29 C
Phnom Penh

អ្នក​តស៊ូ​មតិ​ថា​កម្ពុជា​គួរ​បន្ធូរ​ស្ថានការណ៍​នយោបាយ​ដើម្បី​បញ្ចៀស​វិបត្តិ​ការទូត​ជាមួយ​សហគមន៍​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គួរ​បន្ធូរ​ស្ថានការណ៍​នយោបាយ​ដើម្បី​បញ្ចៀស​វិបត្តិ​ការទូត​ដែល​ប្រឈម​នឹង​សហគមន៍​អន្តរជាតិ ហើយ​អាច​ទាញ​ទម្លាក់​កម្ពុជា​ទៅ​ក្នុង​វិបត្តិ​យ៉ាង​ជ្រៅ​ពិបាក​ស្ដារ​ឡើងវិញ ទាំង​អសន្តិសុខ និង​សេដ្ឋកិច្ច​ជាតិ​នា​ពេល​អនាគត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​កង្វល់​អំពី​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​មួយ​ចំនួន​ដាក់​ពន្ធនាគារ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា នា​ពេល​កន្លង​មក។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ថា ចរន្ត​របស់​សហគមន៍​អន្តរជាតិ សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប ជាដើម ទំនង​ជា​នឹង​ប្រឹង​ជំរុញ​ឲ្យ​មាន​ការ​វិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា នៅ​ចុង​ឆ្នាំ​២០២១ នេះ។

លោក​អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​ឧបការី​សហរដ្ឋ​អាមេរិក អ្នកស្រី វីនឌី ហ្សឺមែន កាលពី​ពេល​ថ្មីៗ​នេះ​ទៅកាន់​ប្រទេស​កម្ពុជា ក្នុង​ការ​ជួប​ជាមួយ​លោក ហ៊ុន សែន ដើម្បី​បញ្ជាក់​ជំហរ​របស់​សហរដ្ឋ​អាមេរិក ទំនង​ជា​លក្ខខណ្ឌ​ច្បាស់លាស់​ចុងក្រោយ​របស់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ហើយ។

លោក គឹម សុខ បញ្ជាក់​ថា អ្វីៗ​នៅសល់​តែ​ជា​យន្តការ​ដែល​ត្រូវ​អនុវត្ត​រវាង​ប្រមុខ​ការទូត​អាមេរិក លោក Patrick Murphy និង​អាជ្ញាធរ​របស់​លោក ហ៊ុន សែន ដែល​មាន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជា​សេនាធិការ​សំខាន់ ដើម្បី​បន្ត​ការ​សម្រួល​ស្ថានការណ៍​កម្ពុជា​តែប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា ការ​ប្រែប្រួល​នៅ​កម្ពុជា​បែប​ណា ក៏​ត្រូវ​រង់ចាំ​មើល​ថា តើ​ភាគី​ចិន នឹង​បន្ត​ជួយ​ក្រុម​លោក ហ៊ុន សែន កម្រិត​ណា​បន្ត​ទៀត​ផង​ដែរ។

លោក​ថា បើ​រដ្ឋាភិបាល​ចិន នៅតែ​ត្រូវការ​ប្រើប្រាស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​គន្លឹះ​ចាំបាច់​ក្នុង​វេទិកា​អន្តរជាតិ​ឆ្នាំ​២០២២ ពេល​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន នោះ​ស្ថានភាព​នយោបាយ​កម្ពុជា នឹង​វិវឌ្ឍ​ជា​វិជ្ជមាន​ក្នុង​កម្រិត​ទាប ព្រោះ​ថា​លោក ហ៊ុន សែន នៅតែ​សង្ឃឹម​ខ្នង​ចិន​ដើម្បី​ការពារ​អំណាច​គាត់​ដដែល។

កាលពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២១ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​បាន​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​ដែល​រក្សា​ឱ្យ​កម្ពុជា និង​សហរដ្ឋ​អាមេរិក មាន​សុវត្ថិភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជាពិសេស​កិច្ច​គាំពារ​កុមារ និង​ការ​អនុវត្ត​តាម​សេចក្ដី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ ផង​ដែរ។

ក្នុង​ជំនួប​នេះ លោក W. Patrick Murphy បាន​បង្ហាញ​នូវ​កង្វល់​ជា​ខ្លាំង​ទៅកាន់​លោក ស ខេង អំពី​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​មួយ​ចំនួន​ដាក់​ពន្ធនាគារ ដែល​អាជ្ញាធរ​កម្ពុជា បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លើ​ពួកគេ​កន្លង​មក។

លោក​ថា ការ​ហ៊ាន​និយាយ​ដើម្បី​ការពារ​បរិស្ថាន​ដែល​ប្រឈម​នឹង​ការ​គំរាមកំហែង ដោយសារ​ការ​កាប់​ឈើ​ខុសច្បាប់ និង​កេង​យក​ប្រយោជន៍​ពាណិជ្ជកម្ម​របស់​ជាតិ គឺជា​រឿង​គួរ​ឱ្យ​សរសើរ​ទៅវិញ​ទេ មិន​គួរ​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​បែប​នោះ​ឡើយ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង និង​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ​ដែល​ជា​សិទ្ធិ​មូលដ្ឋាន ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ព្រោះ​ថា​ការ​គោរព​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន អាច​ជួយ​ធានា​នូវ​អនាគត​មួយ​ដែល​ប្រកប​ដោយ​សុខ​សន្តិភាព វិបុលភាព មាន​អធិបតេយ្យ និង​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា នា​ពេល​អនាគត។

កាលពី​ចុង​ឆ្នាំ​២០២០ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ជាបន្តបន្ទាប់ ដោយ​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ក្នុង​នោះ​រួម​មាន ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ និង​សកម្មជន​បរិស្ថាន​ជាច្រើន​នាក់​ផ្សេង​ទៀត ដែល​ពួកគេ​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស រហូតដល់​សព្វថ្ងៃ​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី​កន្លង​មក គឺ​ខុស​នឹង​នីតិវិធី​ច្បាប់ ខុស​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​មាន​ចរិត​ជា​នយោបាយ​យ៉ាង​ច្បាស់​ក្រឡែត ព្រោះ​ថា​ការ​ចាប់​ខ្លួន​អ្នក​ទាំងនោះ គឺ​ធ្វើឡើង​ក្នុង​ចេតនា​បំបិទ​សំឡេង​ប្រឆាំង និង​បំបាត់​ការរិះគន់​លើ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស