34 C
Phnom Penh

អង្គការក្រៅរដ្ឋាភិបាលថា វិបត្តិCovid-19 បានរុញច្រានឲ្យពលរដ្ឋខ្មែររងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់អង្គការអភិវឌ្ឍន៍ផ្នត់គំនិត អះអាងថា វិបត្តិ Covid-19 បានរុញច្រានឲ្យពលរដ្ឋខ្មែរ រងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ខណៈថវិកាដែលរដ្ឋាភិបាលបានបម្រុងទុកដើម្បីដោះស្រាយនៅពេលជួបឧបសគ្គមួយនេះ ហាក់មានចំនួនតិចតួចប៉ុណ្ណោះ។

នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ ខែឧសភា នេះថា ក្នុងស្ថានភាពនេះពលរដ្ឋខ្មែរ កំពុងជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារធ្ងន់ធ្ងរជាទីបំផុត ជាពិសេស គឺការប្រឈមមុខទៅនឹងបំណុលធនាគារតែម្តង។

លោកបន្តថា មានពលរដ្ឋខ្លះត្រូវបង្ខំចិត្តលក់ដីធ្លី និងអចលនទ្រព្យផ្សេងទៀតដែលខំសន្សំទុកកន្លងមក ដើម្បីសងបំណុលរបស់ខ្លួនតាមកាលកំណត់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ។

លោកអះអាងថា ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ចដល់សង្គមជាតិ និងពលរដ្ឋខ្មែរ ក្នុងអំឡុងពេលនេះ និងក្រោយពីការរីករាលនៃជំងឺCovid-19 ត្រូវបានបញ្ចប់ រដ្ឋាភិបាលកម្ពុជា គួរតែពិចារណាដាក់ចេញនូវផែន ឬគោលនយោបាយ ស្ដារសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចពលរដ្ឋឡើងវិញឲ្យបានជាក់លាក់ និងទាន់ពេលវេលាលើគ្រប់វិស័យ ក៏ដូចជាការស្ដារមុខមាត់កម្ពុជា និងរដ្ឋាភិបាលខ្លួនឯងឡើងវិញផងដែរ។

បណ្ឌិត សេក សុជាតិ បញ្ជាក់ថា ប្រសិនបើ វិបត្តិជំងឺសកលនេះចេះតែបន្តបែបនេះតទៅទៀត ខណៈរដ្ឋាភិបាលក៏មិនមានវិធានការច្បាស់លាស់ក្នុងការរៀបចំស្ដារសេដ្ឋកិច្ចជាតិឡើងវិញនោះទេ នោះវិបត្តិផ្សេងៗជាច្រើនទៀត នឹងកើតឡើងលើពលរដ្ឋជាបន្តបន្ទាប់ ដូចជា វិបត្តិផ្លូវចិត្ត វិបត្តិសេដ្ឋគ្រួសារ វិបត្តិសុខភាព និងការបាត់បង់នូវសិទ្ធិសេរីភាព នានា ផងដែរ។

អង្គការអភិវឌ្ឍន៍ផ្នត់គំនិត បានបញ្ចេញរបាយការស្រាវជ្រាវរបស់ខ្លួន នៅដើមខែឧសភា ឆ្នាំ២០២១ នេះថា វិធានការទប់ស្កាត់ជំងឺCovid-19 របស់រដ្ឋាភិបាលកម្ពុជា ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋទាំងបញ្ហាសុខភាព និងសេដ្ឋកិច្ច ហាក់មិនទាន់អាចអនុវត្តបានល្អប្រសើរនៅឡើយទេ។ ប្រភពដដែល អះអាងថា ក្រោមវិធានការកិច្ចគាំពារសង្គម ហាក់គ្មានប្រសិទ្ធភាពពេញលេញរបស់រាជរដ្ឋាភិបាលកម្ពុជា បានបណ្តាលឲ្យ ពលរដ្ឋធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ រួមមាន ការខ្វះខាតស្បៀងអាហារហូបចុកឲ្យបានសមរម្យ ការប្រឈមមុខនឹងបំណុលធនាគារ និងការតម្រូវឲ្យបង់ថ្លៃទឹក ភ្លើង ឲ្យបានទាន់ពេលវេលា ថែមទៀត។

របាយការណ៍ស្រាវជ្រាវដដែលនេះ បញ្ជាក់ថា ក្នុងចំណោមមនុស្ស ១០០គ្រួសារ រកឃើញថា គ្រួសារដែលរងផលប៉ះពាល់ដោយសារជំងឺCovid-19 មានកម្រិតខ្ពស់ជាទីបំផុត។ ក្នុងនោះ សម្រាប់ក្រុងភ្នំពេញ បានរងផលប៉ះពាល់ខ្លាំងបំផុតរហូតដល់ទៅ ៨៩% ឯណោះ។

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋជាច្រើនគ្រួសារស្ថិតក្នុងភូមិភ្នាត ទល់មុខវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវចាត់ទុកជាតំបន់ក្រហម បាននាំគ្នាចេញពីក្នុងផ្ទះ ដោយលើកបដាសរសេរថា ពួកគេដាច់បាយហើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ថា រដ្ឋាភិបាលមិនខ្វះអំណោយចែកជូនពលរដ្ឋនោះទេ បើទោះបីជារដ្ឋាភិបាលផ្អាក ការចែកថវិកាឲ្យពលរដ្ឋក៏ដោយ តែបញ្ហាស្ថិតនៅត្រង់ថា យន្តការនៃការរៀបចំចែកអំណោយទាំងនោះ គឺនៅមានផលលំបាកនៅឡើយ។

ជំងឺCovid-19 ជាប្រភេទជំងឺចម្លងពីមនុស្សទៅមនុស្ស ជំនាន់ទី៥ហើយ ក្នុងរយៈពេល ១០០ឆ្នាំកន្លងមកនេះ។ ជំងឺឆ្លងកាចសហាវប្រភេទនេះធ្លាប់បានកើតឡើងដំបូងក្នុងឆ្នាំ១៩១៨ មានឈ្មោះថា H1 N2 ឬហៅថា Spanish Flu លើកទី២ បានកើតឡើងក្នុងឆ្នាំ១៩៥៧ ឈ្មោះថា H2 N2 ឬហៅថា Asian Flu។

ដោយឡែកលើកទី៣ បានផ្ទុះជំងឺមួយទៀតដែលមានឈ្មោះថា H3 N2 ឬហៅថា Hong Kong Flu និងលើកទី៤ បានកើតឡើងក្នុងឆ្នាំ២០០៩ មានឈ្មោះថា H1 N1 ឬហៅថា Pandemic Flu៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស