សមាគមអាស៊ានមាន ១០ប្រទេស ក្នុងនោះរាប់បញ្ចូលទាំងប្រទេសភូមាផងដែរ។ សមាគមនេះបានបញ្ចេញនូវផែនការប្រាំចំណុចរបស់ខ្លួនតាមរយៈកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ មេសា។
ផែនការប្រាំចំណុច គឺក្នុងនោះបានកំណត់បញ្ជូនប្រេសិតអាស៊ានទៅកាន់ប្រទេសភូមា ប៉ុន្តែបានខកខានដោយសារតែអាស៊ានត្រូវបានគេរកឃើញថាមានមេដឹកនាំខ្លះប្រឆាំងនឹងការដែលអាស៊ានលូកដៃស៊ីជម្រៅក្នុងរឿងភូមា។ ឥឡូវនេះ ប្រធានអាស៊ានសម្រាប់ឆ្នាំ២០២១ គឺប្រទេសព្រុយណេ។ ក្នុងឋានៈប្រធានអាស៊ាន ប្រទេសនេះបានសម្រេចបញ្ជូនរដ្ឋមន្ត្រីម្នាក់ទៅប្រទេសភូមាដោយមិនអើពើពួកយោធាគំរាមកំហែងអំពីអស្ថិរភាពក្នុងប្រទេសនោះទេ។
សេចក្ដីរាយការណ៍របស់សារព័ត៌មានជប៉ុន Nikkei Asia ចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេ គឺលោក Dato Erzwan Pehin Yusof និងអគ្គលេខាធិការអាស៊ាន Lim Jock hoi បានទៅដល់ប្រទេសភូមា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ មិថុនា។
សារព័ត៌មានដដែលនេះបានឱ្យដឹងថា តំណាងអាស៊ានបានជួបជាមួយឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅម៉ោង ២រសៀលនៅថ្ងៃសុក្រ ទី៤ មិថុនា។ តំណាងអាស៊ានបានលើកឡើងនូវផែនការប្រាំចំណុចដែលបានសម្រេចដោយមេដឹកនាំអាស៊ាន ហើយផែនការប្រាំចំណុចនេះបញ្ជាក់អំពីរបបសឹកនៅភូមាត្រូវតែបញ្ឈប់រាល់វិធានការទាំងឡាយណាដែលនាំទៅរកអំពើហិង្សា ហើយត្រូវបើកផ្លូវឱ្យប្រេសិតសមាគមអាស៊ាន ដើរសម្របសម្រួលនយោបាយរវាងពួកយោធា និងរដ្ឋាភិបាលឯកភាពជាតិរបស់លោកស្រី អ៊ុងសាន ស៊ូជី នៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដែលត្រូវពួកយោធាប្លន់អំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
សេចក្ដីរាយការណ៍របស់កាសែត Nikkei Asian Review មិនបានបញ្ជាក់លម្អិតអំពីលទ្ធផលនៃជំនួបតំណាងអាស៊ានជាមួយឧត្តមសេនីយ៍ មីន អ៊ុងឡាំង នោះទេ។ ប៉ុន្តែ មីន អ៊ុងឡាំង ត្រូវបានរាយការណ៍មកថា មិនបានចេញសេចក្ដីថ្លែងការណ៍ណាមួយមិនស្វាគមន៍ដំណើរទៅកាន់ប្រទេសភូមារបស់ប្រធានសមាគមអាស៊ាននោះទេ។
វត្តមានរបស់មេដឹកនាំសមាគមអាស៊ាន រួមនឹងអគ្គលេខាធិការអង្គការតំបន់នេះបានក្លាយទៅជាព្រឹត្តិការណ៍មួយថ្មីទៀតដែលបង្ហាញថា អាស៊ានប្រកាន់ជំហររឹងមាំទោះជាមេដឹកនាំអាស៊ានមួយចំនួនខ្លះចង់ធ្វើឱ្យរាំងស្ទះចលនាឆ្ពោះទៅរកប្រទេសភូមាក៏ដោយ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកសង្កេតការណ៍មួយចំនួនបានបង្ហាញការសង្ស័យពីការបែកបាក់ក្នុងចំណោមសមាគមអាស៊ាន ដោយសារតែពុំអាចបញ្ជូនតំណាងរបស់ខ្លួនទៅកាន់ប្រទេសភូមាបាននោះ។
អ្នកសង្កេតការណ៍ខ្លះប្រមើលឃើញថា បើពួកយោធាភូមាមិនបានបើកភ្លើងខៀវឱ្យទេនោះ គឺគ្មានអ្វីដែលតំណាងអាស៊ានអាចជាន់ទឹកដីភូមាបាននោះទេ។ តែយ៉ាងណាក៏ដោយ មានការកត់សម្គាល់ថា របបរដ្ឋប្រហារនៅប្រទេសភូមា បានបន្ទន់ឥរិយាបថភ្លាមៗមុនការទៅដល់ប្រធានសមាគមអាស៊ាននៅថ្ងៃនេះ។
ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានយល់ព្រមទទួលជួបប្រធានកាកបាទក្រហមអន្តរជាតិ គឺលោក Peter Maurer។ ដំណើរទស្សនកិច្ចរបស់ប្រធានកាកបាទក្រហមនេះ បានធ្វើឡើងទន្ទឹមនឹងវត្តមានរបស់ប្រធានសមាគមអាស៊ាន។
សេចក្ដីរាយការណ៍របស់សារព័ត៌មាន Swiss info.ch បានចុះផ្សាយថា ប្រធានកាកបាទក្រហមអន្តរជាតិរូបនេះបានសម្ដែងការព្រួយបារម្ភនៅចំពោះមុខឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដោយសារតែប្រជាជនភូមានៅតំបន់ដែលកំពុងពើបប្រយុទ្ធគ្នាដូចជានៅរដ្ឋកាឈីន រដ្ឋឈីន រដ្ឋការ៉េន រដ្ឋរ៉ាក់ខាញ រដ្ឋាកាយ៉ា រដ្ឋកាយីន រដ្ឋសាន រដ្ឋមន ជាដើម កំពុងតែធ្លាក់ក្នុងសង្គ្រាមស៊ីវិល ហើយប្រជាជនក្នុងតំបន់នោះរាប់ម៉ឺននាក់បានរត់ភៀសខ្លួនពីភូមិដ្ឋានរបស់ពួកគេដោយពុំមានស្បៀងគ្រប់គ្រាន់។
កាកបាទក្រហមអន្តរជាតិបានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗដោយសម្ដែងការព្រួយបារម្ភអំពីប្រជាជនភូមាទាំងនោះធ្លាក់ក្នុងវិបត្តិអត់ស្បៀងអាហារ ហើយនាំឱ្យកើតជំងឺផ្សេងៗ។ ក្នុងជំនួបនោះ ប្រធានកាកបាទក្រហមអន្តរជាតិ បានលើកឡើងអំពីការស្នើទៅសួរសុខទុក្ខអ្នកជាប់ឃុំខ្លួនទាំងអស់ចាប់តាំងពីថ្ងៃរដ្ឋប្រហារទី១ កុម្ភៈ ដែលស្ថិតនៅក្នុងការឃុំខ្លួន។ គេពុំទាន់ឃើញសេចក្ដីរាយការណ៍ណាមួយពីរដ្ឋាភិបាលភូមា ថាតើពួកយោធាបានបង្ហាញលទ្ធផលនៃជំនួបទាំងពីរក្រុមយ៉ាងណានោះទេ។
ប៉ុន្តែភាគីកាកបាទក្រហមបានប្រាប់ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ថាខ្លួនគេស្នើសុំទៅសួរសុខទុក្ខអ្នកជាប់ឃុំនៅតំបន់ផ្សេងៗ ដោយសារតែបុព្វហេតុពួកគេប្រឆាំងនឹងរដ្ឋាភិបាល។ យោងតាមសមាគមជំនួយអ្នកទោសនយោបាយភូមា គឺមកដល់ពេលនេះអ្នកជាប់ឃុំកើនឡើង ៤២០០នាក់ និងពលរដ្ឋត្រូវបានសម្លាប់កើនឡើង ៨៤០នាក់។
ដោយមើលឃើញក្នុងស្ថានភាពបែបនេះ ប្រធានសមាគមអាស៊ានបានប្រកាសថាខ្លួនចាំបាច់ទៅកាន់ប្រទេសភូមាឱ្យទាន់ពេលវេលា។
ជំនួបរវាងប្រធានសមាគមអាស៊ាន និងឧត្តមសេនីយ៍មេរដ្ឋប្រហារ មីន អ៊ុងឡាំង ជាការបំបែកមន្ទិលសង្ស័យមួយដំណាក់កាលដែលថាសមាគមអាស៊ានមានចំណុចបែកបាក់គ្នា ហើយជាសមាគមដែលមិនមានឆន្ទៈដោះស្រាយវិបត្តិសមាជិកខ្លួនឯងនោះទេ។
តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងម៉ាឡេស៊ី បានចែករំលែកការព្រមានទៅពួកយោធាភូមាថា បើសមាគមអាស៊ានមិនអាចចូលធ្វើអន្តរាគមន៍វិបត្តិនៅភូមាបាននោះទេ គឺសមាគមនេះនឹងបញ្ជូនសំណុំរឿងរបស់ពួកយោធាទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬក៏ទៅសហរដ្ឋអាមេរិក ទៅសហភាពអឺរ៉ុប ឱ្យជួយអន្តរាគមន៍៕