28.4 C
Phnom Penh

ចិនប្រាប់ហ្វីលីពីនអោយបញ្ឈប់ការបង្ករឿងខណៈនាវាចម្បាំងចិនចូលដែនទឹកហ្វីលីពីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងស្ថានភាពដែល ប្រទេសហ្វីលីពីន បានធ្លាក់ក្នុងភាពតានតឹង នៃជម្លោះ ដែនទឹក នៅសមុទ្រចិនខាងត្បូង ហើយតែងតែប្រាប់ចិនឲ្យដកទ័ពចេញពីដែនទឹករបស់ខ្លួន បើពុំនោះទេការបង្កជម្លោះ មិនអាចរកទី  បញ្ចប់បានឡើយ។

រហូតមកទល់ពេលនេះ ហ្វីលីពីន បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿង ទៅកាន់ទីតាំងដែលនាវាចម្បាំងរបស់ចិន បានស្ថិតនៅទីនោះ ។ នាវារបស់ហ្វីលីពិន ទៅទីនោះ គឺដើម្បីធ្វើសមយុទ្ធ ការពារដែនទឹករបស់ខ្លួន ដែលមើលទៅដូចជាការគំរាមនាវាល្បាត និងនាវាចម្បាំងរបស់ចិន។

ក្នុងបុព្វហេតុនេះ ចិនដែលជាប្រទេសមហាអំណាច និងជាប្រទេសម្ចាស់បំណុលពាន់លានដុល្លារ លើប្រទេសហ្វីលីពីន បានចេញសារព្រមាន កូនបំណុល របស់ខ្លួនដោយប្រើពាក្យថា កុំបង្ករឿង ហើយ បញ្ឈប់ទៅ ការបង្ខិតបង្ខំអោយ ចិនដកនាវាចេញពីដែនទឹករបស់ចិន នៅសមុទ្រចិនខាងត្បូង។

តាមបណ្ដាញផ្សាយព័ត៌មានរបស់ប្រទេសចិន CGTN ការដែលអ្នកនាំពាក្យ ក្រសួងការបរទេសចិន Wang Wenbin បានចេញសារព្រមានដូចនេះ បន្ទាប់ពី ចិនប្រតិកម្មទៅនឹងរដ្ឋមន្ត្រីការបរទេស ហ្វីលីពីន Teodoro Locsin ដែលបានបញ្ចេញទស្សនៈ វាយប្រហារចិន នូវពាក្យអាក្រក់ គឺចង់ប្រើពាក្យថាចិនជាមិត្តតែចិនក៏ជាចោរដែរ។

លោករដ្ឋមន្ត្រីបានទាមទារអោយ ចិនដកទូកនេសាទឬ នាវាចេញពីដែនទឹកហ្វីលីពីន ដោយចាត់ទុកថា ជាការឈ្លានពាន។ អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បានប្រាប់ ហ្វីលីពីនទៀតថា ដែនទឹកដែលនាវាចិន បានចូលទៅ គឺជាដែនអធិបតេយ្យរបស់ចិន ហើយ ហ្វីលីពីនត្រូវតែគោរព គឺមិនត្រូវចោទចិនថា លុកលុយដែនទឹករបសខ្លួននោះទេ ហើយ បញ្ឈប់ ការបង្ករឿង ដាក់ចិន។

នៅពេលដែលចិន ប្រតិកម្មនឹងមន្ត្រីរបស់ខ្លួន ប្រធានាធិបតី Rodrigo Duterte បានអប់រំកូនចៅរបស់ខ្លួនឲ្យថ្នមចិត្តចិនបន្តិចទៅ។

អ្នកនាំពាក្យរបស់លោក Duterte គឺលោក Harry Roque បាននិយាយថាប្រធានាធិបតីហ្វីលីពីនបានក្រើនរំលឹកដល់មន្ត្រីនានាថាពាក្យអសុរោះមិនគួរប្រើនៅក្នុងផ្នែកការទូតនោះទេ។

ដោយសារទទួលការណែនាំដូចនេះរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីនលោក Teodoro Locsin  ក៏បានសុំអភ័យទោសចំពោះការបញ្ចេញទស្សនៈដែលជាពាក្យអាក្រក់ទៅលើមិត្តចិន។ តែលោកនិយាយថាកាយវិការរបស់លោកដូចនេះ គឺធ្វើឡើងចំពោះរដ្ឋមន្ត្រីការបរទេសចិនតែម្នាក់ប៉ុណ្ណោះ មិនមែនរដ្ឋាភិបាលចិនទាំងមូលនោះទេ។

នៅក្នុងសារធ្វីតធើររបស់លោក Locsin  បានបញ្ចាក់ថាប្រសិនបើលោកវ៉ាងយីកំពុងអានតាមរយៈបណ្តាញសង្គម Twitter របស់លោក គឺលោកចង់និយាយថាលោកសុំអធ្យាស្រ័យចំពោះ ការធ្វើឱ្យអារម្មណ៍របស់លោកវ៉ាងយីឈឺចាប់។

ប៉ុន្តែសម្រាប់លោករដ្ឋមន្ត្រីនៅតែប្រកាន់ស្មារតីជាតិ និយម របស់លោក ដែលលោកនៅតែបញ្ជាក់ថា លោកនឹងមិនអង្វរ ឬចុះចាញ់ឡើយ ចំពោះបុព្វហេតុណាធ្វើឱ្យមានការបាត់បង់ដែនទឹករបស់                     ហ្វីលីពីន។

វោហាសាស្រ្ដវាយលុកឈ្លានពានរបស់អ្នកការទូតចិននិង ហ្វីលីពីន បែបនេះត្រូវបានក្រុមអ្នកសង្កេតការណ៍ចាត់ទុកជាយុទ្ធសាស្រ្តរបស់អ្នកការទូត ប្រៀបដូចជាអ្នកចម្បាំងឆ្កែចចក ហើយផ្ដើមចេញមុខប្រយុទ្ធកម្ចាត់សត្រូវរបស់ខ្លួន។

ចិន និងហ្វីលីពីនបានប្រជែងគ្នាទាមទារដែនទឹក ត្រួតស៊ីគ្នានៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកសំបូរធនធាន និងជាភោគទ្រព្យរាប់ពាន់លានដុល្លារ។

កាលពី២ឆ្នាំកន្លងមកនេះ ទីក្រុងប៉េកាំងបានលេចមុខកាន់តែរឹងមាំនៅក្នុងដែនទឹកមានជម្លោះជាមួយហ្វីលីពីន ដែលនាំឱ្យក្រុងម៉ានីលប្រតិកម្ម ហើយ ប្រជាជនប្រទេសអាស៊ីអាគ្នេយ៌មួយនេះ បានធ្វើបាតុកម្មបណ្ដេញនាវាចិនក្រោមច្បាប់អន្តរជាតិ និងសាលក្រមមជ្ឈិត្តការអន្តរជាតិ ដែលហ្វីលីពីនឈ្នះក្ដី នៅក្នុងបណ្ដឹងឆ្នាំ២០១៦។ប៉ុន្តែក្រុងប៉េកាំង មិនខ្ចីអនុវត្តតាមឡើយ។

ប៉ុន្តែទីក្រុងប៉េកាំងម្ដងទៀតកាលពីថ្ងៃទី៤ ខែមេសា បានរំលឹកឡើងវិញថាកោះ Bajo de Masinloc ដែលកោះនេះចិនហៅថាកោះ Huangyan និងដែនទឹកនៅជុំវិញនោះ គឺស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសចិន។

Bajo de Masinloc ដែលត្រូវបានគេស្គាល់ថា ស្ថិតនៅប្រជុំកោះ Scarborough  គឺជាតំបន់ថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូងដែលមានចម្ងាយតែ ១២០ ម៉ាយពីឆ្នេរហ្វីលីពីនប៉ុណ្ណោះហើយ ៤៧០ ម៉ាយពីឆ្នេរសមុទ្រប្រទេសចិន។

ចិនទាមទារភាគច្រើននៃសមុទ្រចិនខាងត្បូងដោយផ្អែកលើអ្វីដែលខ្លួនកំណត់ថាជាខ្សែបន្ទាត់៩ឆ្នូត ដោយកំណត់ដែនទឹករបស់ចិននៅក្នុងផែនទីប្រវត្តិសាស្ត្រនៃសមុទ្រចិនខាងត្បូង។ តែបែបនេះក្ដីតុលាការមជ្ឈិត្តការអន្ដរជាតិ បានច្រានចោលនូវអ្វីដែលហៅថាខ្សែបន្ទាត់៩ឆ្នូតដែលចិនបានកំណត់នោះគឺខុសនឹងច្បាប់អន្តរជាតិ។

ទន្ទឹមនឹងរដ្ឋមន្រ្ដីការបរទេសហ្វីលីពីនប្រើពាក្យគ្រោធគ្រាតវាយប្រហារមិត្តចិន គឺក្រសួងការបរទេសហ្វីលីពីន ក៏បានចេញសេចក្តីថ្លែងការណ៍ដោយស្នើឱ្យចិនដកនាវារបស់ខ្លួនដែលចូលដល់តំបន់ Scarborough និងក្រុមកោះ Kalayaan  ដោយប្រើប្រយោគថា វត្តមានរបស់នាវាទាំងនោះគឺ ចូលមកដោយគ្មានការអនុញ្ញាត និង ជាការរំលោភបំពានដោយឥតលាក់លៀមនូវអធិបតេយ្យភាពរបស់ហ្វីលីពីន។

អ្នកសង្កេតការណ៍ព្រមានថាបើ ពុំមានការដោះស្រាយ ឲ្យទាន់ពេលវេលាទេនោះ ហើយស្ថានការណ៍ ប្រឈមដាក់គ្នារវាងនាវាចម្បាំង ហ្វីលីពីនជាមួយនាវាចម្បាំងរបស់ចិននៅ បន្តទៀតនោះ គឺការប៉ះទង្គិច គ្នាមិនត្រឹមតែ ក្នុងជំលោះការទូតនោះទេ គឺជម្លោះប្រដាប់អាវុធក៏អាចនឹងកើតមានដែរព្រោះខណៈនេះកងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក បានកំពុង បណ្ដែតខ្លួននៅ លើផ្ទៃសមុទ្រចិនខាងត្បូង គឺនៅក្បែរកងនាវាហ្វីលីពីន គឺរង់ចាំអន្តរាគមន៍ជួយកងទ័ពសម្ព័ន្ធមិត្តរបស់ខ្លួន ទប់ទល់នឹងកងទ័ពចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស