28.7 C
Phnom Penh

តើ​សមាគម​អាស៊ាន​ប្រកាន់​ជំហរ​បែប​ណា បើ​សមាជិក​អាច​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​ចិន​ធ្វើ​ឱ្យ​អាមេរិក​ផ្ទុះ​កំហឹង?

បទវិភាគ

ក្នុងរយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​មាន​សកម្មភាព​ជា​ខ្លាំង ជាពិសេស​លើ​វិស័យ​សន្តិសុខ ដោយ​អាមេរិក​តែងតែ​ស្នើសុំ​សមាគម​អាស៊ាន​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​ជាមួយ​នឹង​កងទ័ព​អាមេរិក។ តែ​ជាមួយ​គ្នា​នេះ មហា​យក្ស​ចិន​ក៏​ត្រូវ​បាន​មើលឃើញ​ថា​បាន​បង្កើន​សកម្មភាព​យោធា និង​ឥទ្ធិពល​មក​លើ​សមាគម​នេះ​យ៉ាង​ខ្លាំង​ផង​ដែរ។

មហា​អំណាច​ពីរ​នេះ​កំពុង​ប្រជែង​គ្នា​ជា​ខ្លាំង​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ាន។ ចិន​វាយលុក​ទាំង​សេដ្ឋកិច្ច និង​វិស័យ​យោធា។ ចំណែក​អាមេរិក​វាយលុក​ខ្លាំង​លើ​កិច្ចការ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​យោធា។

គោលនយោបាយ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់​បក្ស​កុម្មុយនិស្ត​ចិន ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​អន្ទាក់​បំណុល គឺ​ប្រទេស​ចិន​កំពុង​ប្រើប្រាស់​ជា​ផែនការ​មួយ​ទាញ​ប្រទេស​ក្រីក្រ​ស្រេកឃ្លាន​ប្រាក់​កម្ចី​ពី​ចិន ចូល​ក្នុង​ល្បែង​ភូមិសាស្ត្រ​នយោបាយ​ពង្រីក​មាឌ​របស់​ចិន។

ចិន​ពង្រីក​មាឌ​របស់​ខ្លួន​តាមរយៈ​ការប្រាក់​កម្ចី​ពាន់​លាន​ដុល្លារ ជាមួយ​នឹង​ការ​ទាញ​បាន​មក​វិញ​នូវ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​នោះ ហើយ​បើ​ពុំនោះទេ ត្រូវ​បាន​ចិន​បង្ខំ​ឱ្យ​សង​ប្រាក់​កម្ចី ហើយ​បើ​សង​មិនទាន់​ពេលវេលា គឺ​ត្រូវ​ទទួល​យក​ផែនការ​មួយ​របស់​ចិន គឺ​ការស្ថាបនា​មូលដ្ឋាន​កងទ័ព​សម្រាប់​កងទ័ព​ចិន។

ករណី​នេះ​មាន​រួច​ហើយ​នៅ​ប្រទេស​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក គឺ​ប្រទេស Djibouti។ ប្រទេស​នេះ​បាន​កំពុង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​ចិន​ពាន់​លាន​ដុល្លារ។ នៅ​អាស៊ី​ខាងត្បូង គឺ​ប្រទេស​ស្រីលង្កា ត្រូវ​ចិន​រឹបអូស​សំណង់​កំពង់ផែ​សមុទ្រ​របស់​ប្រទេស ព្រោះតែ​បង្វិល​ប្រាក់​សង​ចិន​មិន​រួច។ ចំណែក​នៅ​អាស៊ី​អាគ្នេយ៍​ពុំ​ទាន់​ដល់​កម្រិត​ធ្ងន់ធ្ងរ​ដូចនេះ​ទេ ប៉ុន្តែ​ក៏​កំពុង​ធ្លាក់​ក្នុង​បំណុល​ចិន​ធ្ងន់ធ្ងរ​ទៅ​ហើយ។ ប្រទេស​ទាំងនោះ​គេ​អាច​រាប់​បាន​ដូចជា​ប្រទេស​ភូមា ឡាវ កម្ពុជា និង​ហ្វីលីពីន។

ក្នុង​ប្រទេស​៤ នេះ គឺ​កម្ពុជា ត្រូវ​បាន​សហរដ្ឋ​អាមេរិក បារម្ភ​ខ្លាំង​ជាងគេ។ ព្រោះតែ​បារម្ភ​នេះ​ហើយ ដែល​សហរដ្ឋ​អាមេរិក​ទាំង​ក្នុង​រដ្ឋការ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ និង​មកដល់​រដ្ឋការ​លោក ចូ បៃដិន គឺ​ក្រុង​វ៉ាស៊ីនតោន​នៅតែ​បារម្ភ​ពី​ការ​ផុង​ខ្លួន​លង់​ក្នុង​បំណុល​របស់​ចិន ហើយ​អនុញ្ញាត​ឱ្យ​ចិន​បង្កើត​មូលដ្ឋាន​កងទ័ព​លើ​ទឹកដី​នៃ​រាជាណាចក្រ​មួយ​នេះ​ជា​ការ​ទូទាត់​បំណុល។

ប៉ុន្តែ​កម្ពុជា សច្ចា​ថា​នឹង​គ្មាន​វត្តមាន​ទ័ព​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ។ យ៉ាងណា អាមេរិក​ប្រហែល​នៅតែ​មិន​ទុកចិត្ត​ការ​អះអាង​របស់​កម្ពុជា ហើយ​ក៏​បញ្ជូន​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​មក​កម្ពុជា ដើម្បី​សាកសួរ​ផ្ទាល់​ពី​មេដឹកនាំ​កម្ពុជា។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា សេតវិមាន​បាន​បញ្ជូន​អ្នកស្រី វ៉េនឌី ស៊ែរមែន អនុរដ្ឋមន្ត្រី​ការបរទេស​ឱ្យ​មក​កម្ពុជា ដោយ​អ្នកស្រី​បាន​ជួប​នាយករដ្ឋមន្ត្រី​កម្ពុជា ហើយ​ផ្ដើម​សង្ស័យ​ថា តើ​មូលដ្ឋានទ័ព​រាម​នៅ​ខេត្ត​ព្រះសីហនុ អនាគត​នឹង​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​របស់​ចិន​ដែរ​ឬ​ទេ។

សម្រាប់​អាមេរិក បាន​សង្កត់​ធ្ងន់​ដោយ​ទទូច​ឱ្យ​កម្ពុជា​ប្រកាន់​ឱ្យ​បាន​នូវ​គោលការណ៍​ឯករាជ្យ និង​មិន​លម្អៀង​ឥទ្ធិពល​នយោបាយ​ទៅលើ​ប្រទេស​ចិន។ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក រូប​នេះ​បាន​សម្ដែង​កង្វល់​ថា សកម្មភាព​យោធា​របស់​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កម្ពុជា ហើយ​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់ និង​ប៉ះពាល់​អវិជ្ជមាន​នៃ​ទំនាក់ទំនង​កម្ពុជា-អាមេរិក។ អ្នកស្រី​នៅតែ​ទទូច​ឱ្យ​កម្ពុជា​ប្រកាន់​ឱ្យ​បាន​នូវ​គោលនយោបាយ​ការបរទេស​ដោយ​ឈ​រលើ​គោលការណ៍​ឯករាជ្យ។

តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ គឺ​បន្ទាប់ពី​អ្នកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ស្រាប់តែ​ប្រទេស​ចិន​បាន​ចេញ​មុខ​ភ្លាមៗ​ការពារ​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​នឹង​កម្ពុជា។

តាមរយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន វ៉ាង វិនប៊ីន គឺ​ប្រទេស​ចិន​និង​កម្ពុជា​នៅ​ពេលនេះ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ជា​យូរលង់​ណាស់​មក​ហើយ ដែល​អ្នក​នាំ​ពាក្យ​រូប​នេះ​ចាត់ទុក​ថា​ជា​ចំណង​មិត្តភាព​ប្រពៃណី និង​ជា​ដៃគូ​យុទ្ធសាស្ត្រ។ បើ​តាម​អ្នក​នាំ​ពាក្យ​ប្រទេស​ចិន​រូប​នេះ គឺ​ភាគី​ទាំង​ពីរ​កម្ពុជា-ចិន បាន​បន្ត​សហប្រតិបត្តិការ​ទ្វេភាគី​នេះ​ប្រកប​ដោយ​សមិទ្ធផល​ជាច្រើន​ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​ជាក់ស្ដែង​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដោយ​បាន​ចូលរួម​ចំណែក​កសាង​សន្តិភាព និង​ស្ថិរភាព​តំបន់។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សម្រាប់​រដ្ឋាភិបាល​ចិន​រូប​នេះ​មិន​បាន​លើកឡើង​ចំៗ​ចំពោះ​អាមេរិក​ដែល​សង្ស័យ​ថា មូលដ្ឋាន​ទ័ព​រាម​នៅ​ខេត្ត​ព្រះសីហនុ អាច​នឹង​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​របស់​ប្រទេស​ចិន​នោះ​ទេ។ តែ​យ៉ាងណា សម្រាប់​ភាគី​កម្ពុជា​ក៏​បាន​ច្រានចោល​ដាច់ណាត់​ទាំងស្រុង។

កម្ពុជា​បញ្ជាក់​ថា ការស្ថាបនា​មូលដ្ឋាន​ទ័ព​រាម​ឡើងវិញ​នេះ ទោះបីជា​ជំនួយ​របស់​ចិន​រាប់​រយ​លាន​ដុល្លារ​ក៏ដោយ ក៏​ពុំ​អាច​មាន​វត្តមាន​កងទ័ព​ចិន​នៅ​ទីនោះ​ដែរ ហើយ​ថា​កម្ពុជា​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​អព្យាក្រឹត្យ គឺ​មិន​ទទួល​យក​កងទ័ព​បរទេស​ណាមួយ​នៅ​លើ​ទឹកដី​កម្ពុ​ជា​ដាច់ខាត ព្រោះ​វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

សម្រាប់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បាន​ថ្លែង​ថា កម្ពុជា​ត្រូវការ​អភិវឌ្ឍ​មូលដ្ឋាន​ទ័ព​រាម​ឱ្យ​ក្លាយ​ជា​ទីតាំង​មួយ​ទំនើប និង​មាន​វិសាលភាព​ធំ រួម​មាន​ផែ​សម្រាប់​នាវា​ធំៗ​ចុះ​ចត​បាន​ក្នុង​ទឹក​ជ្រៅ មាន​រោង​ជាង​ធំ​ទូលាយ​សម្រាប់​ជួសជុល​នាវា។ លោក​ថា ការងារ​ទាំងនេះ​គឺ​កម្ពុជា​ត្រូវការ​ថវិកា​ច្រើន​រាប់​រយ​លាន​ដុល្លារ​ដើម្បី​ស្ថាបនា និង​ជួសជុល​តំបន់​នោះ។

បើ​តាម​លោក ទៀ បាញ់ ចិន​ជួយ​កម្ពុជា​ឥត​មាន​សំណង​អ្វី​នោះ​ទេ។ លោក ទៀ បាញ់ បាន​បដិសេធ​ដាច់ខាត​ថា មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​រាម​នោះ​ថា​ដើម្បី​ផ្ដល់​ឱ្យ​ចិន​ធ្វើ​ជា​មូលដ្ឋាន​ទ័ព​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ គឺ​ពុំ​ពិត​ឡើយ។

តែ​លោក​នៅតែ​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ច្បាស់​ណាស់​ថា ព្រះរាជាណាចក្រ​កម្ពុជា​រក្សា​សិទ្ធិ​ក្នុង​ការ​ទទួល​យក​ជំនួយ​បរទេស គឺ​ដូចជា​អាវុធ គ្រាប់រំសេវ ការហាត់​ហ្វឹកហ្វឺន និង​បញ្ហា​ផ្សេងៗ​ទៀត គឺ​ដើម្បី​ការពារ​មាតុភូមិ​សណ្ដាប់ធ្នាប់​របស់​ប្រទេស​តែប៉ុណ្ណោះ។ ប្រសាសន៍​របស់​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ បាន​បញ្ជាក់​ដូចនេះ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​ជា​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

បើ​តាម​លោក ទៀ បាញ់ គឺ​កម្ពុជា​គ្មាន​កំហុស​ទេ តែ​បើ​មាន​គឺ​កំហុស​ត្រង់​គេ​ថា​វា​ស្ថិត​ក្នុង​ភូមិសាស្ត្រ​នយោបាយ​ប៉ុណ្ណោះ។

បែប​ណា​ក៏ដោយ លោក ទៀ បាញ់ នៅតែ​អះអាង​ថា នៅ​ថ្ងៃ​ណាមួយ​នឹង​អនុញ្ញាត​ឱ្យ​សេនានុព័ន្ធ​យោធា​អាមេរិក​ទៅ​ពិនិត្យ​ជាក់ស្ដែង​ដល់​ទីតាំង​នោះ។ តែ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អ្នកស្រី Wendy Sherman បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម គឺ​អាច​អនុញ្ញាត​ឱ្យ​យោធា​ចិន មាន​វត្តមាន​នៅ​កម្ពុជា។

អ្នកស្រី វ៉ែនឌី បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ត្រូវ​បាន​មើលឃើញ​ថា​ដើម្បី​ស្វែងយល់​អំពី​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា។

កាលពី​ឆ្នាំ​២០១៩ សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ថា អាមេរិក​ទទួល​បាន​ព័ត៌មាន​ច្បាស់ការណ៍​ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ប្រទេស​ចិន ក្នុង​ការ​បើក​ឱ្យ​មាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា គឺ​នៅ​ពេល​នោះ កម្ពុជា​បញ្ជាក់​ច្បាស់​ដោយ​ប្ដេជ្ញា​ចិត្ត​ម៉ឺងម៉ាត់​ថា រដ្ឋាភិបាល​កម្ពុជា​នៅតែ​រក្សា និង​ការពារ​ឯករាជភាព​អព្យាក្រឹត្យ​របស់​ខ្លួន​ទាំង​គោលនយោបាយ​ផ្ទៃក្នុង​ប្រទេស និង​កិច្ចការ​បរទេស។

នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​​ក្រសួង​ការបរទេស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ក្រោយ​ពេល​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​មក​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ។

ទំនង​មិនមែន​មាន​តែ​អាមេរិក​នោះ​ទេ​ព្រួយបារម្ភ​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​ក្នុង​ពេល​អនាគត គឺ​ប្រទេស​វៀតណាម ដែល​ធ្លាប់​បន្តុប​លោក ហ៊ុន សែន ឲ្យ​ឡើង​កាន់​អំណាច​មកទល់​សព្វថ្ងៃ​នេះ ក៏​សម្ដែង​ការ​ព្រួយបារម្ភ​ដែរ។ វៀតណាម និង​ចិន គឺជា​សត្រូវ​ប្រវត្តិសាស្ត្រ​នឹង​គ្នា។ នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ឆ្នាំ​២០១៩ ក៏​ធ្លាប់​បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ូហ្វុក ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ហាម​ដាច់ខាត​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​កងទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ។ នាយករដ្ឋមន្ត្រី​កម្ពុជា​ថ្លែង​ដូចនេះ គឺ​ធ្វើឡើង​ដោយសារតែ​មាន​ការ​លើកឡើង​របស់​មេដឹកនាំ​វៀតណាម។

ប៉ុន្តែ​មាន​សារ​មួយ​បាន​លើកឡើង​ថា វៀតណាម​លើកឡើង​ដូចនេះ​ក៏​ព្រោះតែ​វៀតណាម និង​ចិន នៅតែ​មាន​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​វៀតណាម​តែងតែ​ភ័យខ្លាច​ចិន​ពង្រីក​សក្ដានុពល​កងទ័ព​នៅ​ក្នុង​តំបន់។

វៀតណាម​ត្បិត​ត្រូវ​បាន​មើលឃើញ​ថា​មាន​ឥទ្ធិពល​លើ​កម្ពុជា​ក៏ដោយ តែ​វៀតណាម​នៅតែ​បារម្ភ​អំពី​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា។ វៀតណាម​ត្បិត​ត្រូវ​បាន​មើលឃើញ​ថា​ជា​អ្នក​មាន​គុណ​លើ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា ក៏​ពិតមែន តែ​ចុងក្រោយ​នេះ​វៀតណាម​កំពុងតែ​តាមដាន​កម្ពុជា​យ៉ាង​យក​ចិត្ត​ទុកដាក់ ដោយ​វៀតណាម​បារម្ភ​ពី​ការ​បាត់បង់​ឥទ្ធិពល​របស់​ខ្លួន​លើ​ទឹកដី​កម្ពុជា​ដោយ​ជំនួស​មក​វិញ​ដោយ​ឥទ្ធិពល​ចិន។

មិន​ថា​តែ​ប្រទេស​វៀតណាម​ទេ​ដែល​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​វត្តមាន​របស់​កងទ័ព​ចិន ដែល​សង្ស័យ​ថា​អនាគត​មាន​នៅ​លើ​ទឹកដី​កម្ពុជា សូម្បី​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន​ក៏​ធ្លាប់​បង្ហាញ​ការ​ព្រួយបារម្ភ​ផង​ដែរ គឺ​ក្នុង​នោះ​មាន​ប្រទេស​សិង្ហបុរី និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម។

តាម​គោលការណ៍​អាស៊ាន គឺ​មិន​អាច​ជ្រៀតជ្រែក​ផ្ទៃក្នុង​ប្រទេស​ណាមួយ​នោះ​ទេ។ តែ​សមាគម​នេះ​អាច​ស្វែងរក​សេចក្ដី​សម្រេច​ក្នុង​សំឡេង​ភាគច្រើន គឺ​អាច​ព្យួរ ឬ​ដកហូត​សមាជិកភាព​របស់​ប្រទេស​នោះ បើ​ប្រទេស​នោះ​ប្រព្រឹត្ត​ផ្ទុយ ឬ​រំលោភ​ធ្ងន់ធ្ងរ​ធម្មនុញ្ញ​អាស៊ាន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស