34 C
Phnom Penh

កម្មករនិយោជិតរាប់រយនាក់ ផ្ទុះការតវ៉ានៅមុខរោងចក្រ បន្ទាប់ពីមានការផ្ទុះវីរុសCovid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ កម្មការិនីប្រមាណជា ៥០០នាក់ បាននាំគ្នាតវ៉ា នៅមុខរោងចក្រផលិតសម្លៀកបំពាក់មួយកន្លែងស្ថិតនៅក្នុងខេត្តកណ្តាល ទាមទារឲ្យខាងរោងចក្រអនុញ្ញាតច្បាប់ឲ្យពួកគាត់បានឈប់សម្រាកមួយរយៈ បន្ទាប់ពីបានរកឃើញកម្មករដទៃទៀតឆ្លងវីរុសCovid-19។

តំណាងកម្មករ កម្មការិនី កញ្ញា ស៊ី មន្ថា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងពេលចូលរួមបាតុកម្មនៅមុខរោងចក្រ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះថា កម្មករទាំងអស់បានសំណូមពរឲ្យតំណាងរោងចក្រអនុញ្ញាតឲ្យពួកគេបានឈប់សម្រាករយៈពេល ១៤ថ្ងៃ ដើម្បីអនុវត្តវិធានសុខាភិបាល ពិនិត្យរកសំណាកCovid-19 និងធ្វើចត្តាឡីស័ក ដោយមិនកាត់ប្រាក់ការងារក្នុងពេលដែលពួកគេសម្រាកនោះ។

កញ្ញា ស៊ី មន្ថា អះអាងថា ពួកកម្មករនិយោជិតទាំងអស់មានការព្រួយបារម្ភពីសុខភាពរបស់ពួកគេយ៉ាងខ្លាំង ព្រោះថា កន្លងមកពួកគេតែងប្រើឧបករណ៍ក្នុងរោងចក្រជាមួយគ្នាជានិច្ច ដូចជា កន្លែងហូបបាយ បន្ទប់ទឹក និងរបស់របរប្រើប្រាស់ផ្សេងទៀតជាដើម។

កម្មការិនីរូបនេះ បញ្ជាក់ថា កម្មករទាំងអស់ក្នុងរោងចក្របាន សំណូមពរទៅខាងរោងចក្រ ឲ្យពួកគាត់បានសម្រាកមួយរយៈ ដើម្បីឲ្យខាងរោងចក្រចាត់វិធានការសម្អាតរោងចក្រឡើងវិញ ដូចជាការបាញ់ថ្នាំសម្លាប់មេរោគ ជាដើម ដែលអាចធានានូវសុវត្ថិភាពរបស់ពួកគេក្នុងពេលបំពេញការងារ។

ការតវ៉ានេះធ្វើឡើងបន្ទាប់ពីថៅកែរោងចក្រ ហ្វេងហ្វាន ខេមបូឌា បានបដិសេធចំពោះសំណើកម្មករដែលបានសុំឈប់សម្រាកក្នុងពេលផ្ទុះការឆ្លងវីរុសCovid-19 ក្នុងរោងចក្រ ដើម្បីឲ្យពួកគេអាចចៀសផុតពីការឆ្លងនៃវីរុសនេះ។

យ៉ាងណាក៏ដោយ ក្រោយការតវ៉ាទាមទារអស់រយៈពេលពេញ ១ថ្ងៃ កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ពេញមួយព្រឹកធំ តំណាងកម្មករ និងតំណាងខាងរោងចក្រ បានឈានដល់ដល់ការត្រូវរ៉ូវគ្នាហើយ។ ក្នុងការចរចានោះ ពួកគេបានឯកភាពគ្នាថា កម្មករនិយោជិត នឹងទទួលបានប្រាក់ការងារ ៥០% នៃប្រាក់ខែ ក្នុងពេលឈប់សម្រាក ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័ក នេះ។

លើសពីនេះ ប្រសិនពួកគេចង់បន្តការងារក្នុងអំឡុងពេលសម្រាកនៃការធ្វើចត្តាឡីស័កនេះ កម្មករទាំងនោះនឹងទទួលបានប្រាក់ការងារ ១០០ភាគរយ លើប្រាក់ឈប់សម្រាក ៥០% នោះបន្ថែមទៀត ផងដែរ ប៉ុន្តែពួកគេត្រូវមានលិខិតបញ្ជាក់ ពីអាជ្ញាធរមូលដ្ឋានថាពួកគេពិតកំពុងធ្វើចត្តាឡីស័កប្រាកដមែន។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ ខែឧសភា នេះថា ការទាមទាររបស់កម្មករនិយោជិតទាំងនោះ គឺជារឿងសមហេតុផលដែលកម្មករទាំងនោះគួរតែទទួលបាន ហើយការទាមទារនេះ មិនមែនជាការចង់បានហួសហេតុរបស់កម្មករនោះទេ។

លោក អះអាងថា ក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ រោងចក្រមិនត្រូវដំណើរការ ការងារផ្នែកណាមួយនៃផលិតកម្មរបស់ខ្លួនក្នុងរោងចក្រដែលកំពុងតែផ្ទុះវីរុសCovid-19 នេះឡើយ ជាងនេះទៀត ត្រូវបាញ់សម្លាប់មេរោគក្នុងទីតាំងរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងឡើងវិញដូចរយៈកាលកន្លងមក។

រោងចក្រ ហ្វេងហ្វាន ជារោងចក្រផលិតសម្លៀកបំពាក់ មានទីតាំងស្ថិតនៅ ភូមិព្រៃអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានកម្មករបម្រើការងារប្រមាណជាង ១ពាន់នាក់ ដែលបានផ្ទុះការឆ្លងជំងឺCovid-19លើកម្មករ កម្មការិនីប្រមាណជា ៣០នាក់ហើយ ក្នុងពីពេលថ្មីៗនេះ។

ជុំវិញការឆ្លងនេះ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះ បានអះអាងថា ក្រសួងបានរកឃើញអ្នកវិជ្ជមានវីរុសCovid-19 ថ្មីចំនួន ៦៤៩នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន ៦២៦នាក់ និងមានអ្នកស្លាប់ថ្មី ៤នាក់ផងដែរ។

ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុសCovid-19 សរុបបានកើនឡើងដល់ជិត ៣ម៉ឺននាក់ហើយ រីឯអ្នកជាសះស្បើយសរុបមានចំនួនជាង ២ម៉ឺននាក់ ចំណែកអ្នកស្លាប់បានកើនឡើងដល់ ១៩៤នាក់ហើយនៅពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស