29 C
Phnom Penh

សាធារណជនកំពុងរង់ចាំមើលចំណាត់ការតុលាការ ទៅលើសំណុំរឿងរបស់ពិធីការិនី ពេជ្ររីតា ប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈក្នុងរថយន្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណជន និងក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធជាមួយស្ត្រី កំពុងរង់ចាំមើលចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញថា តើនឹងអនុវត្តនីតិវិធី មានលទ្ធផលបែបណា ទៅលើពាក្យបណ្តឹង របស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ដែលបានដាក់ពាក្យបណ្តឹងប្តឹងតប ឧកញ៉ា ហេង សៀ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ។

ពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា បានដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរូបនាង ត្រូវបានលោកឧកញ៉ា ហេង សៀ ប្តឹងរូបនាងទៅសមត្ថកិច្ច ពីបទ លួចទូរស័ព្ទដៃ ដោយប្រើហិង្សាចាក់២កាំបិត ចំ ពោះ ឧកញ៉ា ហេង សៀ ឱ្យរងរបួស កាលពីថ្ងៃ០៤ ខែឧសភា។ សំណុំរឿងនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរបន្តតាមនីតិវិធី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ទាំងសាធារណជន មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើន កំពុងរង់ចាំមើល ការអនុវត្តនីតិវិធី របស់សាលាដំបូងរាជធានីភ្នំពេញ នឹងមានលទ្ធផលបែបណា ចំពោះសំណុំរឿងនេះ ខណៈបច្ចុប្បន្ននេះ ពលរដ្ឋក្រីក្រ និងគ្មានខ្នងបង្អែកភាគច្រើន មិនមានជំនឿទាល់តែសោះ ទៅលើប្រព័ន្ធតុលាការនៅកម្ពុជា ទេនោះ ដោយចោទប្រកាន់ប្រព័ន្ធតុលាការថា បក្ខពួកនិយម ពុករលួយ និងកាត់ក្តី មិនឯករាជ្យជាដើម។

យ៉ាងនេះក្តី នៅក្នុងពាក្យបណ្តឹង របស់ កញ្ញា ពេជ្ររីតា ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា ករណីប៉ុនប៉ងរំលោភសេពសន្ថវៈមកលើរូបនាង ផ្តើមដោយ ឧកញ៉ា ហេង សៀ ខាងលើនេះ គឺបានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពី ឧកញ៉ារូបនេះ បានហៅទូរស័ព្ទឱ្យនាងទៅជួប ដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺCovid-19។

កញ្ញា មាន ពេជ្ររីតា បានអះអាងក្នុងបណ្តឹងថា រូបនាងបានស្គាល់ ឧកញ៉ា ហេង សៀ នៅពេលចូលរួមកម្មវិធីសម្ពោធហាងកូនស្រី របស់គាត់ ហើយជាបន្តបន្ទាប់ពីពេលនោះមក ឧកញ៉ា ហេង សៀ តែងបានទំនាក់ទំនងជាមួយនាងតាមប្រព័ន្ធ Telegram ។

ជាងនេះទៅទៀត ឧកញ៉ា ហេង សៀ តែងបានលួងលោមនាង ឲ្យប្រើលេខទូរស័ព្ទដែលឧកញ៉ារូបនេះបានទិញឱ្យវិញ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង ប៉ុន្តែនាងបានប្រកែកមិនប្រើនោះទេ។ លើសពីនេះទៅទៀត ឧកញ៉ា ហេង សៀ ក៏ធ្លាប់បានផ្ញើលុយឱ្យនាងតាមគណនី ABA ចំនួន ៥លើក សរុបជិត១ពាន់ដុល្លារអាមេរិក ប៉ុន្តែនាងបដិសេធទទួលលុយនោះទេ ដោយសំអាងថា នាងមានលុយចាយគ្រប់គ្រាន់ហើយ ប៉ុន្តែឧកញ៉ារូបនោះនៅតែផ្ញើលុយជាបន្តបន្ទាប់ទៀត។

កញ្ញាបន្តថា ក្រោយការលួងលោមនាងមិនបានសម្រេច ឧកញ៉ារូបនេះ នៅតែបន្តរំខាននាងរហូតដល់មានពេលខ្លះ បានផ្ញើរូបអាសអាភាសមករូបនាងថែមទៀតផង។ លុះដល់រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឧកញ៉ា ហេង សៀ បានទូរស័ព្ទមករូបនាង ដោយប្រាប់ថា ចង់ជួបនាង ហើយចង់ឱ្យអីវ៉ាន់មួយចំនួន ដើម្បីចែកអំណោយទៅពលរដ្ឋរងគ្រោះដោយសារCovid-19។ ប៉ុន្តែពេលនាងចូលដល់ក្នុងឡាន បែរជាឧកញ៉ា ហេង សៀង និយាយពាក្យអាសអាភាស និងបៀតបៀនផ្លូវភេទមកលើនាងតែម្តង។

នាងបញ្ជាក់ទៀតថា ក្រោយពីការគំរាមកំហែង និងប៉ុនប៉ងរំលោភលើរូបនាងមិនសម្រេច នាងក៏បានបើកទ្វារឡានរត់ចេញពី ឧកញ៉ា ហេង សៀ ត្រឡប់ទៅផ្ទះវិញទាំងការភិតភ័យ។

បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង នាងមានការភ្ញាក់ផ្អើល ដោយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ មានមន្ត្រីនគរបាលខណ្ឌទួលគោក បានទៅជួបរូបនាងនៅផ្ទះ ហើយក៏បាននាំ នាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយនាងមិនដឹងពីមូលហេតុ ហើយសមត្ថកិច្ចឃុំខ្លួននាងរយៈពេល ០២ថ្ងៃ ទើបបញ្ជូនមកសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ  ក្រោមការចោទពីបទ «លួចមានស្ថានទម្ងន់ទោស»។

យ៉ាងណានៅក្នុងពាក្យបណ្តឹង របស់កញ្ញា មាន ពេជ្ររីតា ក៏បានស្នើដល់ លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មេត្តាជួយរកយុត្តិធម៌ ដល់រូបនាងផង ព្រោះនាងជាជនរងគ្រោះ ដែលកំពុងទទួលរងភាពអយុត្តិធម៌ខ្លាំងបំផុត។

នាងរៀបរាប់ទៀតថា អ្វីដែលឧកញ៉ា ហេង សៀ បាននិយាយប្រាប់សមត្ថកិច្ច គឺនិយាយបំផ្លើសការពិតទាំងស្រុង ព្រោះឧកញ៉ារូបនេះ បានធ្វើអំពើអសីលធម៌មកលើរូបនាងជាច្រើនដងដោយប្តូរនឹងប្រាក់ ហើយមកបង្កាច់បង្ខូច កិត្តិយសរបស់នាង នៅចំពោះមុខសមត្ថកិច្ច បន្ថែមពីលើការប៉ុនប៉ងរំលោភ មកលើរូបនាងនៅក្នុងរថយន្តមិនបានសម្រេច។

កញ្ញា មាន ពេជ្ររីតា បានប្តឹង ឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់ទោស ហើយទាមទារសំណង់ជំងឺចិត្ត ១០ម៉ឺនដុល្លារ និងទាមទារការខាតបង់ និងខូចខាតពេលវេលា ព្រមទាំងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារទៀត។

ទោះជាបែបនេះក្តី សារព័ត៌មាន The Cambodia Dialy  នៅមិនទាន់អាចមានប្រភពទាក់ទង លោកឧកញ៉ា ហេង សៀ ដើម្បីបំភ្លឺជុំវិញសំណុំរឿងខាងលើនេះ នៅឡើយទេ ល្ងាចថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស