28.5 C
Phnom Penh

បទវិភាគ៖ តើ​រដ្ឋាភិបាល​លោក ហ៊ុន សែន គ្មាន​លុយ ឬ​គ្មាន​ឆន្ទៈ​ជួយ​ពលរដ្ឋ​ក្នុង​ពេល​សង្គម​មាន​វិបត្តិ​កូវីដ-១៩?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែន ដែលធ្លាប់តែប្រកាសដោយអំណួតថា កម្ពុជាមាន មាសរាប់តោន និងមានលុយបម្រុងទុករាប់ពាន់លានដុល្លារអាមេរិក នោះ ហាក់កំពុងបង្ហាញនូវសញ្ញាខ្វះខាតថវិការទៅវិញ។

ប៉ុន្តែគេនៅតែមន្ទិលថា តើរដ្ឋាភិបាលលោកហ៊ុន សែន កំពុងតែមានបញ្ហាថវិការមែនឬយ៉ាង ណា? ក្នុងអំឡុងពេលពលរដ្ឋខ្មែរកំពុងប្រឈមការឆ្លងមេរោគកូវីដ១៩ ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញនិងទីក្រុងតាខ្មៅ ដែលកំពុង ជាប់ក្នុងការបិទខ្ទប់នោះ គេឃើញកម្មករកាត់ដេរ កម្មករសំណង់ អ្នកប្រកបរបរក្រៅព័ន្ធ ដូចជា អ្នករត់ម៉ូតូឌុបជាដើម បានប្រកាសថា ពួកគេកំពុងដាច់លុយនិងអាហារ ហើយបានអំពាវនាវអោយរដ្ឋាភិបាល ជួយពួកគេជាបន្ទាន់។

ជាមួយគ្នានេះ គេក៏ឃើញមានការរិៈគន់រដ្ឋាភិបាលអំពីចំណាត់ការយឺតយ៉ាវ ឬ មិនមានលទ្ធភាពជួយពលរដ្ឋ បានគ្រប់គ្រាន់និងទាន់ពេលវេលា។ ផ្ទុយទៅវិញ ជំនួសដោយការផ្តល់ជំនួយជូនពលរដ្ឋដោយឥតគិតថ្លៃ រដ្ឋាភិបាលសេដ្ឋកិច្ចរបស់លោក ហ៊ុន សែន បែរជាប្រកាសលក់ស្បៀងជូនពលរដ្ឋទៅវិញ។ ចំណុចនេះ ធ្វើអោយគេមានចំងល់ថា តើរដ្ឋាភិបាលលោកហ៊ុន សែន ពិតជាខ្វះលុយ ឬខ្វះឆន្ទៈក្នុងការជួយ ពលរដ្ឋខ្មែរ?

លោកហ៊ុន សែន កាលពីដើមខែតុលា ឆ្នាំ២០១៩ និយាយថា កម្ពុជាសល់មាសរហូតដល់ ៣០តោន និងមានលុយបំរុងចំនួនមួយម៉ឺនប្រាំពាន់លានដុល្លារ ព្រមទាំងចំណូលពន្ធដា លើសពីការគ្រោងទុក។

នេះជាព័ត៌មានផ្លូវការដែលលោកហ៊ុន សែន ប្រកាសដោយផ្ទាល់មាត់។ អ្នកសង្កេតខ្លះចោទជាសំណួរថា ចុះចំនួនលុយ និងមាស ឬទ្រព្យធនរបស់ជាតិ ផ្សេងៗទៀត ដែលក្រុមលោកហ៊ុន សែន កឹបកេង និងលាក់បាំងព័ត៌មាននោះ តើវាមានចំនួនប៉ុន្មានទៅ?

ជិតមួយឆ្នាំក្រោយមក ធនាគារជាតិកម្ពុជាបានអះអាងតាមរយៈសេចក្តីថ្លែងការណ៍មួយនាចុងខែ កក្កដា ឆ្នាំ២០២០ ថា កម្ពុជាមានមាសបំរុងទុកចំនួន ៣៦.៥ តោន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១៩.៥ ពាន់លានដុល្លារអាមេរិក។ ប៉ុន្មានថ្ងៃក្រោយមកនៅខែឆ្នាំដដែល លោកហ៊ុន សែន ថ្លែងដោយមោទនៈភាពថា “កាលពីជិតមួយឆ្នាំកន្លង ទៅ លោកបានប្រកាសថា កម្ពុជាមានមាសសល់៣០តោន តែតួរលេខថ្មីគឺ មាសរបស់កម្ពុជាមានចំនួនរហូតដល់៣៦.៥ តោន ឯណោះ។ នេះគឺមិនមែនជាការគ្រប់គ្រប់ សេដ្ឋកិច្ចអន់ខ្សោយ ឬលំៗនោះទេ”។ មជ្ឈដ្ឋានខ្លះនិយាយថា បើសិនជាតួរលេខ និងអ្វីដែលលោកហ៊ុន សែន លើកឡើងនោះ វាជាការពិត វាគឺជារឿងល្អ និងជាមោទនៈភាពសំរាប់ពលរដ្ឋខ្មែរពិតប្រាកដ។

ប៉ុន្តែអ្វី ដែលគេអាចលើកជាសំណួរសំរាប់លោកហ៊ុន សែន នៅពេលនេះ “ចុះប្រសិនបើ រដ្ឋាភិបាលលោកហ៊ុន សែន មានផែនការ និងការគ្រប់គ្រងសេដ្ឋកិច្ចបានល្អ ហើយមានមាសនិងប្រាក់បំរុងសល់ និងកើនឡើងជាលំដាប់ ដូចការអះអាងរបស់លោកហ៊ុន សែន មែន ចុះហេតុអ្វីបានជារដ្ឋាភិ បាលរបស់លោកមិនព្រមបញ្ចេញលុយនោះមកជួយពលរដ្ឋខ្មែរ មុខជំនួញនានា  និងសេដ្ឋកិច្ចជាតិ ដែលកំពុងរងគ្រោះដោយមេរោគកូវីដ១៩ នៅពេលនេះទៅ?”

ក្នុងអំឡុងពេលទទួលរងការវាយប្រហារដោយមេរោគកូវីដ១៩ ប្រទេសថៃ និងបណ្តាលប្រទេសមួយចំនួនទៀត ដូចអាមេរិក ជាដើម បានបញ្ចេញ លុយជាតិជួយប្រជាពលរដ្ឋគេដោយផ្ទាល់ និងបានជួយទ្រង់មុខជំនួញរបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិគេទាំងមូល ដើម្បីជាការលើកទឹកចិត្តផង និង ជាកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នេះផង។

កាលពីខែសីហា ឆ្នាំ២០១៩ សារព័ត៌មាន Reuters បានផ្សាយថា ប្រទេស ថៃ បានអនុម័តថវិការជាតិចំនួន១០ពាន់លាន ដុល្លារអាមេរិកដើម្បី ជួយកសិករឲ្យទទួលបានប្រាក់កម្ចី និងការពន្យាសងបំណល់ ធានាគារ។ លើសពីនេះទៅទៀត រដ្ឋាភិបាលថៃ បានផ្តល់ប្រាក់កម្ចីដល់អ្នកប្រកបមុខរបរតូចតាច និងផ្តល់លុយ ដល់អ្នកដែលមានប្រាក់ចំណូលទាប។

ក្នុងខែមិនា ឆ្នាំ២០២០ សារព័ត៌ មាន Bangkok Post បានចុះផ្សាយថា រដ្ឋាភិបាលថៃ បានសំរេចផ្តល់បា្រក់ចំនួន ៥ពាន់បាត ឬ ស្មើ១៦០ដុល្លារអាមេរិក ក្នុងមួយខែដល់អ្នកកំពុងបំរើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៣លាននាក់។

ក្នុងខែមករា ឆ្នាំ២០២១ សារព័ត៌ មាន Bloomberg បានចុះផ្សាយថា រដ្ឋាភិបាលថៃអនុម័ត ថវិការ ៧ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋថៃជាង ៣១លាននាក់ ដែលមានប្រាក់ចំណូលទាប ដូចជា  អ្នកកំពុងរស់ដោយប្រាក់ឩបត្ថម្ភសង្គម (social welfare)  កសិករ និងអ្នកកំពុងបំរើការក្នុង វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជនក្រីក្រដ៏ទៃទៀត ហើយ កាលពីចុងខែមិនា កន្លងទៅនេះ សារព័ត៌មាន Bangkok Post ក៏បានចុះផ្សាយ ផងដែរថា រដ្ឋាភិបាលថៃបានសម្រេចបញ្ចេញលុយជាង៧ពាន់លានដុល្លារ អាមេរិកថែមទៀត ដើម្បីជួយដល់ពលរដ្ឋថៃ និងសេដ្ឋកិច្ចជាតិទាំងមូល។

ស្រដៀងគ្នាដែរ ក្រៅពីបញ្ចេញលុយជួយអ្នកបាត់បង់ប្រាក់ចំណូល និង វិស័យផ្សេងៗទៀតដើម្បីទ្រទ្រង់ជីវភាពនិងសេដ្ឋកិច្ចរបស់គេ ប្រទេសអាមរិកក៏បានផ្តល់លុយដោយផ្ទាល់ជូនប្រជាពលរដ្ឋអាមេរិក ចំនួនបីលើករហូតដល់ពេលនេះ គឺ ចំនួន១២០០ដុល្លារ ៦០០ដុល្លារ និង ១៤០០ដុល្លារ។

ជាការពិត មតិជាច្រើនលើកឡើងថា គេមិនអាចប្រៀបធៀបប្រទេស កម្ពុជាជាមួយថៃ និងអាមរិកបានទេ ព្រោះប្រទេសទាំងនោះជាប្រទេស អ្នកមាន ហើយកម្ពុជាជាប្រទេសក្រីក្រ។ ការលើកឡើងបែបនេះគឺជា រឿងត្រឹមត្រូវ ប៉ុន្តែបើគេស្តាប់លោកហ៊ុន សែន វិញ គេតែងតែលឺគាត់ អួតអាងថា កម្ពុជាមានការរីកចម្រើនគ្រប់វិស័យ មានមាសសល់រាប់សិបតោន ហើយរដ្ឋាភិបាលគាត់ចាត់ចែង ឬគ្រប់គ្រងសេដ្ឋកិច្ច បានល្អថែមទៀត។

ប៉ុន្តែប្រសិនបើ រដ្ឋាភិបាលលោកហ៊ុន សែន គ្រប់គ្រងសេដ្ឋកិច្ចបាន ល្អមែន នោះមានន័យថា ការគ្រប់ប្រទេសរបស់គាត់ក្នុងរយៈពេលជិត ៤០ឆ្នាំមកនេះ ប្រាកដជាធ្វើអោយកម្ពុជាក្លាយជាប្រទេសអ្នកមានដូច គេដែរហើយ។ ម្យ៉ាងទៀត លោកហ៊ុន សែន ថា កម្ពុជាសល់មាសជាង៣០ តោន និងលុយរាប់ពាន់លានដុល្លារ ចុះហេតុអ្វីក៏គាត់មិនបញ្ចេញលុយ នោះខ្លះដើម្បីជួយពលរដ្ឋដែលកំពុងដាច់ចំណូល ដាច់បាយ ឬជួយដល់វិស័យមុខជំនួញតូចធំផ្សេងៗដែលកំពុងរងផលប៉ះពាល់ នោះ?

ហើយប្រសិន បើមិនអាចបញ្ចេញលុយនោះខ្លះដើម្បីជួយពលរដ្ឋនិងសេដ្ឋកិច្ច ចុះហេតុអ្វីបានជាគាត់មិនចេញមកបកស្រាយជូនប្រជាជាតិក្នុងគ្រាដ៏លំបាកនេះ? តើអ្វីជាបញ្ហានៅពីក្រោយរឿងនេះ?

តើរដ្ឋាភិបាលលោក ហ៊ុន សែន អត់លុយ ហើយអ្វីដែលគាត់និយាយនោះជារឿងកុហក? ឬមួយរដ្ឋាភិបាលលោកហ៊ុន សែន មានលុយដូចលោកនិយាយមែន ប៉ុន្តែលោកគ្មានឆ្ទៈជួយពលរដ្ឋខ្មែរក្នុងគ្រាអាសន្ននេះ?    

ទាក់ទិននឹងការអះអាងរបស់លោកហ៊ុន សែន អំពីមាសរបស់ប្រទេស កម្ពុជាដែលនៅសល់នោះ វាក៏ធ្វើអោយមានចំងល់ពីអ្នកតាមដាន សង្គមខ្លះផងដែរ។

លោក Alejandro Gonzalez-Davidson ហៅ អាឡិច ដែលជា ស្ថាបនិកចលនាមាតាធម្មជាតិ តែងចោទជាសំណួរតាម ទំព័រហ្វេសប៊ូកផ្ទាល់ខ្លួនរបស់លោកថា “តើសម្តេច មានឯកសារបញ្ជាក់ ដែរឬទេដើម្បីអោយសាធារណៈជនជឿជាក់ថា កម្ពុជាមានមាស ៣០ តោនប្រាកដមែន?”

កាលពីចុងខែកក្កដា ឆ្នាំ២០២០ លោក អាឡិច ធ្លាប់សរសេរថា “លោកជឿថា មនុស្សគ្រប់គ្នាពិតជាសប្បាយចិត្ត នៅពេលលឺព័ត៌មានអំពីមាសរបស់កម្ពុជា ជាពិសេសនៅពេលដែលជំងឺកូវីដដ៏កាចសាហាវកំពុងធ្វើអោយប៉ះពាល់ ដល់សេដ្ឋកិច្ចកម្ពុជា និងទូទាំងពិភពលោកយ៉ាងធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលអាចនឹងខ្វះលុយក្នុងពេលដ៏ខ្លីខាងមុខ។

ប៉ុន្តែ មានបញ្ហាមួយ ជាមួយសម្តេចតេជោ ព្រោះកម្ពុជាមិនបានរាយការណ៍អំពីតួរលេខនោះ ទៅស្ថាប័នអន្តរជាតិទេ ដោយរួមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅថា IMF តែផ្ទុយទៅវិញ កម្ពុជាបានរាយការណ៍ថា មានមាសត្រឹម តែ ១២.៤ តោន ប៉ុណ្ណោះ។”

បើតាមការអះអាងរបស់លោកអាឡិចដូចខាងលើ វាធ្វើអោយគេមាន មន្ទិល អំពីការពិត រវាងការអះអាងរបស់ លោកហ៊ុន សែន និង របាយ ការណ៍របស់ស្ថាប័នអន្តរជាតិ។

ប្រសិនបើការអះអាងរបស់លោកហ៊ុន សែន ដែលថា កម្ពុជាមានមាសសល់៣០តោននោះជាការពិត  អញ្ចឹងរបាយការណ៍របស់ស្ថាប័នអន្តរជាតិដែលអះអាងថា កម្ពុជាមានមាសតែ១២.៤តោន នោះ ជាការមិនពិត។ ផ្ទុយទៅវិញ ប្រសិនបើរបាយការណ៍របស់ស្ថាប័ន អន្តរជាតិនោះពិត ដូច្នេះបានសេចក្តីថា អ្វីដែលលោកហ៊ុន សែន និយាយនោះគឺមិនពិត។

បើសង្កេតមើលលើការអនុវត្តន៍ជាក់ស្តែងរបស់រដ្ឋាភិបាលលោកហ៊ុន សែន គេហាក់ដូចជាពិបាកជឿថា រដ្ឋាភិបាលរបស់លោក ពិតជាមានផែនការ ជាក់លាក់ គិតទុកជាមុននោះណាស់ ជាពិសេសគឺបញ្ហាថវិការបំរុងសំរាប់ ចំណាយក្នុងពេលជាតិមានគ្រោះអាសន្ន ដូចជាបញ្ហាកូវីដ១៩នេះ ជា ដើម។

គេអាចលើកយកហេតុផលពីរមកការពារអំណះអំណាងខាងលើ នេះ៖ ទី១) នៅពេលប្រទេសជាតិឬ ពលរដ្ឋមានបញ្ហា  គេតែងតែ ឃើញរដ្ឋាភិបាលរបស់លោកហ៊ុន សែន ប្រកាសរៃអង្គាសលុយពីសប្បុរសជននានា ដើម្បីជួយសំរាលឬដោះស្រាយបញ្ហានោះ។

ទី២) ក្នុងពេលដែលមានវិបត្តិ សង្គមដូចបញ្ហាកូវីដ១៩នេះ គេមិនដែលឃើញរដ្ឋាភិបាលលោកហ៊ុន សែន បង្ហាញនូវផែនការមេ ដោយបញ្ជាក់អំពីកញ្ចប់ និងប្រភពថវិការ ជាតិច្បាស់លាស់ ដើម្បីជួយ ពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ដូចប្រទេសថៃឬប្រទេសដទៃទៀតបានធ្វើនោះណាស់។
ក្នុងនាមជាអ្នកគ្រប់គ្រងប្រទេសដែលមានកាតព្វកិច្ចដោះស្រាយបញ្ហា ជាតិតូចធំ រដ្ឋាភិបាលត្រូវតែមានផែនការត្រៀមទុកជាមុនច្បាស់លាស់ ដើម្បីឆ្លើយតបនឹងព្រឹត្តិការណ៍ឬអភូតហេតុនានាដែលអាចកើតឡើង ជាយថាហេតុ។ តាមពិត ការចូលររួមវិភាគទានតាមសទ្ធាក្នុងន័យ មនុស្សធម៌ដើម្បីជួយគ្នាក្នុងគ្រាលំបាក ដូចជា បញ្ហាទឹកជំនន់ ឬ គ្រោះ ធម្មជាតិផ្សេងៗទៀត គឺ ជារឿងល្អសំរាប់ជាតិសាសន៍និមយួយៗ។

ក៏ប៉ុន្តែ ការផ្តល់អំណោយមនុស្សធម៌គឺជារឿងស្ម័គ្រចិត្តរបស់សប្បុរសជន ហើយ ថវិការដែលបានមកពីអំណោយនោះអាចខ្វះ គ្រប់ ឬ លើសតំរូវការ សំរាប់ដោះស្រាយបញ្ហាក្នុងគ្រាអាស្ននោះ។

អញ្ចឹង វាមានន័យថា ការដោះ ស្រាយបញ្ហាអ្វីមួយដោយពឹងផ្អែកលើអំណោយមនុស្សធម៌គឺជារឿង ហេងស៊យ។ ប៉ុន្តែ ការដោះស្រាយបញ្ហាជាតិមិនអាចជារឿងហេងស៊យ បានទេ គឺគេត្រូវតែមានផែនការត្រៀមបំរុងទុកគ្រប់ពេល ដូចជាផែន ការថវិកានេះជាដើម។

ដូចឩទាហរណ៌ខាងលើ ប្រទេសថៃនិងប្រទេសជា ច្រើនទៀតក្នុងពិភពលោកបានរៀបចំផែនការថវិការបំរុងច្បាស់លាស់ ហើយគេមានលទ្ធភាពជួយប្រជាពលរដ្ឋគេបានក្នុងពេលដែលសង្គម មានវិបត្តិ ដូចជាបញ្ហានៃការឆ្លងមេរោគកូវីដ១៩នេះ ជាដើម។ ដោយ ឡែក រដ្ឋាភិបាលលោកហ៊ុន សែន មិនមានលទ្ធភាពជួយប្រជាពលរដ្ឋ ខ្មែរ ដូច ដែលប្រទេសថៃនិងប្រទេសដទៃទៀតបានធ្វើសំរាប់ប្រជាពល រដ្ឋរបស់គេក្នុងអំឡុងពេលផ្ទុះការឆ្លងមេរោគកូវីដ១៩។

ប៉ុន្តែ សំរាប់ កម្ពុជាវិញ កុំថាឡើយគ្រោះធម្មជាតិធម្មតា សូម្បីតែបញ្ហាអាយុជីវិតជាតិដូចជាសង្គ្រាមការពារព្រុំដែនជាមួយប្រទេសថៃក្នុងឆ្នាំ២០០៨ ក៏លោកហ៊ុន សែន អំពាវដល់សប្បុរសជន និង ដាក់ផែនការអោយក្រុម ហ៊ុននិងស្ថាប័នស៊ីវិលរបស់រដ្ឋចូលរួមវិភាគទានជួយកងទ័ពជួរមុខដែរ។

ពេលគិតដល់ចំណុចនេះ គេអាចសន្និដ្ឋានថា របបលោក ហ៊ុន សែនពុំទាន់មានផែនការថវិការ ត្រៀមបំរុងច្បាស់លាស់ដើម្បីជួយសង្គ្រោះ ពលរដ្ឋនិងសំរាប់ដោះស្រាយបញ្ហាជាតិ ក្នុងគ្រាមានវិបត្តិសង្គមនោះ ទេ។ ដូច្នេះអ្វីដែលគាត់អួតថាកម្ពុជាមានមាសសល់ និងលុយបម្រុង សន្ធឹកសន្ធាប់នោះ អាចគ្រាន់តែរឿងនិទានរបស់លោក ដើម្បីបំពេរអារម្មណ៍មហាជនកុំឲ្យមានការជ្រួលច្របល់ប៉ុណ្ណោះ។

ការបារម្ភមួយទៀតនោះ គឺការគ្រប់គ្រងថវិការជាតិមិនល្អរបស់រដ្ឋាភិបាល លោកហ៊ុន សែន ដែលនាំអោយមានការខ្វះខាតខាតថវិការជាតិ និងនាំអោយរដ្ឋាភិបាលរបស់លោក មិនមានលទ្ធភាពទិញវ៉ាក់សាំងល្អ ឬ ឩប្បករណ៍បច្ចេកទេសពេទ្យគ្រប់គ្រាន់ដែលអាចបណ្តាលអោយមានហានិភ័យ កាន់តែធំចំពោះពលរដ្ឋនិងសង្គមជាតិ។

ជាក់ស្តែង កាលពីខែមិនា ឆ្នាំ២០២០ លោកហ៊ុន សែន បានអំពាវនាវរៃ អង្គាសថវិការពីសាធារណៈជន និង អំពាវនាវដល់មន្ត្រីរាជការខ្មែរឲ្យមានការកាត់ប្រាក់ខែចូលរួមជាវិភាគទាន ដើម្បីបញ្ជារទិញវ៉ាក់សាំង យកមកចាក់ឲ្យពលរដ្ឋខ្មែរ ក្នុងការការពារការឆ្លងមេរោគកូវីដ១៩។

កាលពីថ្ងៃ១៩ មេសារនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសលប់ ចោលផែនការផ្តល់ប្រាក់ឩបត្ថម្ភ៣០ម៉ឺនរៀលដល់ពលរដ្ឋខ្មែរដែល រងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរដោយការរីករាលដាលនៃការឆ្លងមេ រោគកូវីដ១៩។

សេចក្តីប្រកាសលប់ចោលគំរោងនេះ គឺ ធ្វើឡើងក្នុងរយៈ ពេលតែពីរថ្ងៃប៉ុណ្ណោះបន្ធាប់ពីសេចក្តីសម្រេចប្រកាសផ្តល់ប្រាក់ឩបត្ថម្ភ ៣០ម៉ឺនរៀលនោះ។ ស្រដៀងគ្នានេះដែរ កាលពីដើមឆ្នាំ២០២០ លោកហ៊ុន សែន ក៏បានសំរេចកាត់៥០%នៃថវិកាចំណាយគ្រប់ក្រសួងទាំងអស់ លើកលែងតែបីក្រសួងដែលត្រូវកាត់២៥%។

បើពិនិត្យមើលព្រឹត្តិការណ៍ពាក់ព័ន្ធនឹងបញ្ហាថវិការដូចខាងលើ គេ អាចដាក់ការសង្ស័យថា របបលោកហ៊ុន សែន កំពុងខ្វះថវិការ។ ប៉ុន្តែ ក្រៅតែពីបញ្ហាខ្វះថវិកា តើលោកហ៊ុន សែន ខ្វះឆន្ទៈជួយពលរដ្ឋខ្មែរដែរ ឬទេ?

បើតាមរបាយការណ៌អង្គការ Global Witness ដែលចេញផ្សាយក្នុងខែ កក្ដដា ឆ្នាំ២០១៦ គ្រួសារខ្សែស្រលាយត្រកូលហ៊ុនអាចមានលុយជាងបួនពាន់លានដុល្លារ អាមេរិក ហើយបណ្ឌិតកែម ឡី ត្រូវបានគេបាញ់សំលាប់ក្នុងរយៈពេលពីរ បីថ្ងៃក្រោយមក បន្ទាប់ពីគាត់បានធ្វើការវិភាគអំពីរបាយការណ៍នោះ តាមបណ្តាញសារព័ត៌មាននានា។

កាលពីខែតុលា ឆ្នាំ២០១៨ វិទ្យុ VOA បានដកស្រង់របាយការណ៍របស់ចលនាមាតាធម្មជាតិកម្ពុជា ដែលលើក ឡើងថា ប្រទេសកម្ពុជាបាននាំមាសចូលពីប្រទេសសាំងហ្គាព័រ ក្នុងតម្លៃជាទឹកប្រាក់ប្រមាណមួយម៉ឺនប្រាំពាន់លានដុល្លារអាមរិក រវាងឆ្នាំ ២០១២ ដល់ ២០១៧។

ចលនាមេតាធម្មជាតិកម្ពុជាបញ្ជាក់ថា របាយការណ៍នោះផ្អែកលើតួរលេខរបស់ប្រទេសសាំងហ្គាព័រ ហើយថាកម្ពុជាមិនបានបង្ហាញតួរ      លេខនៃការនាំចូលមាសទាំងនោះទេ។ ស្រដៀងគ្នានេះដែរ កាលពីកុម្ភៈ កន្លងទៅនេះ ចលនាមាតាធម្មជាតិ បានបង្ហាញនូវតួរលេខថ្មីមួយទៀតថា កម្ពុជាបាននាំចូលមាសចំនួន ៤១៤តោន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ១៦ពាន់លានដុល្លារ អាមេរិក រវាងឆ្នាំ២០១៥ ដល់ ២០១៩ ដោយមិនមានការកត់ត្រា ច្បាស់លាស់និងបង់ពន្ធសូម្បីតែមួយរយរៀលឡើយ។

បើពិនិត្យមើលតួរលេខដូចខាងលើ គេអាចបារម្ភថា ក្រុមគ្រួសារលោក ហ៊ុន សែន និងបក្សពួករបស់គាត់អាចប្រព្រឹត្តិអំពើពុករលួយ និងលួច លុយជាតិ រាប់ពាន់លានដុល្លារ ដាក់ក្នុងហោប៉ៅ ហើយបានធ្វើឲ្យដ្ឋាភិបាលរបស់គាត់គ្មានលុយគ្រប់គ្រាន់ ដើម្បីជួយពលរដ្ឋ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ នៅពេលដែលសង្គមមានវិបត្តិ ដូចជាបញ្ហាកូវីដ១៩ នេះជាដើម។

ក្រៅពីតួរលេខដែលបានលើកឡើងខាងលើ គេមានតួរ លេខជាច្រើនទៀតដែលបណ្តាញសារព័ត៌មានធំៗក្នុងពិភពលោក បានរាយការណ៍ អំពើពុករលួយរបស់គាត់ និងមន្រ្តីរបស់គាត់ក្នុងតម្លៃរាប់រយលានដុល្លារ។ ដូច្នះ គេអាចចោទជាសំណួរថា បើលោកហ៊ុន សែន មានឆន្ទៈជួយ ពលរដ្ឋខ្មែរក្នុងពេលការរីករាលដាលនៃការឆ្លងមេរោគកូវីដ១៩នេះដែរទេ តើគាត់អាចប្រើប្រាស់លុយទាំងនោះដែរទេ? សំណួរនេះប្រហែលគេពិបាក ឆ្លើយជំនួសលោកហ៊ុន សែន។

កាលពីខែកក្ដដា ឆ្នាំ១៩៩៧ ដើម្បីអំណាចផ្ទាល់ខ្លួន លោកហ៊ុន សែន បានធ្វើរដ្ឋប្រហារយោធាទំលាក់សម្តេចក្រុមព្រះ នរោត្តម រណ្ណឬទ្ធិ ដែល ជានាយករដ្ឋមន្រ្តីទី១ស្របច្បាប់កើតចេញពីការបោះឆ្នោតមួយ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ២០០៣។

ក្រុមអ្នក តាមដាននយោបាយខ្មែរបានលើកជាសំណួរថា តើលោកហ៊ុន សែន បានលុយមកពីណាសំរាប់ការចំណាយដ៏សន្ធឹកសន្ធាប់នៅក្នុងការធ្វើ រដ្ឋប្រហារនោះ។ គេពិតជាពិបាករកចំឡើយពិតសំរាប់សំណួរនេះ តែគេ ប៉ាន់ប្រមាណថា លោកហ៊ុន សែន អាចប្រើប្រាស់លុយដែលបានពីអំពើ ពុករលួយឬពីក្រុមឈ្មួញទុច្ចរិតនៅជុំវិញខ្លនគាត់។

នៅចុងខែកក្កដា ឆ្នាំ១៩៩៧ សារព័ត៌មាន The Washington Post នៃ ប្រទេសអាមេរិកបានរាយការណ៌ថា មហាសេដ្ឋីខ្មែរដ៏មានឥទ្ធិពលមួយ រូបគឺលោកថេង ប៊ុនម៉ា ដែលមានរឿងអាស្រូវពាក់នឹងគ្រឿងញៀនផងដែរនោះ បាន ប្រាប់អ្នកសារព័ត៌មានបរទេសបច្ចឹមប្រទេសមួយក្រុមថា លោកបាន ជួយលោកហ៊ុន សែន ជាងមួយលានដុល្លារអាមេរិកដើម្បីធ្វើរដ្ឋប្រហារ នោះ។ The Washington Post ក៏បានបញ្ជាក់ថា ក្រុមព័ត៌មាននៃទូរ ទស្សន៌អូស្ត្រាលីមួយ ក៏មានវត្តមានជាមួយអ្នកសារព័ត៌មានដទៃទៀត នៅពេលដែលលោកថេង ប៊ុនម៉ា បានប្រាប់ពួកគេអំពីរឿងនេះ។

ដូច្នេះ ពេលពិចារណាលើរឿងនេះ គេអាចចោទជាសំណួរថា ហេតុអ្វី បានជាលោកហ៊ុន សែន អាចមានលុយឬមានមធ្យោបាយរកលុយដើម្បី ចំណាយសំរាប់ធ្វើរដ្ឋប្រហារដូចលើកឡើងខាងលើ? ហើយហេតុអ្វីក៏គ្មាន លុយឬគ្មានមធ្យោបាយរកលុយសំរាប់ជួយប្រជាពលរដ្ឋខ្មែរដែលកំពុង ជួបការលំបាកក្នុងរឿងកូវីដ១៩នេះ?

ថ្វីបើរឿងផលប្រយោជន៌ផ្ទាល់ខ្លួនអាចជាចម្លើយនៃសំណួរទាំងពីរខាងលើក្តី  តែគេអាចចោទជាសំណួរស៊ីជំរៅមួយទាក់ទិននឹងតួនាទីរបស់ គាត់ក្នុងនាមជាអ្នកដឹកនាំនិងទទួលខុសត្រូវចំពោះជាតិទាំងមូល។ សំណួរនោះគឺ តើលោកហ៊ុន សែន មានឆន្ទៈពិតប្រាកដក្នុងការជួយទ្រ ទ្រង់ជីវភាពប្រជាពលរដ្ឋ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធទេ?

ដើម្បីឆ្លើយនឹងសំណួរនេះ គេអាចពិចារណាលើហេតុផលមួយចំនួនដូច ខាងក្រោម៖

ទី១) បើគេគិតអំពីពេលវេលានៃការគ្រប់អំណាចរបស់គណបក្ស ប្រជាជនកម្ពុជារបស់គាត់ពីឆ្នាំ១៩៩៧៩ រហូតដល់ពេលនេះ វាមានរយៈ ពេល៤០ឆ្នាំ។ ដូច្នេះ វាជាពេលវេលាគ្រប់គ្រាន់សំរាប់ការរៀបចំគោល នយោបាយ និង ផែនការសំរាប់លើកស្ទួយជីវភាពជីវភាពប្រជាពលរដ្ឋ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ។ ឩទាហរណ៍ គាត់ទើបតែ បានយកចិត្តទុកដាក់ដំឡើងប្រាក់ខែកម្មករ មន្ត្រីរាជការ និង កង កម្លាំងប្រដាប់អាវុធនៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ប៉ុណ្ណោះ គឺបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានលើកឡើងនូវគោលនយោបាយ ទាំងនោះ ហើយគណបក្សរបស់គាត់បាក់បាត់បង់សន្លឹកឆ្នោតដ៏សន្ធឹក សន្ធាប់នាពេលនោះ។

ទី២) គណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន មិនដែលប្រ កាសអំពីគោលនយោបាយសង្គមកិច្ចច្បាស់លាស់ទេ។ ឩទាហរណ៍ ក្នុង យុទ្ធនាការបោះឆ្នោតជាតិក្នុងខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះ ជាតិបានលើកឡើងអំពីគោលនយោបាយជួយមនុស្សចាស់ដែលមាន អាយុចាប់ពី៦៥ឆ្នាំឡើងទៅ គឺ បួនម៉ឺនរៀល ឬ ១០ដុល្លារអាមេរិកក្នុង មួយខែសំរាប់ម្នាក់ៗ។

ទី៣) រដ្ឋាភិបាលរបស់លោកហ៊ុន សែន មិនដែលប្រកាសអំពីគោល នយោបាយសន្សំប្រាក់បុំរុងនិងចំនួនប៉ុន្មានជាក់លាក់ពីមួយឆ្នាំទៅ មួយឆ្នាំសំរាប់ជួយប្រជាពលរដ្ឋក្នុងគ្រាមានវិបត្តិសង្គម ដូចជាបញ្ហា កូវីដ១៩នេះ ជាដើម។ ឩបមាថា របបរបស់គាត់សន្សំតែ៥០លានដុល្លារ អាមេរិកក្នុងមួយឆ្នាំ ក៏គាត់មានលុយចំនួនពីរពាន់លានដុល្លារក្នុងដៃ សំរាប់ជួយប្រជាពលរដ្ឋក្នុងពេលបច្ចុប្បន្ន ហើយ៥០លានដុល្លារក្នុងមួយ ឆ្នាំគឺជាចំនួនតិចតួចសំរាប់ប្រទេសមួយ។ ប៉ុន្តែ ក្នុងពេលប្រជាពលរដ្ឋ កំពុងរងគ្រោ ដូចពេលបច្ចុប្បន្ននេះ គាត់មិនត្រឹមតែមិនបានជួយ ប្រជាពលរដ្ឋទេ គឺ ថែមទាំងបញ្ជារអោយក្រសួងពាណិជ្ជកម្មដើរលក់ម្ហូប អាហារជូនប្រជាពលរដ្ឋថែមទៀត។ តើប្រទេសមួយណាក្នុងលោកនេះ បានធ្វើដូចគាត់?

ទី៤) ចាប់តាំងពីការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩នេះពីរ បីនាក់ដំបូង គេឃើញមានសហគមន៍អន្តរជាតិនិងសប្បុរសជននានា បានជួយឩបត្ថម្ភថវិការរាប់លានដុល្លារជាបន្តបន្ទាប់។ តើលោកហ៊ុន សែន បានប្រើ លុយនោះចំណាយលើអ្វី និងដោយរបៀបណា?

ចំពោះវ៉ាក់សាំងវិញ គេឃើញមានតែវ៉ាក់សាំងជំនួយពីចិន និងអង្គការ សុខភាពពិភពលោកប៉ុណ្ណោះ គឺមានន័យថា រដ្ឋាភិបាលលោកហ៊ុន សេន មិនទាន់បានចំណាយលុយទិញវ៉ាក់សាំងណាមួយនៅឡើយទេរហូត ដល់ពេលនេះ។

យោងតាមហេតុផលដូចដែលបានពិភាគ្សាខាងលើ គេអាចធ្វើការសន្និ ដ្ឋានជារួមមួយថា របបលោកហ៊ុន សែន បច្ចុប្បន្ននេះ អត់ទាំងលុយនិង អត់ទាំងឆន្ទៈដើម្បីជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារកូវីដ១៩។  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស