31 C
Phnom Penh

តុលាការរាជធានីភ្នំពេញ សម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MY TV គឺកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យដោះលែងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ទៅតាមការស្នើសុំ របស់ក្រុមមេធាវីស័្មគ្រចិត្តរបស់លោក ហ៊ុន សែន ដែលដឹកនាំដោយលោក គី តិច។

ដីកាបង្គាប់ ចុះហត្ថលេខាដោយ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានបង្គាប់មកលោកប្រធានមណ្ឌលអប់រំកែប្រែទី២ «ម២» ឲ្យដោះលែងឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី ភេទស្រី អាយុ ២០ឆ្នាំ ដែលត្រូវបានចោទពីបទ ៖ «លួច» ជាបន្ទាន់ បើជននេះមិនជាប់ពាក់ព័ន្ធនឹងដីកាឃុំខ្លួន នៃបទល្មើសផសេងទៀតទេ។

លោក កូយ សៅ បានសម្រេចដាក់ កញ្ញា មាន ពេជ្ររីតា ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងត្រូវគោរពនូវកាតព្វកិច្ចមួយចំនួនរួមមាន៖ ឱ្យជនត្រូវចោទ ត្រូវឆ្លើយតបនឹងដីកាកោះហៅរបស់តុលាការគ្រប់ពេលវេលា- ហាមមិនឱ្យជនត្រូវចោទផ្លាស់ប្តូរទីលំនៅបច្ចុប្បន្នដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ និងហាមមិនឱ្យជនត្រូវចោទចេញក្រៅប្រទេស។

ដីកាបង្គាប់នេះ ក៏បានព្រមានដែរថា ក្នុងករណីជនត្រូវចោទគេចវេះ ដោយចេតនា មិនអនុវត្តតាមចំណុចណាមួយខាងលើនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ឃុំខ្លួនជនត្រូវចោទឡើងវិញ តាមមាត្រា១៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ហើយថា ដីកាសម្រេចនេះមានប្រសិទ្ធភាពរអនុវត្តភ្លាមៗ។

កញ្ញា មាន ពេជ្ររីតា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ «លួចមានស្ថានភាពទម្ងន់ទោស» ដែលមានដើមបណ្តឹង គឺឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ ទន្ទឹមគ្នាតុលាការសម្រេចឃុំខ្លួននេះ គឺ កញ្ញា មាន ពេជ្ររីតា ក៏បានសម្រេចដាក់ពាក្យប្តឹង ប្តឹង ឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត» ដើម្បីជាការប្តឹងបកផងដែរ។

កញ្ញា មាន ពេជ្ររីតា បានរៀបរាប់ក្នុងពាក្យបណ្តឹងថា រូបនាង ត្រូវបាន ឧកញ៉ា ហេង សៀ «ប៉ុនប៉ងរំលោភសេពសន្ថវៈក្នុងរថយន្ត» កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហើយថា ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទ ឱ្យនាងទៅជួប ដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះ ដោយសារជំងឺកូវីដ-១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ ប៉ុន្តែត្រូវឧកញ៉ារូបនេះ សង្គ្រប់បៀតបៀនកេរ្តិ៍ខ្មាស ប៉ុនប៉ងរំលោភសេពសន្ធវៈរូបនាងនៅក្នុងរថយន្តរបស់គាត់តែម្តង មុន នាងរើបំរាស់ចុះចេញពីរថយន្តរួច។

ពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា គឺបានប្តឹងឧកញ៉ា ហេង សៀ ដើម្បីទាមទារសំណងមួយចំនួនរួមមាន៖ – ប្តឹងឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់- ទាមទារសំណងជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារអាមេរិក និងទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារអាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស