42.2 C
Phnom Penh

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិថា មន្ត្រីបក្សកាន់អំណាចមិនគួរប្រើសម្តីបែបប្រជាភិថុតិទៅកាន់ពលរដ្ឋខ្មែរបន្តទៀតនោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចាត់ទុកសម្តីរបស់មន្ត្រីបក្សកាន់អំណាចដែលថា «ក្រុមប្រឆាំងមិនបានជួយអ្វីដល់ពលរដ្ឋសម្បីតែមួយរៀល» គឺជាការប្រើពាក្យសម្តីបែបប្រជាភិថុតិ មិនដឹងច្បាប់ទម្លាប់ និងកាតព្វកិច្ច តួនាទីរបស់ខ្លួន ក្នុងការដឹកនាំប្រទេស ដែលត្រូវជួយសង្គ្រោះពលរដ្ឋក្នុងពេលដែលពួកគេកំពុងតែដាច់ស្បៀងនៅពេលនេះ។

អភិបាលរងក្រុងភ្នំពេញ លោក កើត ឆែ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ថាក្រុមអ្នកប្រឆាំងរដ្ឋាភិបាលមិនបានជួយលុយសូម្បីតែមួយរៀល រួមទាំងកម្លាំង ក្នុងអំឡុងពេលរដ្ឋាភិបាលខំប្រឹងប្រែងទប់ស្កាត់រលកចម្លងជំងឺCovid-19 ឆ្លងចូលសហគមន៍នានៅពេលនេះ។ ប៉ុន្តែក្រុមប្រឆាំងទាំងនោះបានត្រឹមតែនិយាយរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ ខែឧសភា នេះថា ការផ្តល់ជំនួយសង្គមទៅដល់ពលរដ្ឋដែលកំពុងដាច់ស្បៀង ដោយសារការគ្រប់គ្រងមិនបានល្អរបស់រដ្ឋាភិបាលកម្ពុជា ដែលបណ្តាលឲ្យមានការឆ្លងវីរុសCovid-19 ចូលក្នុងសហគមន៍កន្លងមកនោះ មិនមែនជាកាតព្វកិច្ចរបស់បក្សប្រឆាំងនោះទេ។ តែផ្ទុយទៅវិញ ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលដែលតម្រូវដោយច្បាប់ទាំងស្រុងក្នុងនាមខ្លួនជាអ្នកដឹកនាំប្រទេស។

លោកអះអាងថា បើតម្រូវឲ្យបក្សប្រឆាំងមានតួនាទីត្រូវតែផ្តល់ជំនួយសង្គមទៅដល់ពលរដ្ឋនោះ គឺមានន័យថា ក្រុមប្រឆាំងជារដ្ឋក្នុងរដ្ឋ ដែលមានករណីយកិច្ចត្រូវជួយពលរដ្ឋ និងមានអំណាចដូចរដ្ឋាភិបាលដែរ ហើយត្រូវមានតួនាទីដឹកនាំប្រទេសដូចគ្នាថែមទៀត ប៉ុន្តែការលើកឡើងក្នុងន័យនេះ គឺជាការបំពានទៅនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ទាំងស្រុង។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះថា មន្ត្រីរដ្ឋាភិបាល ឬអ្នកនយោបាយក្នុងជួរបក្សកាន់អំណាចលើកឡើងបែបនេះ គឺមានន័យថា មន្ត្រីរដ្ឋាភិបាល និងអ្នកយោបាយទាំងនោះ មិនយល់អំពីករណីយកិច្ចរបស់រដ្ឋាភិបាលចំពោះ ពលរដ្ឋ និងមិនបានបំពេញករណីយកិច្ចទាំងនេះឲ្យបានត្រឹមត្រូវនោះទេ។

លោកអះអាងថា លោកធ្លាប់ឆ្លងកាត់ការរស់នៅ និងទទួលចំណេះដឹងជាច្រើនប្រទេសមកហើយ តែមិនដែលឮមន្ត្រីរដ្ឋាភិបាល ឬអ្នកនយោបាយក្នុងជួរបក្សកាន់អំណាច និយាយថា ក្រុមប្រឆាំងមិនបានចេញលុយមួយរៀល ដើម្បីជួយពលរដ្ឋ នៅពេលដែលពលរដ្ឋជួបការលំបាកនោះទេ ព្រោះថាការលើកឡើងបែបនេះ គឺផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញដាច់ស្រឡះតែម្តង។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ពេលដែលមន្ត្រីរដ្ឋាភិបាលមិនយល់អំពីអំណាចរបស់រដ្ឋ និងមិនចេះប្រើប្រាស់អំណាចរបស់រដ្ឋាភិបាលបែបនេះ នោះជំនួយដែលជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ត្រូវជួយដល់ពលរដ្ឋក៏នឹងមិនត្រូវបានអនុវត្តផងដែរ ទោះរដ្ឋាភិបាលមានលុយច្រើនសន្ធឹកសន្ធាប់ដែលបានមកពីការយកពន្ធដា ការលក់ធនធានធម្មជាតិ ការជួលសម្បត្តិរដ្ឋ និងតាមវិធីផ្សេងៗជាច្រើនទៀត យ៉ាងណាក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស