូវការ និងការពិភាក្សាក្រៅផ្លូវការរយៈពេល ៣ ថ្ងៃ នេះដោយផ្ដោតអំពី វិបត្តិជំងឺកូវីដ១៩ ផងដែរ។

បញ្ហាអ៊ីរ៉ង់ និងបញ្ហាកូរ៉េខាងជើង ដែលកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសទាំងពីរនេះគឺជាចំណុចផ្ដោតនៃការចរចា ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ត្រូវបានពិភាក្សានៅក្នុងពិធីទទួលទាន អាហារពេលល្ងាចកាលពីយប់ថ្ងៃចន្ទ។

ជំនួបក្រៅផ្លូវការរបស់លោក Blinken កាលពីថ្ងៃចន្ទនេះ រួមមានការចរចាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong រដ្ឋមន្ត្រីការបរទេសព្រុយណេលោក Il Dato Erywan Yusof រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក ស៊ូប្រា ម៉ានីយ៉ាំ ចៃហាងការ (Subrah manyam Jaishankar) និងរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក Dominic Raab។

ជំនួបថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេស G-7 នេះ នឹងធ្វើឡើងនៅក្នុងចក្រភពអង់គ្លេសនៅខែមិថុនាឆ្នាំ២០២១ ខាងមុខនេះ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ជំនួបនៅសប្តាហ៍នេះគឺជាឱកាសដើម្បីពិភាក្សាអំពី ការធ្វើឲ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច សិទ្ធិមនុស្ស សន្តិសុខស្បៀងអាហារ សមភាពយេនឌ័រ និងការជំរុញភាពក្លាហានដល់ស្ត្រីនិងកុមារី។

ប៉ុន្តែនៅក្នុងកិច្ចប្រជុំនៃក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសឧស្សាហកម្មជឿនលឿន G-7  គឺរដ្ឋមន្ត្រីការបរទេស អង់គ្លេស Dominic Rabb បានលើកឡើងអំពី ពួកយោធាភូមា បំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

លោករដ្ឋមន្ត្រី បានទទូចថា ករណីប្រទេសភូមា គឺត្រូវតែរួបរួមគ្នា ដើម្បីនាំប្រជាធិបតេយ្យ ទៅឲ្យប្រជាជនភូមាឡើងវិញ ហើយចាំបាច់ត្រូវតែរកវិធីបញ្ចប់របបរបស់ពួកយោធា។ លោកបន្តថា ក្រៅពីដាក់ទណ្ឌកម្ម លើពួកយោធា គឺត្រូវគាំទ្រការដាក់ទណ្ឌកម្ម ការជួញដូរអាវុធ ហើយ ជំរុញអោយ មានការបញ្ជូនជំនួយមនុស្សធម៌ទៅជួយប្រជាជនភូមា។

ប្រទេសឧស្សាហកម្មជឿនលឿនលឿន G-7 មានប្រទេសអង់គ្លេស អាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន។ ចំណែកក្រុមប្រទេសសង្កេតការណ៍ មាន អូស្ត្រាលី ឥណ្ឌា កូរ៉េខាងត្បូងអាហ្វ្រិក ខាងត្បូង និងព្រុយណេ។ នៅខណៈ ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសឧស្សាហកម្មជឿនលឿន G-7 កំពុងជួបប្រជុំគ្នាលើទឹកដីអឺរ៉ុប ជាលើកដំបូង គឺក្រុមមន្ត្រីនៃគណៈកម្មការសហគមន៍អឺរ៉ុប បានចេញសេចក្ដីសម្រេចមួយ ដោយត្រៀមបើកទ្វារអឺរ៉ុប ទទួលភ្ញៀវក្នុងអឺរ៉ុបនិងភ្ញៀវអន្តរជាតិ ចូលទឹកដី អឺរ៉ុប ក្រោយស្ថានភាព នៃការចាក់វ៉ាក់សាំងរួចរាល់ហើយ។

តាមសេចក្ដីប្រកាសរបស់គណៈកម្មការ សហគមន៍អឺរ៉ុបអ្នកដែលបានទទួលវ៉ាក់សាំងចុងក្រោយយ៉ាង ហោចណាស់ ២សប្តាហ៍មុន ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូលអឺរ៉ុប។

ប្រធានគណៈកម្មការសហគមន៍អឺរ៉ុប លោក Ursula von der Leyen មានប្រសាសន៍ថា ពេលវេលាដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍   អឺរ៉ុបងើបឡើងវិញ ជាមួយសុវត្ថិភាពសុខភាពរបស់អ្នកដំណើរទាំងអស់។

តែនៅពេលអឺរ៉ុបបើកទ្វារទេសចរណ៍ គឺប្រទេសទាំងអស់ ត្រូវពិនិត្យឡើងវិញរៀងរាល់ពីរសប្តាហ៍នូវសញ្ញា នៃភាពអាសន្ន ពីការរីករាលដាលនៃជំងឺកូវិដ១៩។ គណៈកម្មការសហគមន៍អឺរ៉ុប ត្រូវពិភាក្សាគំរោងនេះនៅថ្ងៃអង្គារសប្ដាហ៍នេះ។

សហភាពអ៊ឺរ៉ុបបានអនុវត្ត រួចហើយនូវការផ្ដល់ វិញ្ញាបនប័ត្រដល់ជនទាំងឡាយណាដែលទទួលបានការចាក់វ៉ាក់សាំងCovid-19 គ្រប់ដុស  បុគ្គលអវិជ្ជមាន ឬបានជាសះស្បើយពីCovid 19 ។

រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានអនុម័តវ៉ាក់សាំងចំនួនបួនគឺ Pfizer-BioNTech, Moderna, Oxford-AstraZeneca, និងJohnson & Johnson ដែលតម្រូវអោយពលរដ្ឋរបស់ខ្លួន ចាក់វ៉ាក់សាំងទាំងនេះ។  វ៉ាក់សាំងទាំងអស់នេះ តម្រូវឱ្យមានការចាក់ពីរដងសម្រាប់ការការពារខ្ពស់បំផុត លើកលែងតែវ៉ាក់សាំង Johnson &Johnson តែមួយដងប៉ុណ្ណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.