28 C
Phnom Penh

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ស្ថានភាព​ពលរដ្ឋ​ពេល​នេះ​ត្រូវ​ការ​ចាក់​វ៉ាក់សាំង​ផង​និង​ស្ដារ​សេដ្ឋកិច្ច​គ្រួសារ​ផង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ពេលនេះ​មិន​ត្រឹម​តែ​ត្រូវការ​ការពារ​សុវត្ថិភាព​សុខភាព​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​បញ្ហា​សេដ្ឋកិច្ច​ក៏​ជា​កត្តា​ចម្បង​សម្រាប់​ពួកគាត់​ដែរ ក្រោយ​ការ​អូស​បន្លាយ​អស់​រយៈពេល​ប្រមាណ​ជាង ១​ឆ្នាំ​នៃ​ការ​រីក​រាលដាល​ជំងឺ Covid-19 នេះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រេច​បញ្ឈប់​ការ​បញ្ចេញ​វ៉ាក់សាំង​ទៅ​តាម​បណ្តា​ខេត្ត​ដែល​មន្ត្រី​របស់​ខ្លួន​ធ្លាប់​បាន​ស្នើសុំ​កន្លង​មក ថា​ជា​ការ​ប្រើ​ខុស​យុទ្ធសាស្ត្រ និង​គ្មាន​ប្រសិទ្ធភាព។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ថា ការ​អូស​បន្លាយ​ពេល​នៃ​វីរុសCovid-19 នៅ​កម្ពុជា បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជួប​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ ស្រប​ពេល​ដែល​ពួកគាត់​ក៏​មិន​អាច​ទទួល​ជំនួយ​សង្គម​ទាន់​ពេលវេលា និង​តាម​តម្រូវការ​នៅ​ឡើយ។ ដូច្នេះ ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ Covid-19 ត្រូវ​ធ្វើ​ឡើង​ទាំង​ការ​ការពារ​សុខមាលភាព​ពលរដ្ឋ​ផង និង​ការ​ស្ដារ​សេដ្ឋកិច្ច​របស់​ពួកគេ​ឡើង​វិញ​ផង​ដែរ។

លោក​អះអាង​ថា ការ​ចាក់​វ៉ាក់សាំង​ដើម្បី​ស្ដារ​សេដ្ឋកិច្ច និង​ការ​ធានា​នូវ​សុខភាព​សាធារណៈ គឺ​ត្រូវ​ធ្វើ​ឡើង​ជា​បន្ទាន់​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ ដូចជា​តំបន់​ក្រហម តាម​ទីផ្សារ​លក់ដូរ តំបន់​រោងចក្រ និង​វិស័យ​ទេសចរណ៍ ជាដើម។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ការ​ស្រោច​វ៉ាក់សាំង​ប្រឆាំង​វីរុសCovid-19 ក្នុង​ផែនការ​បែប​នេះ នឹង​មាន​ប្រសិទ្ធភាព​ខ្លាំង​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 ផង និង​ជួយ​ស្ដារ​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ​ផង ខណៈ​ជំនួយ​សង្គម​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ហាក់​មាន​ភាព​យឺតយ៉ាវ​សម្រាប់​ពួកគាត់​ទៅ​ហើយ​នោះ។

កាលពី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​ខ្សែ​អាត់​សំឡេង​ប្រវែង​ជាង ១៤​នាទី ណែនាំ​ទៅ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ថា រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ស្នើ​វ៉ាក់សាំង​បន្ត​ទៀត​នោះ​ទេ ព្រោះ​ថា​រដ្ឋាភិបាល​មាន​ផែនការ​មេ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​តាម​ផែនការ​បែប​ផ្ការីក​ពី​ក្នុង​ទៅ​ក្រៅ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​នៃ​វីរុសCovid-19។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ស្នើ​វ៉ាក់សាំង​យក​ទៅ​ចាក់​ទៅ​កន្លែង​នេះ​បន្តិច ឬ​កន្លែង​នោះ​បន្តិច មិន​មែន​ជា​វិធី​ល្អ​ទេ ព្រោះ​ថា​ការ​ប្រើ​វ៉ាក់សាំង​បែប​នេះ នឹង​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 ឡើយ ត្បិត​ការ​ប្រើ​វ៉ាក់សាំង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​មាន​ភាព​ស៊ាំ​សម្រាប់​ទីតាំង​នីមួយៗ ដូច្នេះ​ការ​ប្រើ​វ៉ាក់សាំង​ខុស​ពី​ផែនការ​មេ​របស់​រដ្ឋាភិបាល គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​បន្ត​ទៀត​ជា​ដាច់ខាត។

ជុំវិញ​បញ្ហា​នេះ ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១ នេះ បាន​បង្ហាញ​របាយការណ៍​ស្ដីពី​ការ​ចាក់​វ៉ាក់សាំង​ថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែ​ឧសភា ក្រសួង​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ដូស​ទី១ សរុប​ប្រមាណ​ជាង ២​លាន ៥​សែន​នាក់​ហើយ រីឯ​ពលរដ្ឋ​ដែល​បាន​ចាក់​ដូស​ទី២ មាន​ចំនួន ១​លាន ៩​សែន​នាក់ ខណៈ​អ្នក​ដែល​ក្រុម​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់ មាន​ចំនួន​ជាង ៥​ម៉ឺន ២​ពាន់​នាក់។

នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ នេះ ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​ថា រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស Covid-19 ថ្មី​ចំនួន ៦៩០​នាក់ ខណៈ​អ្នក​ជាសះស្បើយ​ថ្មី​មាន​ចំនួន ៤៤៨​នាក់ និង​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ៥​នាក់។ ក្រសួង​បញ្ជាក់​ថា អ្នក​ឆ្លង​វីរុសCovid-19 សរុប​បាន​កើន​ឡើង​ជាង ៣​ម៉ឺន​នាក់​ហើយ រីឯ​អ្នក​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ២​ម៉ឺន ២​ពាន់​នាក់ ចំណែក​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ២១៤​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស