29 C
Phnom Penh

សាធារណជនចាំមើលចំណាត់ការផ្លូវច្បាប់ទៅលើឈ្មោះ ជាម ជន់ ដែលល្មើសនឹងបម្រាមបិទខ្ទប់រាជធានី-ខេត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរស់នៅឯខេត្តព្រះសីហនុ កំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាពិសេសអយ្យការអមសាលាដំបូងខេត្តនេះថា នឹងអនុវត្តន៍នីតិវិធីបែបណាទៅលើបុគ្គលឈ្មោះ ជាម ជន់ ដែលល្មើសបម្រាមបិទខ្ទប់ការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត របស់លោក ហ៊ុន សែន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺCovid-19 ខណៈបុគ្គលឈ្មោះ ជាម ជន់ កំពុងត្រូវបានមន្ត្រីមានអំណាចមានឋានៈធំៗច្រើននាក់ ចេញមុខជួយអន្តរាគមន៍គេចពីការផ្ដន្ទាទោស។

លោកវរសេនីយ៍ទោ ផុន បុប្ផា អធិការរងនគរបាលស្រុកកោះសូទិន ទទួលផែនការងារនគរបាលយុត្តិធម៌ ត្រូវបានគេហទំព័រក្នុងស្រុកឈ្មោះ «កម្ពុជាថ្ងៃនេះ» ដកស្រង់មកចុះផ្សាយនៅថ្ងៃចន្ទ ទី១០ ខែឧសភា នេះថា ជនសង្ស័យឈ្មោះ ជាម ជន បានលួចធ្វើដំណើរចេញពីខេត្តព្រះសីហនុ ចូលមកដល់ស្រុកកំណើតរបស់ខ្លួន ក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

ការធ្វើដំណើររបស់ឈ្មោះ ជាម ជន ត្រូវសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែឧសភា ក្រោយជនសង្ស័យរូបនេះ បានលួចធ្វើដំណើរពីខេត្តព្រះសីហនុ វិលមកដល់ផ្ទះកំណើតរបស់ខ្លួន នៅភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងពេលធ្វើដំណើរមកដល់ផ្ទះភ្លាម គឺបុគ្គលឈ្មោះ ជាម ជន់ បានយកញញួរទៅវាយបង្គោលរបងស៊ីម៉ងត៍ របស់អ្នករស់នៅភូមិជិតគ្នា អស់១៤ដើម ដោយចោទម្ចាស់របងថ្មនោះថា ដាំបង្គោលរបងចូលដីផ្លូវសាធារណៈ នាំឲ្យរូបគេបើកឡានសេរីទំនើបចូលផ្ទះមិនបាន។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ក៏ចុះទៅសួរនាំលើករណីវាយបំផ្លាញបង្គោលរបងថ្ម តាមពាក្យបណ្តឹងរបស់ឈ្មោះ ហេង ខាលី និងសួរនាំលើករណីល្មើសនឹងបម្រាមបិទខ្ទប់ការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត របស់រាជរដ្ឋាភិបាល ប៉ុន្តែត្រូវឈ្មោះ ជាម ជន់ រូបនេះ ប្រើពាក្យសន្តីប្រមាថមិនសមរម្យ មកលើកម្លាំងសមត្ថកិច្ចផងដែរ។

លោកវរសេនីយ៍ទោ ផុន បុប្ផា អធិការរងនគរបាលស្រុកកោះសូទិន បញ្ជាក់ថា ចំពោះសំណុំរឿងឈ្មោះ ជាម ជន់ ដែលលួចធ្វើដំណើរចេញពីខេត្តព្រះសីហនុ ឆ្ពោះមកខេត្តកំពង់ចាម ល្មើសនឹងបម្រាមបិទខ្ទប់រាជធានី-ខេត្ត របស់រាជរដ្ឋាភិបាលកម្ពុជា នេះសមត្ថកិច្ចបានបញ្ជូនទៅកាន់ថ្នាក់លើ និងសាលាដំបូងខេត្តកំពង់ចាម ស្របតាមនីតិវិធីរួចហើយ ប៉ុន្តែត្រង់ថា ស្ថាប័នអនុវត្តច្បាប់ទាំងនោះ នឹងបន្តនីតិវិធីបែបណា រូបលោកមិនទាន់ដឹងនៅឡើយ។

ទោះជាបែបនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និង លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម ដើម្បីបំភ្លឺលើករណីសំណុំរឿង របស់ជនសង្ស័យឈ្មោះ ជាម ជន់ បាននៅឡើយ។

ទាក់ទិនឈ្មោះ ជាម ជន់ ខាងលើនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ ក្នុងអាណត្តិ លោក យន្ត មីន មកធ្វើជាអភិបាលខេត្តព្រះសីហនុ គឺរដ្ឋបាលខេត្តនេះ បានចាត់ទុកឈ្មោះ ជាម ជន់ គឺជាបុគ្គលម្នាក់ ស្ថិតក្នុងចំណោមបុគ្គលច្រើននាក់ទៀត ដែលជាប់ឈ្មោះចូលទន្ទ្រានកាន់កាប់ និងលក់-ទិញ ដីសាធារណៈរបស់រដ្ឋ ក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស