29 C
Phnom Penh

គ.ជ.ប កំណត់​ថ្ងៃ​បោះឆ្នោត​សាកល្បង​ជ្រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​សម្រេច​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សាកល្បង​សម្រាប់​ឆ្នាំ​២០២១ នេះ​ហើយ។

ការ​សម្រេច​នេះ ធ្វើឡើង​តាមរយៈ​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​បាន​ផ្សព្វផ្សាយ​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​សាកល្បង និង​ការ​ទទួល​ពាក្យ​ភ្នាក់ងារ​គណបក្ស​នយោបាយ​សម្រាប់​សង្កេតការណ៍​ក្នុង​ការបោះឆ្នោត​សាកល្បង​នេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ដ៏​ខ្លី​ខាងមុខ​នេះ ដែល​នឹង​ធ្វើ​ឡើង​ទូទាំង ២៥​រាជធានី-ខេត្ត។

គ.ជ.ប អះអាង​ថា ការ​បោះឆ្នោត​សាកល្បង​នេះ​ត្រូវ​បាន​កំណត់​យក​ការិយាល័យ​បោះឆ្នោត​ត្រឹម​តែ ២​ប៉ុណ្ណោះ​សម្រាប់​ឃុំ-សង្កាត់​នីមួយៗ ខណៈ​ការ​ទទួល​ពាក្យ​អ្នក​សង្កេតការណ៍​ជា​ភ្នាក់ងារ​គណបក្ស​នយោបាយ អ្នក​សង្កេតការណ៍​ជាតិ​និង​អន្តរជាតិ អាច​ដាក់​ពាក្យ​ដើម្បី​ចូលរួម​សង្កេតការណ៍​ក្នុង​ដំណើរ​នេះ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ផង​ដែរ។

ជុំវិញ​ការបោះឆ្នោត​សាកល្បង​នេះ កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២១ គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ក្នុង​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២១ នេះ។

ចំណែក​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ឌឹម សុវណ្ណារ៉ុម បាន​អះអាង​ថា គ.ជ.ប កំពុង​សិក្សា​និង​កែលំអ​នីតិវិធី​បន្ថែម​ទៀត​មុន​នឹង គ.ជ.ប សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ក្នុង​ឆ្នាំ​២០២២ ខាងមុខ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា នេះ​ថា គណបក្ស​របស់​លោក​កំពុង​តាមដាន​ពី​ដំណើរការ​នៃ​ការបោះឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់។

លោក​អះអាង​ថា លោក​មិន​ទាន់​អាច​សន្និដ្ឋាន ឬ​ធ្វើការ​វាយតម្លៃ​ពី​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដែល​រៀបចំ​ឡើង​ដោយ គ.ជ.ប ដើម្បី​បម្រើ​ការ​ឲ្យ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សាកល្បង​នេះ​បាន​នៅឡើយ​ទេ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​លទ្ធផល​ទាំងអស់​គ្នា​សិន។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក​កំពុង​ពិចារណា​ចូលរួម​បោះឆ្នោត​សាកល្បង​នេះ​ផង​ដែរ ដើម្បី​ស្វែងយល់​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​ពី​របៀប​នៃ​ការបោះឆ្នោត​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដែល​មាន​ជា​លើកដំបូង​ក្នុង​ដំណើរការ​នៃ​កា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សាកល្បង​នេះ មុននឹង​ឈាន​ទៅដល់​ការប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ នា​ពេល​ខាងមុខ​នោះ។

កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការប្រកាស​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​អាណត្តិ​ទី​៥ ដែល​ត្រូវ​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ​ជា​កំណត់។ ដូច្នេះ រយៈពេល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០២២ នៅសល់​តែ​រយៈពេល ១២​ខែ​ទៀត​ប៉ុណ្ណោះ ស្របពេល​គណបក្ស​នយោបាយ​នៅ​កម្ពុជា​មាន​ជាង ៤០ ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​រក​សំឡេង​ឆ្នោត​សម្រាប់​អាណត្តិ​ទី​៥ ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស