34 C
Phnom Penh

រដ្ឋមន្ត្រីអាស៊ានម្នាក់ថាមីនអ៊ុងឡាំងគ្មានផ្លូវគេចបានទេក្នុងការបញ្ចប់វិបត្តិនៅភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីការបរទេសនៃប្រទេសសិង្ហបុរីនិយាយថាអាស៊ាន ត្រូវតែបំពេញតួនាទីរបស់ខ្លួនឲ្យបានឆាប់បំផុត ចំពោះផែនការ៥ចំណុច ដែលជួយស្ដារស្ថិរភាព និងនយោបាយផ្សះផ្សានៅភូមាឡើងវិញ។

នៅក្នុងបទសម្ភាសជាមួយ សារព័ត៌មាន Mothership  កាលពីថ្ងៃទី១១ខែឧសភា លោករដ្ឋមន្ត្រី ការបរទេសសិង្ហបុរី បាននិយាយថាកិច្ចសហប្រតិបត្តិការជាមួយពួកយោធាភូមា គឺអាស៊ានត្រូវតែ រុញឲ្យមានការអនុវត្តឲ្យបាន។ ប៉ុន្តែលោកថាមិនងាយស្រួលពេកនោះទេ គឺមានការងារជាច្រើនដែលត្រូវ អនុវត្ត  ក្នុងនោះមានទាំងការចាត់តាំង ក្រុមប្រេសិត អាស៊ាន និង ការនាំជំនួយចូលទៅប្រទេសភូមា។ លោក រដ្ឋមន្ត្រីបានឆ្លើយតាមលិខិតមួយរបស់លោកទៅកាន់សមាជិកសភា សិង្ហបុរី ។ សមាជិកសភា បានចោទសួរថាតើ រដ្ឋាភិបាល បានជ្រាបហើយឬនៅ ថាស្ថានភាពនៅក្នុងប្រទេសភូមាកាន់តែធ្ងន់ធ្ងរឡើងៗហើយនោះ។

លោករដ្ឋមន្ត្រីការបរទេសបានប្រាប់ថាអាស៊ាន ត្រូវតែក្លាយជាអង្គការដែលមានសំឡេងតែមួយ គឺត្រូវតែរុញអោយ ពួកយោធា អនុវត្តនូវសេចក្ដីសម្រេចរបស់អាស៊ាន គឺក្នុងនោះ ភាគីភូមា ត្រូវតែអត់ធ្មត់ហើយ ឆ្ពោះទៅរកការសន្ទនាគា្ន ជាមួយភាគីពាក់ព័ន្ធទាំងអស់។ លោកបានបន្ថែមថា អាស៊ានត្រូវបន្ថែមសំពាធឲ្យ ពួកយោធាដោះលែង អ្នកឃុំខ្លួនទាំងអស់ ក្នុងនោះមានទាំងអ្នកស្រីអ៊ុងសានសូជី និងប្រធានាធិបតី វិនមីយ៉ីន។

និយាយឲ្យចំគឺអាស៊ានមានបេសកកម្ម មួយត្រូវធ្វើអោយបានជាដំបូង គឺត្រូវបញ្ជូន ប្រេសិត ដែលដឹកនាំដោយប្រទេសព្រុយណេ ហើយ បន្ទាប់មក គឺការបញ្ឈប់ឲ្យបាននូវអំពើហិង្សា ហើយភាគីទាំងអស់ត្រូវចូលរួមបញ្ចប់អោយបាន។ តែលោកព្រមានថា បើអាស៊ាន ទាល់ច្រកហើយនោះ គឺអាស៊ាននឹងរុញរឿងនេះ ទៅឲ្យសហគមន៍អន្តរជាតិផ្សេងទៀត ដូចជាអាមេរិក ចិន ឥណ្ឌា ជប៉ុន សហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ តែយ៉ាងណា សារព័ត៌មាន ភូមា Irrawaddy ដែលស្រង់ប្រភពពីមន្ត្រីអាស៊ាន បានឲ្យដឹងថា ប្រធានអាស៊ាននឹងដឹកនាំប្រេសិត អាស៊ានទៅភូមា ក្នុងពេលឆាប់ៗនេះទោះជាមេរដ្ឋប្រហារមិនទទួលស្វាគមន៍ក៏ដោយ ។

រយៈពេលជិត២០ថ្ងៃមកហើយ ចាប់តាំងពីកិច្ចប្រជុំពិសេស របស់មេដឹកនាំអាស៊ាន ដែលបានជួបប្រជុំគ្នានៅលេខាធិការដ្ឋាននៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤មេសា គឺអាស៊ាន មិនទាន់ចេញសកម្មភាពអ្វីទេ។

សមាគមអាស៊ាន នៅមិនទាន់បានបង្កើតទេនូវ ក្រុមប្រេសិតពិសេស របស់ខ្លួន ដើម្បី ចូលទៅ បំពេញបេសកកម្ម នៅក្នុងប្រទេសភូមា។  ខណៈមិនច្បាស់លាស់នេះ ស្រាប់តែ មេរដ្ឋប្រហារ ឧត្តមសេនីយ៍មីនអ៊ុងឡាំង បែរជាចង់ក្រឡាស់សំដី ដែលខ្លួនបានសន្យា នៅចំពោះមុខ មេដឹកនាំអាស៊ាន ដោយពោលពាក្យថា មិនអាចទទួលប្រតិភូពីប្រទេសណាមួយបានទេ នៅពេលនេះព្រោះតែ ស្ថានភាពអសន្តិសុខនៅតែមាន នៅទូទាំងប្រទេស។

ដោយព្រួយបារម្ភកាន់តែខ្លាំងអំពីការស្លាប់ជនស៊ីវិល  ប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២១នេះ គឺ ប្រទេសព្រុយណេ។ ដោយមើលឃើញ នូវការចង់ គេចមិនគោរពការសន្យារបស់មេរដ្ឋប្រហារភូមា គឺប្រធានសមាគមអាស៊ាន នឹងធ្វើដំណើរទៅប្រទេសភូមា  នៅចុងសប្ដាហ៍នេះ ឬសប្តាហ៍ក្រោយ។ ព្រះអង្គម្ចាស់ Hassanal Bokiahនឹងធ្វើកិច្ចចរចាបន្ថែមទៀតជាមួយមេដឹកនាំរបបយោធាលោកឧត្តមសេនីយមីនអុងឡាំងនិងមន្ត្រីនៃក្រុម អតីតរដ្ឋាភិបាលរបស់អ្នកស្រីអ៊ុងសានសូជី។ មជ្ឈដ្ឋានខ្លះបានបកស្រាយអំពីកង្វះសកម្មភាពជាក់ស្តែងភ្លាមៗដែលជាកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអាស៊ានធ្វើអោយពួកយោធាទិញពេលវេលា។

យោងតាមប្រភពព័ត៌មានរបស់មន្ត្រីទូតអាស៊ានដែល សុំមិនបញ្ចេញឈ្មោះបាន ឲ្យដឹង ថាដំណើរទស្សនកិច្ចរួមគ្នានឹងធ្វើឡើង ដឹកនាំដោយព្រះអង្គម្ចាស់ Hassanal Bokiah នៃប្រទេសព្រុយណេនិងក្រុម លេខាធិការដ្ឋានអាស៊ាន។

ប្រភពដដែលបានបន្ថែមទៀតថាការតែងតាំងប្រេសិត ពិសេស អាស៊ាននឹងត្រូវប្រកាសជាផ្លូវការ ដោយប្រធានអាស៊ានគឺ នៅពេលទៅដល់ប្រទេសភូមា និងធ្វើឡើងនៅចំពោះមុខឧត្តមសេនីយ៍មីនអ៊ុង ។

គិតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១កុម្ភៈមក គឺមកដល់ថ្ងៃនេះ គឺមានរយៈពេល១០០ថ្ងៃមកហើយ។ របបរដ្ឋប្រហារដឹកនាំដោយឧត្តមសេនីយ៍មីនអ៊ុងឡាំង រងការគាបសង្កត់ យ៉ាងខ្លាំងពីសំណាក់សហគមន៍អន្ដរជាតិទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការដាក់សម្ពាធផ្នែកសតិអារម្មណ៍នឹងនយោបាយទៀតផង។

ក្នុងអំពើគ្រប់គ្រងរបស់ខ្លួនដោយរដ្ឋប្រហារនេះ ពួកយោធាបានវាយបង្រ្កាបបាញ់សម្លាប់ទៅលើជនស៊ីវិលដែលជាក្រុមបាតុករ គឺស្លាប់ជិត៨០០នាក់ទៅហើយ ដោយចាប់ខ្លួនជិត៣ពាន់ ៦រយនាក់។

ពួកយោធាមិនត្រឹមតែទប់ទល់ នឹងបាតុករងើបឡើងប្រឆាំងនឹងរបបរបស់ខ្លួននោះទេ គឺទប់ទល់យ៉ាងលំបាកបំផុតការវាយផ្ដួលរលំ នឹងកាន់កាប់តំបន់មួយចំនួនដោយកងទ័ពជនជាតិដើមរបស់ខ្លួនជាច្រើនរដ្ឋ មានដូចជារដ្ឋកាឈីន រដ្ឋការ៉េន រដ្ឋសាន រដ្ឋមន រដ្ឋឈីន និងរដ្ឋរ៉ាក់ខាញជាដើម។

កម្លាំងជនជាតិដើមទាំងនេះវាយសន្ធប់ឡើងៗទៅលើកងទ័ព មីន អ៊ុងឡាំង ចំពេល ដែលប្រជាជនស្វះស្វែងឱ្យកងទ័ពទាំងនោះជួយកម្លាំងរបស់ខ្លួនដើម្បីរកវិធីបញ្ចប់របបពួកយោធា។ ក្នុងអំឡុងជាងបីខែមកនេះពួកយោធា ទោះបីជាគ្រប់គ្រងរបបរបស់ខ្លួនយ៉ាងលំបាកក៏ដោយប៉ុន្ដែ របបនេះនៅតែអាចទប់ទល់ស្ថានការណ៍ បានពីមួយថ្ងៃទៅមួយថ្ងៃជាមួយនឹងការបាញ់សម្លាប់ជនស៊ីវិលជារៀងរាល់ថ្ងៃ។

ក្នុងស្ថានភាពនេះក្រុមឧត្តមសេនីយជាពិសេស គឺកូនទាហានត្រូវ រាយការណ៍មកថា ពួកគមួយចំនួនបានទម្លាក់អាវុលែងបម្រើកងទ័ព ខ្លះទៀត ក៏នាំអាវុធរបស់ខ្លួនដែលមានស្រាប់ទៅនៅជាមួយកងទ័ព      ជនជាតិដើម និងខ្លះទៀតបានទៅលាក់ខ្លួន ជាមួយប្រជាជននៅតាមភូមិ ហើយបង្រៀនយុវជន ឱ្យចេះប្រើប្រាស់អាវុធដើម្បីការពារប្រជាជននៅពេលដែលពួកយោធាចូលមកដល់ភូមិរបស់អ្នកស្រុក។

ដោយមើលឃើញដូចនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍ពី ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ សេចក្ដីថែ្លងការណ៍របស់លោក អង់តូនីញូហ្គូថេរ៉េស បានរៀបរាប់ថា រយៈពេល១០០ថ្ងៃ មកហើយ ដែលពួកយោធាបានឆក់យកអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយអំឡុងពេលនេះជនស៊ីវិល ស្លាប់រាប់រយនាក់  ការចាប់ខ្លួនដោយគម្រោល ការចាប់ពង្រត់ និងការធ្វើទារុណកម្ម គឺធ្ងន់ធ្ងរណាស់។

លោកបន្តអំពាវនាវ ទៅដល់ពួកយោធា អោយស្ដារឡើងវិញ នូវឆន្ទៈរបស់ប្រជាជន ដែលបានស្ដែងចេញតាមរយៈការបោះឆ្នោត ។ ប្រទេសភូមា បានរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២០ ដោយជ័យជម្នះភ្លូកទឹកភ្លូកដីបានទៅលើ គណបក្សមួយដឹកនាំដោយ អ្នកស្រីអ៊ុងសានសូជី ។

ប៉ុន្តែ ពួកយោធា និងគណបក្សរបស់ពួកគេ បានចាញ់ឆ្នោតយ៉ាងអាម៉ាស់ ក៏បានចោទថា ការបោះឆ្នោតមិនត្រឹមត្រូវហើយក៏បានប្លន់អំណាចតាមរយៈរដ្ឋប្រហារនៅថ្ងៃទី១កុម្ភៈឆ្នាំ២០២១តែម្ដង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស