38 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា សកម្មជនបរិស្ថានមិនបានធ្វើសកម្មភាពបំផ្លាញសង្គមជាតិ និងប្រព្រឹត្តផ្ទុយពីច្បាប់ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសិទ្ធិមនុស្សក្នុងស្រុក អះអាងថា សកម្មភាពរបស់យុវជនចលនាមាតាធម្មជាតិ ក៏ដូចសកម្មភាពសកម្មជនបរិស្ថានដែលបានធ្វើសកម្មភាពការពារបរិស្ថានកន្លងមក មិនបានប្រព្រឹត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងបំផ្លាញធនធានធម្មជាតិរបស់កម្ពុជា នោះទេ។

សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមរបស់ខ្លួន ដែលបានកាត់ទោសឲ្យសកម្មជនបរិស្ថានរបស់អង្គការចលនាមាតាធម្មជាតិ ជាប់ពន្ធនាគារ និងពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ នៅថ្ងៃពុធ នេះ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ ខែឧសភា នេះថា អាជ្ញាធរមានសមត្ថកិច្ចគួរតែលើកទឹកចិត្តឲ្យយុវជនការពារព្រៃឈើទាំងនោះអាចចូលរួមការពារបរិស្ថាន ក៏ដូចជាសម្បត្តិធម្មជាតិនានា ដែលកំពុងរងការបំផ្លាញពីឈ្មួញទុច្ចរិតជាមួយ និងរដ្ឋាភិបាល ជាជាងធ្វើទុក្ខបុកម្នេញលើពួកគេ ដែលហាក់ដូចជាការបើកដៃឲ្យឈ្មួញខិលខូចទៅវិញ។

លោកអះអាងថា មានតែឈ្មួញដែលរកស៊ីឈើខុសច្បាប់ប៉ុណ្ណោះដែលមិនពេញចិត្តនឹង សកម្មភាពអភិរក្សរបស់សកម្មជនបរិស្ថានព្រោះថា ឈ្មួញទុច្ចរិតទាំងនោះកំពុងប្រមូលផលប្រយោជន៍ ដោយខុសច្បាប់ ពីសម្បត្តិធម្មជាតិទាំងនេះ ខណៈសកម្មជនបរិស្ថានបានធ្វើសកម្មភាពប្រឆាំងនឹងពួកគេដើម្បីការពារផលប្រយោជន៍ជាតិ និង ពលរដ្ឋខ្មែរទាំងមូល។

សាលាដំបូងរាជាធានីភ្នំពេញបានប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ សម្រេចដាក់ទោស យុវជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងកញ្ញា ជា គន្ធីន ម្នាក់ៗឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ ដោយគិតចាប់ពីថ្ងៃដែលអាជ្ញាធរបានចាប់ខ្លួន និងពិន័យជាប្រាក់ចំនួន ៤លានរៀលថែមទៀត។

ដោយឡែក លោក ថុន រដ្ឋា និងស្ថាបនិកចលនាមាតាធម្មជាតិ លោក Alejandro Gonzalez-Davidson ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល ផងដែរ ក្នុងនោះតុលាការ បានចោទប្រកាន់របស់លោក Alejandro Gonzalez-Davidson ពីបទញុះញង់ ត្រូវប្តូរទៅជាបទ ការសមគំនិត វិញ។

បន្ទាប់ពីតុលាការក្រុងភ្នំពេញកាត់ទោស លោក Alejandro Gonzalez-Davidson និងកញ្ញា ជា គន្ធីន ដោយកំបាំងមុខ ហើយនោះ ក៏បានបញ្ជាឱ្យអាជ្ញាធរចាប់ខ្លួនអ្នកទាំងពីរ ព្រមទាំងបញ្ជាឱ្យរឹបអូសសម្ភារៈរបស់ពួកគេថែមទៀត។

បន្ទាប់ពីចប់សវនាការ នៅចំពោះមុខអ្នកសារព័ត៌មាន លោក ថុន រដ្ឋា បាននិយាយខ្លាំងៗថា ការសម្រេចក្តីរបស់លោក និងអ្នកផ្សេងទៀតគឺធ្វើឡើងដោយអយុត្តិធម៌ជាទីបំផុត។ លោកនិយាយខ្លាំងៗថា នេះហើយតុលាការស្រុកខ្មែរ។

ក្រោយការចាប់ខ្លួនសកម្មជនបរិស្ថានរបស់អង្គការចលនាមាតុធម្មជាតិ អស់រយៈពេល ៨ខែ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ មក តុលាការក្រុងភ្នំពេញទើបតែប្រកាសសាលក្រមនៅថ្ងៃនេះ បន្ទាប់ពីពន្យារពេលជាច្រើនលើកក្រោមហេតុផលដោយសារការរីករាលដាលនៃជំងឺCovid-19។

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ យុវជនចលនាមាតាធម្មជាតិ មានដូចជា កញ្ញាឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួន និងយកទៅឃុំទុកក្នុងពន្ធនាគារ ដោយចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីពួកគេបានស្នើសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យលោកបញ្ឈប់ការលុបបឹងតាមោក ឬបឹងកប់ស្រូវ បន្តទៀត។

យ៉ាងនេះណាក៏ដោយ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ធ្លាប់បានគម្រាម កាលពីចុងខែតុលា ឆ្នាំ២០២០ ថា លោកនៅតែបន្តចាប់ខ្លួនអ្នកដែលប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ត្បិតត្បិតពួកគេកំពុងបំផ្លាញសន្តិភាព ដែលលោកបានកសាងឡើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនោះ។

អ្នកសង្កេតការណ៍រិះគន់ថា រយៈពេល ១ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា បានប្រើយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ដើម្បីបំបាក់ស្មារតី និងបំបិទការតវ៉ានានាចំពោះអ្នកដែលរិះគន់រដ្ឋាភិបាល។ ខណៈបណ្តឹងទាំងនោះមានរហូតដល់ទៅ១៣២ ករណីឯណោះ ក្នុងនោះសកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានជិត ៣០នាក់ហើយ ដែលត្រូវអាជ្ញាធរចាប់ខ្លួន។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា លោក Patrick Murphy បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះថា លោកមានការខកចិត្តចំពោះសេចក្ដីសម្រេចរបស់តុលាការកម្ពុជា ដែលសម្រេចផ្តន្ទាទោសសកម្មភាពដោយសន្ដិវិធីរបស់យុវជនចលនាមាតាធម្មជាតិ ដែលគ្រាន់តែបញ្ចេញមតិ ដើម្បីបុព្វហេតុការពារធនធានធម្មជាតិរបស់កម្ពុជា។

ឯកអគ្គរដ្ឋទូតរូបនេះ ស្នើឱ្យតុលាការក្រុងភ្នំពេញដោះលែងសកម្មជនបរិស្ថានទាំងនោះឱ្យមានសេរីភាពវិញ ដើម្បីឱ្យពលរដ្ឋខ្មែរទាំងអស់ អាចស្ដាប់សំឡេងអ្នកការពារធនធានធម្មជាតិនៅកម្ពុជាបន្តទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស