ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ក្រសួងសុខាភិបាលកម្ពុជា គួរមានយន្តការត្រួតពិនិត្យលើការបើកប្រាក់បេសកកម្មដល់បុគ្គលិកសុខាភិបាលដែលកំពុងប្រតិបត្តិការទប់ស្កាត់ការឆ្លងវីរុស Covid-19 និងពិនិត្យគុណភាពម្ហូបអាហារសម្រាប់អ្នកជំងឺផងដែរ ចៀសវាងអំពើពុករលួយកើតមានក្នុងពេលអនុវត្ត។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី បានសរសេរលើគណនីហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៧ ខែមិថុនា ថា ក្នុងអំឡុងពេលដ៏លំបាកនេះ មានត្រីងៀតកំពុងតែឆ្លៀតពងយ៉ាងពេញទំហឹង ដោយសារមានបុគ្គលិកសុខាភិបាលខ្លះកំពុងតែព្យាយាមកេងប្រវ័ញ្ចធ្វើមានធ្វើបាននៅពេលដែលមនុស្សដទៃទៀតកំពុងរងទុក្ខដោយសារវិបត្តិសកលមួយនេះ។
លោកអះអាងថា នៅអង្គភាពខ្លះមានការគាបសង្កត់កើនឡើងដោយមានអ្នកតាមកាត់យកភាគរយពីអ្នកប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក ទោះអ្នកទាំងនោះបានលះបង់គ្រប់បែបយ៉ាងដើម្បីជួយព្យាបាលអ្នកជំងឺ Covid-19 គ្មានពេលសម្រាកក៏ដោយ។
ការអះអាងនេះ ធ្វើឡើងដើម្បីជំរុញឲ្យក្រសួងសុខាភិបាលកម្ពុជា តាមដាន និងស្រាវជ្រាវមន្ត្រីរបស់ខ្លួនដែលបានប្រព្រឹត្តល្មើសទៅនឹងវិធានការរដ្ឋបាលនានារបស់រដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ ធ្លាប់បានប្រាប់សារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា លោក ហ៊ុន សែន ព្យាយាមប្រើព្រឹត្តិការណ៍ Covid-19 ធ្វើជាជំនួញប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។
លោកអះអាងថា ក្នុងព្រឹត្តិការណ៍ឆ្លង Covid-19 ២០ កុម្ភៈ នេះ លោក ហ៊ុន ម៉ាណែត បានរៀបគម្រោងនាំចូលគ្រែអ្នកជំងឺរាប់ពាន់គ្រឿង បរិក្ខារពេទ្យរាប់រយមុខ និងថ្នាំពេទ្យថោកៗពីប្រទេសវៀតណាម ចិន និងថៃ ជាដើម ប៉ុន្តែបែរជាបង្កើនខ្ទង់ចំណាយកប់ពពក ទាញយកលុយពីរដ្ឋដាក់ចូលក្នុងក្រុមហ៊ុនរបស់ប្រពន្ធខ្លួនទៅវិញ។
លោក គឹម សុខ បញ្ជាក់ថា អ្នកធ្វើចត្តាឡីស័កនៅកោះពេជ្រ និងនៅមជ្ឈមណ្ឌលចត្តាឡីស័កព្រីមៀម សែន សុខ (Premium Sen Sok) មិនតិចជាង ៤ពាន់នាក់ទេដែលលោក ហ៊ុន ម៉ាណែត ធ្វើបញ្ជីចំណាយយកលុយពីរដ្ឋាភិបាលក្នុងពលរដ្ឋម្នាក់ ២០០ដុល្លារក្នុង ១ថ្ងៃដាក់ចូលក្នុងគណៈកម្មការរបស់ខ្លួន ជាលេសចំណាយជួយអ្នកធ្វើចត្តាឡីស័ក ប៉ុន្តែពលរដ្ឋដែលគេតម្រូវឲ្យធ្វើចត្តាឡីស័កទាំងនោះមិនទទួលបានសេវាថែទាំឲ្យសមនឹងការចំណាយរបស់រដ្ឋនោះទេ។
ជាងនេះទៀត លោកថានៅសណ្ឋាគារអតីត អ៊ីនធឺខន (InterContinental) ប្ដូរមកជាសណ្ឋាគារ ឌូក (Duke) និងនៅសណ្ឋាគារ សុខា ជាកន្លែងដែលគេដាក់អ្នកមានលុយ និងអ្នកចេញចូលបរទេសក្នុងយុទ្ធនាការធ្វើចត្តាឡីស័ក ក្នុងនោះមនុស្សមិនតិចជាង ៣០០នាក់ទេ ទាំងខ្មែរ និងបរទេសដែលត្រូវក្រុមរបស់លោក ហ៊ុន ម៉ាណែត ប្រមូលដាក់កន្លែងទាំងពីរនេះ ដោយតម្រូវឲ្យចេញចំណាយផ្ទាល់ខ្លួន ៤០០ដុល្លារក្នុងមួយថ្ងៃចូលទៅគណៈកម្មការរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រលោក ហ៊ុន ម៉ាណែត ធ្លាប់បានចេញមុខទាត់ចោលការចោទប្រកាន់របស់លោក គឹម សុខ។ ពួកគេអះអាងថា នៅតាមមណ្ឌលធ្វើចត្តាឡីស័កខ្លះមិនមានការយកលុយអ្វីនោះទេ ហើយមណ្ឌលមានការផ្តល់សេវាល្អ បន្ទប់ដេកមានម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ និងមានអាហារហូបចុកគ្រប់គ្រាន់ទៀត។
ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានអះអាងថា ខ្លួនបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៥៨៩នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន ៩៤៥នាក់ និងអ្នកស្លាប់ថ្មីមានចំនួន ៣នាក់ផងដែរ។
ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងជាង ៣ម៉ឺន ៤ពាន់នាក់ហើយ រីឯអ្នកជាសះស្បើយសរុបមានចំនួនជិត ៣ម៉ឺននាក់ ចំណែកអ្នកស្លាប់បានកើនឡើងដល់ ២៦៦នាក់ហើយនៅពេលនេះ៕