38.8 C
Phnom Penh

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ចាក់​វ៉ាក់សាំង​តាម​ទីប្រជុំជន​ឲ្យ​បាន​លឿន​បំផុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅ​កាត់​ថា GDP ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់​ផែនការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ទៅតាម​ទីប្រជុំជន តាម​បណ្តា​ខេត្ត រោងចក្រ និង​តំបន់​ទេសចរណ៍​នានា​ឲ្យ​បាន​លឿន ក្រោយ​ការ​ចាក់​វ៉ាក់សាំង​បង្កើត​ភាព​ស៊ាំ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ជោគជ័យ។

ការ​អះអាង​នេះ ធ្វើឡើង​ស្របពេល​ដែល​វ៉ាក់សាំង​ចំនួន ១​លាន​ដូស​បាន​ទៅដល់​កម្ពុជា នៅ​ថ្ងៃ​នេះ​ដែល​ជា​ជំនួយ​ចិន ផង និង​ជា​កា​បញ្ជា​ទិញ​របស់​រដ្ឋាភិបាល​កម្ពុជា​ផង ដើម្បី​ទប់ស្កាត់​ចម្លង​វីរុស Covid-19 ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ថា លោក​អបអរ​សាទរ​ដែល​កម្ពុជា ទទួល​បាន​វ៉ាក់សាំង​ជាបន្តបន្ទាប់​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​កម្ពុជា ដែល​ជា​មធ្យោបាយ​ដ៏​ចម្បង​មួយ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នៅ​ពេលនេះ។

លោក​អះអាង​ថា ស្របពេល​ដែល​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ជាបន្តបន្ទាប់ រដ្ឋាភិបាល​គួរតែ​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រើ​វ៉ាក់សាំង​ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ផង និង​ដើម្បី​បង្កើន​សេដ្ឋកិច្ច​ពលរដ្ឋ​ផង​ដែរ ព្រោះ​ថា​មុខរបរ​អាជីវកម្ម រោងចក្រ សហគ្រាស​មួយ​ចំនួន​ស្ទើរតែ​មិន​អាច​ទ្រទ្រង់​បាន​ទៅ​ហើយ ខណៈ​អាជីវកម្ម​ខ្លះ​ទៀត​បាន​សម្រេច​បិទ​ទ្វារ​បណ្តើរៗ​ផង​ដែរ​នោះ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ការ​ស្រោច​ថ្នាំបង្ការ​ជំងឺ Covid-19 តាម​ទីប្រជុំជន​នានា ទៅ​តាម​បណ្តា​ខេត្ត ដូចជា​តាម​ទីផ្សារ​លក់ដូរ​តូច​ធំ តាម​រោងចក្រ និង​តាម​តំបន់​ទេសចរណ៍​ធំៗ ដូចជា​តំបន់​អង្គរ​ជាដើម សុទ្ធតែ​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព​វ៉ាក់សាំង​កាន់តែ​លឿន និង​អាច​ស្ដារ​សេដ្ឋកិច្ច​ក្នុង​ស្រុក​បាន​កាន់តែ​ឆាប់​ថែមទៀត។

ជុំវិញ​បញ្ហា​នេះ ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាច្រើន​នៅ​កម្ពុជា ជាពិសេស​នៅ​ខេត្ត​សៀមរាប កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា មគ្គុទ្ទេសក៍​ទេសចរណ៍ គឺជា​តួអង្គ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប តែ​មក​ទល់​នឹង​ពេលនេះ ពួកគេ​មិនទាន់​បាន​ទទួល​វ៉ាក់សាំង​ប្រឆាំង​ជំងឺ Covid-19 នៅឡើយ​ទេ។

បញ្ហា​នេះ ពួកគេ​រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដល់​អ្នក​ប្រឈម​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ទេសចរ ដើម្បី​ត្រៀម​ខ្លួន​ទទួល​ទេសចរ​បរទេស​នៅ​ត្រីមាស​ទី​៤ ចុង​ឆ្នាំ​២០២១ នេះ។

នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២១ នេះ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី យក់ សម្បត្តិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិនតុង ថា កម្ពុជា បាន​ទទួល​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ចំនួន ១​លាន​ដូស​បន្ថែម​ទៀត​ពី​ប្រទេស​ចិន ក្នុង​នោះ ៥០​ម៉ឺន​ដូស គឺជា​ជំនួយ​រដ្ឋាភិបាល​ចិន ផង​ដែរ។

បន្ថែម​ពី​នេះ អ្នកស្រី យក់ សម្បត្តិ បញ្ជាក់​ថា បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ខាងមុខ​នេះ កម្ពុជា នឹង​ទទួល​បាន​វ៉ាក់សាំង ១​លាន​ដូស​ទៀត​ពី​ក្រុមហ៊ុន ស៊ីណូហ្វាម និង​ថ្ងៃ​ទី​១៩ ខែ​មិថុនា នឹង​ទទួល​បាន ១​លាន​ដូស​ទៀត​ពី​ក្រុមហ៊ុន ស៊ីណូវ៉ាក់ ដែល​រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ទាំងពីរ​នេះ​នា​ពេល​កន្លង​មក។

គិត​ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ រហូត​មកដល់​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២១ កម្ពុជា ទទួល​បាន​វ៉ាក់សាំង​បាន​ជាង ៧​លាន​ដូស​ហើយ ក្នុង​នោះ​រួម​មាន​វ៉ាក់សាំង​ស៊ីណូហ្វាម ដែល​ជា​ជំនួយ​ចិន មាន​ចំនួន ២​លាន ២​សែន​ដូស។

វ៉ាក់សាំង​ស៊ីណូវ៉ាក់ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ទិញ​ពី​ចិន មាន​ចំនួន ៤​លាន ៥០​ម៉ឺន​ដូស និង​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា ជា​ជំនួយ​មជ្ឈមណ្ឌល​កូវ៉ាក់ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក មាន​ចំនួន​ជាង ៣២​ម៉ឺន​ដូស​ផង​ដែរ។

របាយការណ៍​ក្រសួង​សុខាភិបាល បាន​អះអាង​ថា គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា ចំនួន​ជាង ២​លាន ៧​សែន​នាក់​ហើយ​ដែល​បាន​ទទួល​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 រួចរាល់។

កាលពី​ចុង​ឆ្នាំ​២០២០ ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា ត្រូវការ​វ៉ាក់សាំង​ជាង ២០​លាន​ដូស​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជាង ១០​លាន​នាក់ ដើម្បី​បង្កើត​ភាព​ស៊ាំ​ប្រឆាំង​វីរុស Covid-19។

យ៉ាងណាក៏ដោយ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២១ បាន​អះអាង​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស Covid-19 ថ្មី​ចំនួន ៦៧៨​នាក់ ខណៈ​អ្នក​ជាសះស្បើយ​ថ្មី​មាន​ចំនួន ៥៥៧​នាក់ និង​មាន​អ្នក​ស្លាប់​ថ្មី ១២​នាក់​ផង​ដែរ។

ក្រសួង​បញ្ជាក់​ថា អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៣​ម៉ឺន ៥​ពាន់​នាក់​ហើយ រីឯ​អ្នក​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ២​ម៉ឺន ៨​ពាន់​នាក់​ផង​ដែរ ចំណែក​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ២៧៨​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស