29 C
Phnom Penh

ប្រធានអាស៊ាននឹងទៅភូមាក្នុងសប្ដាហ៍ក្រោយនេះ ដោយរំពឹងថានឹងរំលឹកមេដ្ឋប្រហារអោយអនុវត្តផែនការ៥ចំណុច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់តាំងថ្ងៃ២៤មេសាមក គឺជាង២សប្ដាហ៍ហើយ ដែល មេរដ្ឋប្រហារ ភូមា ឧត្តមសេនីយមីនអ៊ុងឡាំង មិនបានធ្វើឲ្យស្ថិរភាព នៅក្នុងប្រទេសភូមា ចុះថយហិង្សានោះទេ។ អំពើហិង្សានេះ បានកើតឡើងជារៀងរាល់ថ្ងៃ។

នៅក្នុងកិច្ចប្រជុំពិសេស នៃមេដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឧត្តមសេនីយមីនអ៊ុងឡាំង បានទទួលយក ផែនការ៥ចំណុចចំពោះមុខមេដឹកនាំបន់មួយនេះ ជាមួយការបង្ខំអោយ មេរដ្ឋប្រហារ អនុវត្ត ជំហានដំបូងគឺ ការបញ្ឈប់អំពើហិង្សាប្រឆាំងជនស៊ីវិល ប៉ុន្តែពួកយោធាមិនបានអនុវត្តនោះឡើយ ដោយនៅតែវាយបង្រ្កាបលើបាតុករ និងចាប់បាតុករ រៀងរាល់ថ្ងៃ។

ដោយហេតុផលនោះ ពួកយោធា ប្រកាសថា នឹងមិនទទួលយកគណៈប្រតិភូអាស៊ានណាមួយ ដែលចង់មកកាន់ប្រទេសភូមា នោះទេ។ ដោយព្រួយបារម្ភកាន់តែខ្លាំងអំពីការស្លាប់ជនស៊ីវិលប្រធាន អាស៊ាន សម្រាប់ឆ្នាំ២០២១នេះ គឺ ប្រទេសព្រុយណេ។

ដោយមើលឃើញ នូវការចង់គេច មិនគោរពការសន្យារបស់មេរដ្ឋប្រហារភូមា ប្រធានសមាគមអាស៊ាន ត្រូវបានសារព័ត៌មានភូមា Irrawaddy  ធ្វើសេចក្ដីរាយការណ៍មកថា  នឹងធ្វើដំណើរទៅប្រទេសភូមា នៅសប្តាហ៍ក្រោយនេះ។ ព្រះអង្គម្ចាស់ Hassanal Bokiah នឹងធ្វើការចរចាបន្ថែមទៀតជាមួយមេដឹកនាំ នៃរបបយោធារបស់លោកឧត្តមសេនីយ មីនមីនអុងឡាំង និងមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធ។

ទស្សនវិស័យខ្លះបានបកស្រាយអំពីកង្វះសកម្មភាពជាក់ស្តែងភ្លាមៗដែលជាកិច្ចខិតខំប្រឹងប្រែង របស់សមាគមអាស៊ាន ដែលធ្វើឲ្យពួកយោធាទិញពេលវេលា។

ប្រភពព័ត៌មានពីមន្ត្រីទូតអាស៊ាន ដែលសុំមិនបញ្ចេញឈ្មោះបាន ឲ្យដឹង ថាដំណើរទស្សនកិច្ចរួមគ្នា នឹងធ្វើឡើងនៅសប្ដាហ៍ក្រោយនេះ ដោយព្រះអង្គម្ចាស់ ហាសាណាល់បូគា នៃប្រទេសព្រុយណេ និងក្រុម លេខាធិការដ្ឋានអាស៊ាន។

ប្រភពដដែល បន្ថែមទៀតថាការតែងតាំងប្រេសិតពិសេសរបស់អាស៊ាននឹងត្រូវប្រកាសជាផ្លូវការដោយប្រធានអាស៊ាន នៅពេលទៅដល់ប្រទេសភូមា និងធ្វើឡើងនៅចំពោះមុខឧត្តមសេនីយ៍មីនអ៊ុង។

ប៉ុន្តែ ឥស្សរជនដែលបានចាត់តាំង មាន២រូប គឺអតីតរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី Hassan Wirajuda និងអតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេសថៃលោក Weerasak Foot Rakul។

អ្នកទាំងពីរមានបទពិសោធន៍ទូលំទូលាយក្នុងការចូលរួមជាមួយប្រទេសភូមា ។

លោក Weerasak Foot Rakul ធ្លាប់បានចូលរួមជាមួយក្រុមការងារមនុស្សធម៌ជួយដល់ប្រទេសភូមាក្នុងអំឡុងព្យុះស៊ីក្លូន ណាហ្គីស ក្នុងឆ្នាំ ២០០៨ ដែលបានវាយសន្ធប់លើប្រទេសភូមាសម្លាប់មនុស្សរាប់រយនាក់ ។

ចំណុចនេះ គេនៅមិនទាន់ច្បាស់ទេ ថាតើរបបសឹកភូមានឹងទទួលយកពួកគេជាប្រេសិតពិសេសយ៉ាងដូចម្តេចនោះ។ លោក Weerasak Foot Rakul ត្រូវបានគេដឹងថាជាអ្នកអភិរក្ស និងមានភាពជិតស្និទ្ធជាមួយពួកយោធាភូមា។ គាត់ស្គាល់មេដឹកនាំយោធាជាន់ខ្ពស់ជាច្រើនរូបនៅពេលដែលគាត់បម្រើការជាឯកអគ្គរដ្ឋទូតថៃប្រចាំប្រទេសភូមា។

ឥឡូវនេះ Weerasak Footrakul គឺជាសមាជិកព្រឹទ្ធសភាថៃ។

គេមិនទាន់ដឹងថាតើគាត់នឹងអាចមានទស្សនៈប្រកបដោយតុល្យភាពចំពោះប្រទេសភូមា និងយល់ដឹងអំពីពលរដ្ឋភូមាដែលកំពុងប្រឆាំងនឹងរដ្ឋប្រហារខុសច្បាប់ដែរឬយ៉ាងណានោះ។

ប្រភពដែលធ្លាប់ស្គាល់បុរសរូបនេះ ពួកគេបានសម្តែងការងឿងឆ្ងល់ចំពោះសមត្ថភាពរបស់Footrakul ក្នុងនាមជាប្រេសិតពិសេស។

ចំណែកលោក Hassan Wirajuda គឺអំឡុងលោកបម្រើការជារដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី លោកបានរិះគន់យ៉ាងខ្លាំងទៅលើប្រទេសភូមាចំពោះបញ្ហាសំណុំរឿងរ៉ូហ៊ីងយ៉ា។ អតីតរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ីរូបនេះ ក៏បានរិះគន់ប្រទេសថៃនាពេលកន្លងមកចំពោះការរុញច្រាន ជនជាតិ រ៉ូហ៊ីងយ៉ា ឲ្យទៅស្លាប់នៅលើសមុទ្រ និងទាមទារ ឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងក្នុងតំបន់។

ដំណើរទស្សនកិច្ចរួមគ្នារបស់ប្រធានអាស៊ានដែលតំណាងដោយរដ្ឋមន្រ្តីការបរទេសព្រុយណេ Dato Erywan Yusof និងអគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi នឹងក្លាយជាក្រុមដំបូងនៃក្រុមអាស៊ានបន្ទាប់ពីមានការឯកភាពគ្នា ៥ ចំណុចកាលពីក្នុងកិច្ចប្រជុំនៃមេដឹកនាំអាស៊ាន ។

ដំណើរទស្សនកិច្ចនេះនឹងផ្ដល់ឱកាសឱ្យប្រធានអាស៊ានធ្វើការវាយតម្លៃដោយផ្ទាល់អំពីស្ថានភាពទូទៅ បន្ទាប់ពីការរឹបអូសអំណាចរបស់យោធាដោយរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈ។

ការបញ្ឈប់អំពើហឹង្សាដែលបានព្រមព្រៀង នៅឯកិច្ចប្រជុំនៅក្រុងហ្សាកាតា នៅមិនទាន់កើតចេញ ជារូបរាងទាំងស្រុងនៅឡើយទេ ខណៈ ការប្រយុទ្ធ និងការបាញ់ប្រហារនៅតែបន្ត។ ស្ថានភាពនៅទីក្រុងយ៉ាំងហ្គោន និងម៉ាន់ដាឡេ បង្ហាញថាការប្រើប្រាស់អាវុធដ៍សាហាវមិនបានថយចុះនោះទេ។

ទោះយ៉ាងណាការប្រយុទ្ធគ្នារវាងកងទ័ពភូមាមីនអ៊ុងឡាំង និងកងទ័ពជនជាតិភាគដើមតិច ជាពិសេសរដ្ឋការ៉ែន រដ្ឋសាន និងរដ្ឋកាឈិន              នៅតែបន្តកើតមានជាបន្តបន្ទាប់ និងធ្ងន់ធ្ងរថែមទៀតដោយបណ្ដាល អោយចំនួនអ្នកភៀសខ្លួនចេញទៅតំបន់ព្រំដែនថៃ ក្នុងរយៈពេលបី              សប្តាហ៍កន្លងមកនេះមានការកើនឡើង ។ កាលពីសប្តាហ៍មុនរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលបានបង្កើតឡើងដោយសមាជិកសភា របស់ភាគីអ្នកស្រី អ៊ុងសាន ស៊ូជី បានប្រកាសបង្កើតកងកម្លាំងការពារប្រជាជនដោយមានគោលបំណង ប្រឆាំងការប្រើប្រាស់អំពើហឹង្សារបស់ពួកយោធាទៅលើប្រជាជន។ ប៉ុន្តែពួកយោធា បានចាត់ទុកកម្លាំងមួយនេះថាជាក្រុមភេរវកម្ម។

ទន្ទឹមនឹងនេះ គឺក្តីកង្វល់ត្រូវបានសម្តែងឡើង ខណៈចលនាមិនគោរពពួកយោធាកាន់តែច្រើនឡើងកំពុងចូលរួមជាមួយក្រុមជនប្រដាប់អាវុធជាពិសេស ក្រុមការ៉ែន និងសាន។ កាលពីថ្មីៗវិដេអូមួយរបស់បណ្ដាញផ្សាយព័ត៌មាន CNN បានបង្ហាញមុខពួកគេមួយចំនួនដែលបានចូលរួមក្នុងការបណ្តុះបណ្តាលយោធា ក្នុងការរៀបចំសម្រាប់ការប្រយុទ្ធប្រឆាំងនឹងកងទ័ពភូមារនៃរបបសឹក។

អង្គការសង្គមស៊ីវិលក្នុងស្រុកដែលមានមូលដ្ឋាននៅទីក្រុងបាងកកនិងនៅតាមព្រំដែនបានផ្តល់ជាថវិកា និងជំនួយមនុស្សធម៌ដល់មជ្ឈមណ្ឌលទទួលការហ្វឹកហ្វឺនក្រុមយុវជនទាំងនោះ។ ជំនួយនេះក៏ត្រូវបានបញ្ជូនឆ្លងកាត់ព្រំដែនដើម្បីជួយអ្នកភូមិ ភូមាដែលភាសខ្លួនដោយសារសង្រ្គាម។

ឧត្តមសេនីយមីនអ៊ុង បានប្រាប់សារព័ត៌មាន របស់ពួកយោធា ថាបើប្រទេសភូមា នៅតែអស្ថិរភាព គឺលោកនឹងមិនអាចទទួលបានទេនូវប្រតិភូមកពីខាងក្រៅប្រទេស ព្រោះបាតុកម្មប្រឆាំងនឹងរបបរបស់លោកនៅតែបន្ត ហើយ ការពើបប្រយុទ្ធគ្នាជាមួយកងទ័ពជនជាតិដើមភាគតិច កើត មានរាល់ថ្ងៃ។

ពួកយោធា បាននិយាយថាខ្លួននឹងមិនយល់ព្រមអោយមានដំណើរទស្សនកិច្ចរបស់ប្រេសិតអាស៊ីអាគ្នេយ៍មួយណានោះទេគឺរហូតដល់ប្រទេសនេះអាចបង្កើតស្ថិរភាព បានធម្មតាឡើងវិញ។ តែអ្នកសង្កេតការណ៍ ព្រមានថា បើមិនទទួលយកប្រតិភូអាស៊ានគឺមីនអ៊ុងឡាំងនឹងប្រឈមនឹងការចោទថា ចង់គេចវេះ ពីការសន្យារបស់ខ្លួន ដែលករណីនេះ នឹងធ្វើអោយរបបសឹកកាន់តែឯកោ ហើយអាស៊ាននឹងបើក  ភ្លើងខៀវឲ្យមានកិច្ចអន្តរាគមន៍ផ្សេងទៀត ពីសហគមន៍អន្តរជាតិចូលពាក់ព័ន្ធ ស៊ីជម្រៅក្នុងវិបត្តិនៅភូមា ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស