34 C
Phnom Penh

ស្ថានទូត​កម្ពុជា​រំឭក​ពលរដ្ឋ​ខ្មែរ​នៅ​វៀតណាម​ឱ្យ​ប្រុងប្រយ័ត្ន​ការ​ប្រែប្រួល​អាកាសធាតុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​វៀតណាម បាន​ក្រើន​រំឭក​ដល់​និស្សិត សិក្ខាកាម​យោធា នគរបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​សិក្សា និង​ស្នាក់នៅ​ក្នុង​ប្រទេស​វៀតណាម ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​អំឡុង​ខែ​មិថុនា ដល់​ខែ​វិច្ឆិកា ខាងមុខ​នេះ​នៅ​ប្រទេស​វៀតណាម។

ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​វៀតណាម បាន​ជូនដំណឹង​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​រៀបរាប់​តាម​កាសែត Vietnam News ដែល​បាន​ដកស្រង់​ការ​លើកឡើង​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧតុនិយម និង​ជលសាស្ត្រ​នៃ​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​វៀតណាម ថា​អំឡុង​ខែ​មិថុនា និង​កក្កដា កម្តៅ​ក្តៅ​ខ្លាំង​អាច​នឹង​គ្រប​ដណ្តប់​ភាព​ខាងជើង រីឯ​ភាគ​កណ្តាល​នឹង​មាន​កម្តៅ​ពី​ខែ​មិថុនា ដល់​ខែ​សីហា ហើយ​តំបន់​ខ្លះ​អាច​ក្តៅ​ដល់ ៤១ ឬ ៤២​អង្សា​សេ។

ការ​ជូនដំណឹង​នោះ​បាន​បញ្ជាក់​ឲ្យ​និស្សិត សិក្ខាកាម​យោធា នគរបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​វៀតណាម បង្កើន​ការប្រុងប្រយ័ត្ន​ទៀត​ថា ឆ្នាំ​នេះ​មាន​ព្យុះ​ប្រមាណ​១២ ទៅ ១៤ នឹង​កើត​មាន​នៅ​សមុទ្រ​ខាងកើត ក្នុង​នោះ​ព្យុះ​ប្រមាណ​ពី ៥ ទៅ ៧ នឹង​បោកបក់​មក​ដី​គោក​នៃ​ប្រទេស​វៀតណាម។ ប្រភព​ដដែល​បញ្ជាក់​ថា ពេល​បច្ចុប្បន្ន​នេះ វៀតណាម មាន​សមត្ថភាព​ព្យាករណ៍​ដឹង​មុន ៥​ថ្ងៃ​នៃ​ការ​មក​ដល់​ព្យុះ និង​ដឹង​មុន ៣​ថ្ងៃ​នៃ​ការ​មក​ដល់​នៃ​សម្ពាធ​ត្រូពិច និង​អាច​ដឹង​មុន ២​ថ្ងៃ ឬ ៣​ថ្ងៃ​នៃ​ថ្ងៃ​ដែល​មាន​ភ្លៀង​ខ្លាំង​ក្នុង​កម្រិត​សុក្រឹត​ច្រើនជាង ៧៥​ភាគរយ។

ក្រៅពី​ការ​ក្រើន​រំឭក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​វៀតណាម មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​ក៏​បាន​ឲ្យ​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ ដើម្បី​ចៀសវាង​ការ​ឆ្លង​វីរុស Covid-19 ទៅ​ដល់​សហគមន៍​ដែល​ខ្លួន​កំពុង​រស់នៅ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស